អេសាយ 7
7
សារទៅកាន់អ័ហាស
1នៅសម័យអ័ហាសស្ដេចនៃយូដា ជាបុត្ររបស់យ៉ូថាម យ៉ូថាមជាបុត្ររបស់អូសៀស មានកើតឡើងដូច្នេះ: រេស៊ីនស្ដេចនៃអើរ៉ាម និងពេកាបុត្ររបស់រេម៉ាលា ជាស្ដេចនៃអ៊ីស្រាអែល បានឡើងមកយេរូសាឡិម ដើម្បីច្បាំងនឹងទីក្រុងនោះ ប៉ុន្តែពួកទ្រង់ឈ្នះលើទីក្រុងនោះមិនបាន។ 2នៅគ្រានោះ មានប្រាប់ដល់វង្សត្រកូលដាវីឌថា៖ “អើរ៉ាមបានរួមដៃគ្នាជាមួយអេប្រាអិមហើយ”។ ដូច្នេះ ព្រះទ័យរបស់អ័ហាស និងចិត្តរបស់ប្រជារាស្ត្រទ្រង់ក៏ញ័រ ដូចជាដើមឈើញ័រនៅព្រៃនៅចំពោះមុខខ្យល់។
3ព្រះយេហូវ៉ាមានបន្ទូលនឹងអេសាយថា៖ “ចូរអ្នក និងស្អា-យ៉ាស៊ូបកូនរបស់អ្នក ចេញទៅជួបអ័ហាស ត្រង់ចុងប្រឡាយនៃស្រះខាងលើ តាមមហាវិថីទៅកាន់វាលអ្នកបោកគក់ 4ហើយប្រាប់គាត់ថា: ‘ចូរប្រយ័ត្នប្រយែង ហើយនៅស្ងៀមចុះ។ កុំខ្លាចឡើយ ក៏កុំឲ្យចិត្តរបស់អ្នកទន់ជ្រាយ ដោយព្រោះកន្ទុយអុសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះកំហឹងយ៉ាងខ្លាំងរបស់រេស៊ីន និងជនជាតិអើរ៉ាម ព្រមទាំងកូនរបស់រេម៉ាលា។ 5ព្រោះថាអើរ៉ាម និងអេប្រាអិម ព្រមទាំងកូនរបស់រេម៉ាលា បានគិតគូរការអាក្រក់ទាស់នឹងអ្នក ដោយនិយាយថា: 6“ចូរយើងឡើងទៅទាស់នឹងយូដា ហើយបំភ័យស្រុកនោះ ព្រមទាំងទម្លាយស្រុកនោះសម្រាប់ខ្លួនយើង រួចយើងនឹងតាំងកូនរបស់តាបបៀលជាស្ដេចនៅកណ្ដាលស្រុកនោះ” 7ប៉ុន្តែព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះវិញ:
“ការនោះនឹងមិននៅជាប់ទេ ក៏មិនកើតឡើងដែរ
8ដ្បិតក្បាលរបស់អើរ៉ាម គឺដាម៉ាស់
ហើយក្បាលរបស់ដាម៉ាស់ គឺរេស៊ីន។
ក្នុងពេលហុកសិបប្រាំឆ្នាំ អេប្រាអិមនឹងត្រូវបានកម្ចាត់កម្ចាយ លែងជាប្រជាជនមួយហើយ។
9រីឯក្បាលរបស់អេប្រាអិម គឺសាម៉ារី
ហើយក្បាលរបស់សាម៉ារី គឺកូនរបស់រេម៉ាលា។
ប្រសិនបើអ្នកមិនជឿទេ អ្នកនឹងមិននៅស្ថិតស្ថេរឡើយ”’”។
ពាក្យព្យាករស្ដីអំពីអេម៉ាញូអែល
10ព្រះយេហូវ៉ាមានបន្ទូលនឹងអ័ហាសទៀតថា៖ 11“ចូរសុំសម្រាប់ខ្លួនអ្នក នូវទីសម្គាល់មួយពីព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នកចុះ ទោះបីជាជ្រៅដល់ស្ថានមនុស្សស្លាប់ ឬខ្ពស់ដល់ស្ថានលើក្ដី”។
12ប៉ុន្តែអ័ហាសតបថា៖ “យើងនឹងមិនសុំទេ ហើយក៏មិនល្បងលព្រះយេហូវ៉ាដែរ”។
13ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ? 14ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។ 15កូនប្រុសនោះនឹងហូបប៊័រ និងទឹកឃ្មុំ រហូតដល់ពេលដែលចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ។ 16ដ្បិតមុនដែលកូនប្រុសនោះចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ ទឹកដីរបស់ស្ដេចពីរអង្គដែលអ្នកភ័យខ្លាចនោះ នឹងត្រូវបានបោះបង់ចោល។ 17ព្រះយេហូវ៉ានឹងនាំមកលើអ្នក និងលើប្រជារាស្ត្ររបស់អ្នក ព្រមទាំងលើវង្សត្រកូលរបស់ឪពុកអ្នក នូវគ្រាដែលមិនធ្លាប់កើតមានតាំងពីថ្ងៃដែលអេប្រាអិមបែកចេញពីយូដា គឺស្ដេចនៃអាស្ស៊ីរី។
18នៅថ្ងៃនោះ
ព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅខាងចុងទន្លេនៃអេហ្ស៊ីប
ព្រមទាំងឃ្មុំដែលនៅដែនដីអាស្ស៊ីរីផង។
19វាទាំងអស់នឹងមកទំនៅក្នុងចំណោតជ្រលងភ្នំ
នៅក្នុងក្រហែងថ្ម
នៅលើគ្រប់ទាំងគុម្ពបន្លា
និងនៅអស់ទាំងវាលស្មៅ។
20នៅថ្ងៃនោះ
ព្រះអម្ចាស់របស់ខ្ញុំនឹងកោរសក់ក្បាល និងរោមជើងផង
ដោយកាំបិតកោរដែលជួលមកពីខាងនាយទន្លេអ៊ើប្រាត
គឺដោយស្ដេចអាស្ស៊ីរី
ហើយកាំបិតកោរនោះនឹងបំបាត់ទាំងពុកចង្កាផង។
21នៅថ្ងៃនោះ
មនុស្សម្នាក់នឹងចិញ្ចឹមគោក្រមុំមួយក្បាល និងចៀមពីរក្បាល
22ហើយដោយព្រោះសត្វទាំងនោះផ្ដល់ទឹកដោះយ៉ាងច្រើន អ្នកនោះនឹងបានហូបប៊័រ។
ដ្បិតអស់អ្នកដែលនៅសល់ក្នុងទឹកដីនោះ នឹងហូបប៊័រ និងទឹកឃ្មុំ។
23នៅថ្ងៃនោះ
កន្លែងទាំងអស់ដែលធ្លាប់មានដើមទំពាំងបាយជូរមួយពាន់ដើម
ដែលមានតម្លៃជាកាក់ប្រាក់មួយពាន់
នឹងត្រឡប់ជាអញ្ចាញ និងបន្លាវិញ។
24គេនឹងចូលទៅទីនោះ ដោយកាន់ព្រួញ និងធ្នូ
ពីព្រោះទឹកដីទាំងមូលមានសុទ្ធតែអញ្ចាញ និងបន្លា។
25រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប
អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។
ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ
និងកន្លែងហ្វូងចៀមដើរជាន់”៕
Trenutno izabrano:
អេសាយ 7: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative