YouVersion logo
Dugme za pretraživanje

ម៉ាកុស 16

16
ព្រឹកនៃការរស់ឡើងវិញ
1នៅពេល​ថ្ងៃសប្ប័ទ​កន្លងផុត​ហើយ ម៉ារា​អ្នកម៉ាក់ដាឡា ម៉ារា​ម្ដាយ#16:1 ម្ដាយ―ជាពាក្យជំនួយ​របស់​យ៉ាកុប និង​សាឡូមេ​បាន​ទិញ​គ្រឿងក្រអូប ដើម្បី​ទៅ​លាប​ព្រះសពព្រះយេស៊ូវ​។ 2ព្រលឹមឡើង នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍#16:2, 9 ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍―គឺ “ថ្ងៃអាទិត្យ”។ ពួកនាង​មកដល់​រូងផ្នូរ​នៅពេល​ថ្ងៃរះ​។ 3ពួកនាង​និយាយ​គ្នា​ថា៖ “តើ​នរណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​រូងផ្នូរ​ឲ្យ​ពួកយើង​?” 4ដ្បិត​ថ្មនោះ​ធំ​សម្បើម​ណាស់​។ ប៉ុន្តែ​នៅពេល​ងើបភ្នែកមើល ពួកនាង​ក៏​ឃើញ​ថា ថ្ម​នោះ​ត្រូវបាន​ប្រមៀលចេញ​ហើយ​។ 5ស្ត្រីទាំងនោះ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​បុរសវ័យក្មេង​ម្នាក់#16:5 បុរសវ័យក្មេងម្នាក់​―ក្នុង 《ម៉ាថាយ》 28:2 មានសរសេរថា បុរសវ័យក្មេងនេះជាទូតសួគ៌។​ដែល​ពាក់​អាវវែង​ពណ៌ស​អង្គុយ​នៅ​ខាងស្ដាំ ពួកនាង​ក៏​ភ័យស្លុត​យ៉ាងខ្លាំង​។
6ប៉ុន្តែ​បុរសនោះ​និយាយ​នឹង​ពួកនាង​ថា​៖ “កុំ​ភ័យស្លុត​ឡើយ​! ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដែល​ត្រូវគេ​ឆ្កាង​។ ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ​។ មើល៍! នេះហើយជា​កន្លែង​ដែល​គេ​ដាក់​ព្រះអង្គ​។ 7ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ ព្រមទាំង​ពេត្រុស​ថា​: ‘ព្រះអង្គ​នឹង​យាង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ឃើញ​ព្រះអង្គ​នៅ​ទីនោះ ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​អ្នករាល់គ្នា​រួចមកហើយ’”។
8ពួកនាង​ក៏​ចេញ​ពី​រូងផ្នូរ​មក#16:8 ឯកសារបុរាណខ្លះបន្ថែម “ភ្លាម”។ ហើយ​រត់គេច​ទៅ ពីព្រោះ​ពួកនាង​ញ័ររន្ធត់​ទាំង​ភ័យស្លុត​។ ពួកនាង​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណាឡើយ ពីព្រោះ​ពួកនាង​ភ័យខ្លាច​យ៉ាងខ្លាំង​។
ការលេចមករបស់ព្រះអម្ចាស់
9នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ក្រោយពី​ព្រះយេស៊ូវ​មានព្រះ​ជន្ម​រស់ឡើងវិញ ព្រះអង្គ​បាន​លេចមក​មុនដំបូង​ដល់​ម៉ារា​អ្នកម៉ាក់ដាឡា​ដែល​ព្រះអង្គ​ធ្លាប់​ដេញ​អារក្ស​ប្រាំពីរ​ឲ្យចេញ​ពី​នាង​។ 10នាង​ក៏​ទៅ​ប្រាប់​ពួក​អ្នក​ដែល​ធ្លាប់នៅ​ជាមួយ​ព្រះអង្គ ក្នុងពេលដែល​ពួកគេ​កំពុង​កាន់ទុក្ខ និង​យំសោក​។ 11នៅពេល​ឮ​ថា ព្រះអង្គ​មានព្រះជន្មរស់ និង​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ ក៏​ពួកគេ​មិនជឿ​ដែរ​។ 12បន្ទាប់ពីការទាំងនេះ ព្រះអង្គ​បាន​លេចមក​ក្នុង​ទ្រង់ទ្រាយ​ផ្សេង​ដល់​សិស្ស​ពីរ​នាក់ ពេល​ពួកគេ​កំពុង​ដើរ​ទៅ​ជនបទ​។ 13ពីរនាក់​នោះ​បាន​ទៅ​ប្រាប់​អ្នក​ឯទៀត​ៗ ប៉ុន្តែ​គេ​ក៏មិន​ជឿ​ពីរនាក់​នោះ​ដែរ​។
មហាបេសកកម្ម
14ក្រោយមកទៀត នៅពេល​ពួកគេ​កំពុង​រួមតុអាហារ ព្រះយេស៊ូវ​បាន​លេចមក​ដល់​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​ស្ដីបន្ទោស​ពួកគេ​អំពី​ភាពឥតជំនឿ និង​ភាពរឹងរូស​នៃចិត្ត​របស់​ពួកគេ ពីព្រោះ​ពួកគេ​មិន​បាន​ជឿ​ពួក​អ្នក​ដែល​ឃើញ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។ 15ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់#16:15 មនុស្សលោកទាំងអស់​―ន័យត្រង់គឺ “អ្វីៗទាំងអស់ដែលត្រូវបានបង្កើត”។ 16អ្នក​ដែល​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​នឹង​បាន​សង្គ្រោះ រីឯ​អ្នក​ដែល​មិនជឿ​នឹង​ត្រូវបាន​ផ្ដន្ទាទោស​។ 17ទីសម្គាល់​ទាំងនេះ​នឹង​ជាប់​តាម​អស់អ្នក​ដែល​ជឿ គឺ​ពួកគេ​នឹង​ដេញ​អារក្ស​ចេញ​ក្នុង​នាម​របស់ខ្ញុំ និយាយ​ភាសា​ថ្មី#16:17 ភាសា​ថ្មី―ឬ “ភាសាដទៃ”; ន័យត្រង់គឺ “អណ្ដាត”។ 18ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ”។
ការយាងឡើងទៅស្ថានសួគ៌
19បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ#16:19 ព្រះអម្ចាស់​យេស៊ូវ​―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។ 20ពួកសិស្ស​ក៏​ចេញទៅ​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់ទីកន្លែង ហើយ​ព្រះអម្ចាស់​ទ្រង់​ធ្វើការជាមួយ​ពួកគេ ព្រមទាំង​បញ្ជាក់​ព្រះបន្ទូល​ដោយ​ទីសម្គាល់​នានា​ដែល​ជាប់តាម​ផង​#16:20 ឯកសារបុរាណខ្លះគ្មានខ 9-20។#16:20 ឯកសារបុរាណខ្លះបន្ថែម “អាម៉ែន”។​៕​៚

Trenutno izabrano:

ម៉ាកុស 16: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi