YouVersion logo
Dugme za pretraživanje

អេសាយ 38

38
ជំងឺ និងការជាសះស្បើយរបស់ហេសេគា
1នៅគ្រានោះ ហេសេគា​ប្រឈួន​ស្ទើរតែ​សោយទិវង្គត​។ ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស​ក៏​មក​គាល់​ទ្រង់ ហើយ​ទូល​ទ្រង់​ថា​៖ “ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរ​ចាត់ចែង​ផ្ទះ​របស់អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ គឺ​មិន​រស់​ទេ’”។
2នោះ​ហេសេគា​ក៏​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​ជញ្ជាំង ហើយ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា 3ថា​៖ “ឱ​ព្រះយេហូវ៉ា​អើយ! សូម​ព្រះអង្គ​នឹកចាំ​អំពី​របៀបដែល​ទូលបង្គំ​បាន​ដើរ​នៅចំពោះ​ព្រះអង្គ​ដោយ​ភាពស្មោះត្រង់ និង​ដោយ​ចិត្ត​សុក្រឹត ព្រមទាំង​បាន​ប្រព្រឹត្ត​ល្អ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​ផង​!”។ ហើយ​ហេសេគា​ទ្រង់​ព្រះកន្សែង​យ៉ាងខ្លាំង​។
4ពេលនោះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​មក​ដល់​អេសាយ​ថា​៖ 5“ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​ដាវីឌ​ដូនតា​របស់ព្រះករុណា មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ឮ​ពាក្យអធិស្ឋាន​របស់អ្នក ក៏​បាន​ឃើញ​ទឹកភ្នែក​របស់អ្នក​ហើយ​។ មើល៍! យើង​នឹង​បន្ថែម​ដប់ប្រាំ​ឆ្នាំ​ទៀត​លើ​អាយុ​របស់អ្នក​។ 6យើង​នឹង​រំដោះ​អ្នក និង​ទីក្រុង​នេះ ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី ព្រមទាំង​ការពារ​ទីក្រុង​នេះ​ផង”។ 7នេះ​ជា​ទីសម្គាល់​ពី​ព្រះយេហូវ៉ា​ដល់​អ្នក ថា​ព្រះយេហូវ៉ា​នឹង​ធ្វើ​តាម​ព្រះបន្ទូល​នេះ ដែល​ព្រះអង្គ​បាន​មានបន្ទូល​ហើយ​: 8“មើល៍! យើង​នឹង​ធ្វើឲ្យ​ស្រមោល​ពី​ព្រះអាទិត្យ​ដែល​ជ្រេទៅ​លើ​នាឡិកាថ្ងៃ​របស់​អ័ហាស​ត្រឡប់ទៅវិញ គឺ​ថយក្រោយ​ដប់​ចំណុច”’”។ នោះ​ស្រមោលពី​ព្រះអាទិត្យ​ក៏​ត្រឡប់ទៅវិញ​ដប់​ចំណុច លើ​នាឡិកាថ្ងៃ​ដែល​វា​បាន​ជ្រេទៅ​ហើយ​។
9នេះជា​កំណាព្យ​របស់​ហេសេគា​ស្ដេច​នៃ​យូដា នៅពេល​ទ្រង់​ប្រឈួន ហើយ​ជា​ពី​ជំងឺ​របស់ទ្រង់​វិញ​:
10“ខ្ញុំ​បាន​ពោលថា​: ‘នៅ​ពាក់កណ្ដាល​នៃ​អាយុ​របស់ខ្ញុំ
ខ្ញុំ​ចេញទៅ​ឯ​ខ្លោងទ្វារ​នៃ​ស្ថានមនុស្សស្លាប់​;
សំណល់​នៃ​ឆ្នាំអាយុ​របស់ខ្ញុំ​ត្រូវបាន​បំបាត់​ហើយ​!’។
11ខ្ញុំ​បាន​ពោលថា​: ‘ខ្ញុំ​នឹង​មិន​ឃើញ​ព្រះយេហូវ៉ា
គឺ​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​!
ខ្ញុំ​នឹង​មិន​ឃើញ​មនុស្ស
ជាមួយ​អ្នកដែល​រស់នៅ​ពិភពលោក​ទៀត​ឡើយ​។
12លំនៅ​របស់ខ្ញុំ​ត្រូវបាន​រើចេញ ហើយ​ត្រូវបាន​យកចេញ​ពី​ខ្ញុំ
ដូចជា​រោង​របស់​អ្នកគង្វាល​;
ខ្ញុំ​បាន​មូរ​ជីវិត​របស់ខ្ញុំ​ទុក ដូចជា​អ្នក​ត្បាញ​។
ព្រះអង្គ​កាត់​ខ្ញុំ​ចេញ​ពី​កីតម្បាញ​;
ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។
13ខ្ញុំ​បាន​ធ្វើឲ្យ​ខ្លួនខ្ញុំ​ស្ងប់​រហូតដល់​ព្រឹក​។
ព្រះអង្គ​បំបាក់​គ្រប់ទាំង​ឆ្អឹង​ខ្ញុំ​ដូចជា​សិង្ហ​;
ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។
14ខ្ញុំ​បាន​យំចេចចាច​ដូច​ត្រចៀកកាំ ឬ​ដូច​សត្វក្រៀល ក៏​ថ្ងូរ​ដូច​ព្រាប​។
ភ្នែក​របស់ខ្ញុំ​បាន​ស្រវាំងទៅ ដោយងើយមើល​ទៅ​ស្ថានដ៏ខ្ពស់​;
ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​ត្រូវបានសង្កត់សង្កិន
សូម​ធានា​សុវត្ថិភាព​ឲ្យ​ទូលបង្គំ​ផង’!
15តើ​ខ្ញុំ​នឹង​និយាយ​អ្វី​?
ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ខ្ញុំ​ហើយ
ក៏​បាន​ធ្វើ​សេចក្ដីនោះ​ដោយ​អង្គទ្រង់ផ្ទាល់​ផង​។
ខ្ញុំ​នឹង​ដើរសន្សឹមៗ​ក្នុង​អស់ទាំង​ឆ្នាំអាយុ​របស់ខ្ញុំ
ដោយព្រោះ​សេចក្ដីល្វីងជូរចត់នៃព្រលឹង​របស់ខ្ញុំ​។
16ព្រះអម្ចាស់​នៃទូលបង្គំ​អើយ
ដោយ​សេចក្ដីទាំងនេះ​ហើយ ដែល​មនុស្ស​មានជីវិតរស់
ហើយ​ជីវិត​នៃ​វិញ្ញាណ​របស់ទូលបង្គំ​ក៏​ស្ថិតនៅ​ក្នុង​អស់ទាំង​សេចក្ដីនេះ​ដែរ​។
ដូច្នេះ សូម​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យជា
ហើយ​ឲ្យ​ទូលបង្គំ​មានជីវិតរស់​ផង​!
17មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង
គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​;
គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ
ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់
ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។
18ជាការពិត ស្ថានមនុស្សស្លាប់​អរព្រះគុណ​ព្រះអង្គ​មិនបានទេ
ហើយ​សេចក្ដីស្លាប់​ក៏​សរសើរតម្កើង​ព្រះអង្គ​មិនបាន​ដែរ​;
អ្នកដែល​ចុះទៅ​រណ្ដៅមរណៈ​នឹង​សង្ឃឹម​លើ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មិនបានឡើយ​;
19មានតែ​មនុស្ស​រស់ គឺ​មនុស្ស​រស់​ប៉ុណ្ណោះ
ដែល​អរព្រះគុណ​ព្រះអង្គ ដូច​ទូលបង្គំ​នៅ​ថ្ងៃនេះ​;
អ្នកដែលជា​ឪពុក​នឹង​ឲ្យ​កូន​ស្គាល់​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។
20ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ
ដូច្នេះ​ពួកយើង​នឹង​លេងភ្លេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ
នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ពួកយើង”។
21រីឯ​អេសាយ​និយាយថា​៖ “ចូរឲ្យ​គេ​យក​តំណាប់​ល្វា​មួយ​ដុំ​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​ជាសះស្បើយ”។ 22ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕

Trenutno izabrano:

អេសាយ 38: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi