YouVersion logo
Dugme za pretraživanje

ម៉ាកុស 14

14
ផែនការធ្វើគុតព្រះយេស៊ូវ
1នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។ 2ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ពី​ប្រជាជន”។
ការលាបប្រេងនៅបេថានី
3ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។ ពេល​ព្រះអង្គ​កំពុង​គង់នៅតុអាហារ មាន​ស្ត្រី​ម្នាក់​ចូលមក ទាំង​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​។ នាង​បំបែក​ដបថ្មកែវ​នោះ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ​។ 4មាន​អ្នកខ្លះ​ទើសចិត្ត ក៏​និយាយ​គ្នា​ថា​៖ “ហេតុអ្វីបានជា​ខ្ជះខ្ជាយ​ប្រេងក្រអូប​បែបនេះ​? 5ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ជាង​បីរយ​ឌេណារី#14:5 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។ ដូច្នេះ​ពួកគេ​ក៏​ស្ដីឲ្យ​នាង។
6ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​នាង​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ។ 7ជាការពិត អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច កាលណា​អ្នករាល់គ្នា​ចង់ អ្នករាល់គ្នា​អាច​ធ្វើ​ល្អ​ដល់​ពួកគេ​បាន ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។ 8នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។ 9ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាងដែរ”។
10ពេលនោះ យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក#14:10 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់ បាន​ទៅរក​ពួក​នាយកបូជាចារ្យ ដើម្បី​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។ 11ពួកគេ​បាន​ឮ​ដូច្នេះ ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ រួច​គាត់​ក៏​រកមធ្យោបាយ​ប្រគល់​ព្រះអង្គ​ដោយ​សមស្រប​។
ការរៀបចំពិធីបុណ្យរំលង
12នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​គេ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​ថា៖ “តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។
13ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង នោះ​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​ចុះ​។ 14កន្លែងណាដែល​គាត់​ចូលទៅ ចូរ​ប្រាប់​ម្ចាស់ផ្ទះ​ថា​: ‘លោកគ្រូ​សួរថា តើ​បន្ទប់ទទួលភ្ញៀវ​របស់ខ្ញុំ ដែល​ខ្ញុំ​នឹង​ហូប​អាហារ​បុណ្យរំលង​ជាមួយ​ពួក​សិស្ស​របស់ខ្ញុំ​នៅ​ឯណា​?’ 15គាត់​នឹង​បង្ហាញ​បន្ទប់​ធំ​មួយ​នៅជាន់ខាងលើ​ដែល​រៀបចំជាស្រេច ដល់​ពួកអ្នក​។ ចូរ​រៀបចំ​សម្រាប់​យើង​នៅ​ទីនោះ​ចុះ”។ 16ដូច្នេះ សិស្ស​ពីរនាក់​នោះ​ចេញទៅ ហើយ​ទៅដល់​ទីក្រុង នោះក៏​ឃើញ​ដូចដែល​ព្រះយេស៊ូវ​បាន​មានបន្ទូល​នឹង​ពួកគេ រួច​ពួកគេ​ក៏​រៀបចំ​អាហារ​បុណ្យរំលង​។
ការក្បត់នៅថ្ងៃបុណ្យរំលង
17លុះដល់​ពេលល្ងាច ព្រះយេស៊ូវ​យាង​មក​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់​។ 18នៅពេល​ពួកគេ​កំពុង​រួមតុហូបអាហារ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​ម្នាក់​ក្នុង​អ្នករាល់គ្នា​នឹង​ក្បត់​ខ្ញុំ គឺ​អ្នក​ដែល​កំពុង​ហូប​ជាមួយ​ខ្ញុំ”។
19ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយចិត្ត ហើយ​ទូល​សួរ​ព្រះអង្គ​ម្នាក់ម្ដងៗ​ថា៖ “មិនមែន​ខ្ញុំ​ទេ មែនទេ​?”។
20ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ជា​ម្នាក់​ក្នុង​អ្នក​ទាំង​ដប់ពីរ​នាក់ គឺ​អ្នក​ដែល​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជាមួយ​ខ្ញុំ​។ 21ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។
ពិធីលៀងព្រះអម្ចាស់លើកដំបូង
22នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកសិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយក#14:22 ឯកសារបុរាណខ្លះបន្ថែម “ហូប”។ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។
23បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ​។ ពួកគេ​ទាំងអស់គ្នា​ក៏​ផឹក​ពី​ពែងនោះ​។ 24ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រី#14:24 ឯកសារបុរាណខ្លះបន្ថែម “ថ្មី”។ដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន​។ 25ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំងបាយជូរ​នេះ​ទៀត​ជាដាច់ខាត រហូតដល់​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី​នៅក្នុង​អាណាចក្រ​របស់​ព្រះ”។ 26ក្រោយពី​ច្រៀងសរសើរតម្កើង#14:26 ច្រៀងសរសើរ​តម្កើង​―នៅសម័យនោះ ក្នុងបុណ្យរំលង ក្រោយពីអាហារពេលល្ងាច គេតែងតែច្រៀងសរសើរតម្កើងពី 《ទំនុកតម្កើង》 113-118។​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។
ប្រាប់ជាមុនអំពីការបដិសេធរបស់ពេត្រុស
27ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នក​ទាំងអស់គ្នា​នឹង​ជំពប់ដួល#14:27 អ្នក​ទាំងអស់​គ្នា​នឹង​ជំពប់ដួល―ឯកសារបុរាណខ្លះថា “នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួលដោយសារខ្ញុំ”។ដ្បិត​មាន​សរសេរ​ទុកមក​ថា​:
‘យើង​នឹង​ប្រហារ​អ្នកគង្វាល
ហើយ​ហ្វូង​ចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ’។ # 14:27 《សាការី》 13:7។
28 ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ខ្ញុំ​នឹង​ទៅ​កាលីឡេ​មុន​អ្នករាល់គ្នា”។
29ពេត្រុស​ទូល​ព្រះអង្គ​ថា៖ “ទោះបីជា​ទាំងអស់គ្នា​ជំពប់ដួល​ក៏ដោយ ក៏​ខ្ញុំ​មិន​ជំពប់ដួល​ឡើយ”។
30ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។
31ប៉ុន្តែ​ពេត្រុស​ប្រកែក​ដាច់អហង្ការ#14:31 ដាច់​អហង្ការ―ឯកសារបុរាណខ្លះថា “រឹតតែ​ខ្លាំង​ឡើង”។​ថា៖ “បើសិន​ខ្ញុំ​ត្រូវតែ​ស្លាប់ជាមួយ​លោក ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​លោក​ជាដាច់ខាត”។ សិស្ស​ទាំងអស់គ្នា​ក៏​និយាយ​ដូចគ្នាដែរ​។
អធិស្ឋាននៅសួន
32ពួកគេ​មកដល់​កន្លែង​មួយ​ឈ្មោះ​គែតសេម៉ានី​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា៖“ចូរ​អង្គុយ​នៅ​ទីនេះ ខណៈពេល​ដែល​ខ្ញុំ​អធិស្ឋាន”។ 33ព្រះអង្គ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ​។ ពេលនោះ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​មានព្រះទ័យ​ភ័យស្លុត និង​ថប់បារម្ភយ៉ាងខ្លាំង 34ក៏​មានបន្ទូល​នឹង​ពួកគេ​ថា៖“ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ចុះ”។ 35ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាបចុះ​ដល់​ដី ហើយ​អធិស្ឋាន​ថា ប្រសិនបើ​អាច សូមឲ្យ​ពេលវេលា​នេះ​កន្លងផុត​ពី​ព្រះអង្គ​ទៅ​។ 36ព្រះអង្គ​ទូលថា​៖“អ័ប្បា​! ព្រះ​បិតា​អើយ! អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​ព្រះអង្គ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​អ្វីដែល​ទូលបង្គំ​ប្រាថ្នា​ឡើយ គឺ​សូមឲ្យសម្រេចតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​វិញ”។
37ព្រះយេស៊ូវ​យាង​ត្រឡប់មកវិញ ឃើញ​ពួកគេ​កំពុង​ដេកលក់ ក៏​មានបន្ទូល​នឹង​ពេត្រុស​ថា៖“ស៊ីម៉ូន​អើយ តើ​អ្នក​ដេកលក់​ឬ​? តើ​អ្នក​មិន​អាច​ប្រុងស្មារតី​មួយ​ម៉ោង​បាន​ទេ​ឬ​? 38ចូរ​ប្រុងស្មារតី ហើយ​អធិស្ឋាន​ចុះ ដើម្បីកុំឲ្យ​ធ្លាក់ទៅក្នុង​ការល្បួង​ឡើយ​។ វិញ្ញាណ​ឆេះឆួល​មែន ប៉ុន្តែ​សាច់ឈាម​ខ្សោយ​ទេ”។
39ព្រះយេស៊ូវ​យាង​ចេញ​ទៅ​អធិស្ឋាន​ម្ដងទៀត ដោយ​ទូល​ពាក្យ​ដដែល​។ 40ព្រះអង្គ​យាង​ត្រឡប់មកវិញ​ម្ដងទៀត ក៏​ឃើញ​ពួកគេ​ដេកលក់ ដ្បិត​ភ្នែក​ពួកគេ​បើក​មិនរួច​។ ពួកគេ​មិន​ដឹង​ថា​គួរ​ទូល​អ្វី​តប​នឹង​ព្រះអង្គ​។ 41ព្រះអង្គ​យាង​ត្រឡប់មកវិញ​ជា​លើក​ទីបី ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“តើ​អ្នករាល់គ្នា​នៅតែ​ដេកលក់ និង​សម្រាក​ទៀត​ឬ​? ល្មម​ហើយ ពេលវេលា​មក​ដល់​ហើយ មើល៍! កូនមនុស្ស​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប​ឥឡូវ​ហើយ​។ 42ក្រោកឡើង​មក យើង​នាំ​គ្នា​ទៅ​។ មើល៍! អ្នក​ដែល​ក្បត់​ខ្ញុំ​មកជិត​ដល់​ហើយ”។
សញ្ញានៃការថើបរបស់យូដាស
43នៅពេល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​នៅឡើយ ស្រាប់តែ​យូដាស​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់​បាន​មកដល់​។ មាន​ហ្វូងមនុស្ស​មួយក្រុម​កាន់​ដាវ​កាន់​ដំបង​មក​ជាមួយ​គាត់​ដែរ ពួកគេ​មក​ពី​ពួក​នាយកបូជាចារ្យ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​។ 44អ្នក​ដែល​ក្បត់​ព្រះអង្គ​បាន​កំណត់​សញ្ញា​មួយ​ឲ្យ​ពួកគេ​រួចហើយ ដោយ​និយាយថា​៖ “អ្នកណាដែល​ខ្ញុំ​ថើប គឺ​អ្នកនោះ​ហើយ ចូរ​ចាប់​គាត់​នាំយកទៅ​ក្រោមការការពារ​ចុះ”។ 45នៅពេល​មក​ដល់ យូដាស​ក៏​ចូលទៅជិត​ព្រះអង្គ​ភ្លាម ទូលថា​៖ “រ៉ាប៊ី​!” រួច​ថើប​ព្រះអង្គ​។ 46ពេលនោះ ពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ​។ 47មាន​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​ឈរនៅទីនោះ ហូត​ដាវ​កាប់​បាវបម្រើ​របស់​មហាបូជាចារ្យ ដាច់​ត្រចៀក​ម្ខាង​របស់​អ្នកនោះ​។
48ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? 49ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ ទាំង​បង្រៀន​ក្នុង​ព្រះវិហារ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការនេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរត្រូវបាន​បំពេញឲ្យសម្រេច”។ 50ពេលនោះ សិស្ស​ទាំងអស់គ្នា​បោះបង់​ព្រះអង្គ​ចោល ហើយក៏​រត់គេច​ទៅ​។
51មាន​បុរសវ័យក្មេង​ម្នាក់​ដណ្ដប់​តែ​ក្រណាត់ផាឌិប​មួយ​លើ​ខ្លួនទទេ កំពុង​តាម​ព្រះអង្គ​។ ពួកគេ#14:51 ពួកគេ―ឯកសារបុរាណខ្លះថា “ពួកបុរសវ័យក្មេង”។​ចាប់​បុរសនោះ 52គាត់​ក៏​ចោល​ក្រណាត់ផាឌិប​នោះ រត់គេច​ទៅ​ទាំង​ខ្លួនទទេ​។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សា
53ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​រក​មហាបូជាចារ្យ​។ ពួក​នាយកបូជាចារ្យ ពួក​ចាស់ទុំ និង​ពួក​គ្រូវិន័យ​ទាំងអស់​ក៏​មកជួបជុំគ្នា​។ 54រីឯ​ពេត្រុស​ទៅតាម​ព្រះយេស៊ូវ​ពី​ចម្ងាយ រហូតដល់​ខាងក្នុង​ទីធ្លាដំណាក់​របស់​មហាបូជាចារ្យ ហើយ​អង្គុយ​អាំងភ្លើង​ជាមួយ​ពួក​តម្រួត​។
55ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ ប៉ុន្តែ​រក​មិន​បាន​សោះ​។ 56តាមពិត មនុស្ស​ជាច្រើន​ធ្វើបន្ទាល់ភូតភរ​ទាស់នឹង​ព្រះអង្គ ប៉ុន្តែ​ពាក្យបន្ទាល់​ទាំងនោះ​មិន​ស្របគ្នា​ទេ​។ 57មាន​អ្នកខ្លះ​ក្រោកឡើង ធ្វើបន្ទាល់ភូតភរ​ទាស់នឹង​ព្រះអង្គ ដោយ​និយាយ 58ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ថា​: ‘ខ្ញុំ​នឹង​កម្ទេច​ព្រះវិហារ​នេះ​ដែលធ្វើដោយដៃមនុស្ស ហើយ​ក្នុង​បី​ថ្ងៃ​ខ្ញុំ​នឹង​សាងសង់​មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។ 59ប៉ុន្តែ​ទោះបីដូច្នេះក៏ដោយ ក៏​ពាក្យបន្ទាល់​របស់​ពួកគេ​មិន​ស្របគ្នា​ដែរ​។
60ពេលនោះ មហាបូជាចារ្យ​បាន​ក្រោកឡើង​នៅ​កណ្ដាលចំណោម សួរ​ព្រះយេស៊ូវ​ថា​៖ “តើ​អ្នក​មិន​ឆ្លើយ​អ្វី​ទេ​ឬ​? តើ​រឿង​ដែល​អ្នកទាំងនេះ​កំពុង​ធ្វើបន្ទាល់ទាស់នឹង​អ្នក​ជា​អ្វី​?”។ 61ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​នៅស្ងៀម មិន​ឆ្លើយ​អ្វី​សោះ​។ មហាបូជាចារ្យ​ក៏​សួរ​ព្រះអង្គ​ម្ដងទៀត​ថា៖ “តើ​អ្នក​ជា​ព្រះ​គ្រីស្ទ ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​សមនឹងទទួលការលើកតម្កើង​ឬ”?
62ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ហ្នឹងហើយ​។ អ្នករាល់គ្នា​នឹង​ឃើញកូនមនុស្ស​អង្គុយ​នៅ​ខាងស្ដាំ​ព្រះដ៏មានព្រះចេស្ដាព្រមទាំង​មក​ក្នុង​ពពក​លើមេឃ#14:62 《ទំនុកតម្កើង》 110:1; 《ដានីយ៉ែល》 7:13។”។
63មហាបូជាចារ្យ​ក៏​ហែក​អាវ​របស់​ខ្លួន ហើយ​មានប្រសាសន៍ថា​៖ “យើង​ត្រូវការ​សាក្សី​អី​ទៀត? 64អស់លោក​ឮ​ពាក្យប្រមាថព្រះ​ហើយ​។ តើ​អស់លោក​គិត​ដូចម្ដេច​?”។
ពួកគេ​ទាំងអស់គ្នា​ក៏​កាត់ទោស​ព្រះអង្គ​ថា ព្រះអង្គ​សមតែ​ស្លាប់​។ 65បន្ទាប់មក អ្នកខ្លះ​ចាប់ផ្ដើម​ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ បិទព្រះភក្ត្រ​ព្រះអង្គ ហើយ​វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ទាំង​និយាយថា​៖ “ព្យាករ​មើល៍!”។ ពួក​តម្រួត​ក៏​ទះកំផ្លៀង​ព្រះអង្គ​ដែរ​។
ពេត្រុសបដិសេធព្រះយេស៊ូវ
66ពេល​ពេត្រុស​នៅ​ខាងក្រោម​ក្នុង​ទីធ្លា មាន​ម្នាក់​ក្នុង​ពួក​បាវបម្រើស្រី​របស់​មហាបូជាចារ្យ​មក 67ឃើញ​ពេត្រុស​កំពុង​អាំងភ្លើង ក៏​សម្លឹងមើល​គាត់ ហើយ​និយាយថា​៖ “អ្នកឯង​ក៏​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត​នោះ​ដែរ”។
68ប៉ុន្តែ​ពេត្រុស​បដិសេធ​ថា៖ “ខ្ញុំ​មិន​ដឹង ហើយក៏មិន​យល់​អ្វីដែល​នាង​និយាយ​ដែរ”។ រួច​គាត់​ចេញទៅ​ខាងក្រៅ ទៅ​ឯ​ខ្លោងទ្វារ​។ ពេលនោះ មាន់​ក៏​រងាវឡើង#14:68 ឯកសារបុរាណខ្លះគ្មាន “ពេលនោះ មាន់ក៏​រងាវឡើង”។​។
69នៅពេល​ឃើញ​គាត់ បាវបម្រើស្រី​នោះ​ក៏​ចាប់ផ្ដើម​និយាយ​ទៀត​នឹង​ពួក​អ្នក​ដែល​ឈរនៅក្បែរ​ថា៖ “អ្នកនេះ​ជា​គ្នា​ពួកនោះ​ដែរ”។
70ពេត្រុស​បដិសេធ​ម្ដងទៀត​។ បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​និយាយ​នឹង​ពេត្រុស​ទៀត​ថា៖ “អ្នកឯង​ពិតជា​គ្នា​ពួកនោះ ពីព្រោះ​អ្នកឯង​ជា​អ្នកកាលីឡេ#14:70 ឯកសារបុរាណខ្លះបន្ថែម “ហើយសម្ដីរបស់អ្នកឯងក៏ស្រដៀង”។​ដែរ”។
71ពេត្រុស​ក៏​ចាប់ផ្ដើម​ដាក់បណ្ដាសា ព្រមទាំង​ស្បថ​ថា​៖ “ខ្ញុំ​មិន​ស្គាល់​ម្នាក់​នេះ ដែល​ពួកអ្នក​កំពុង​និយាយ​ទេ”។
72ភ្លាមនោះ មាន់​រងាវ​ជាលើកទីពីរ​។ ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​:“មុន​មាន់​រងាវ​ពីរដង អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង” គាត់​ទប់ទឹកភ្នែកមិនបាន ក៏​ទ្រហោយំ​៕

Trenutno izabrano:

ម៉ាកុស 14: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi