អេសាយ 35
35
អ្នកដែលត្រូវបានប្រោសលោះត្រឡប់មកស៊ីយ៉ូនវិញ
1ទីរហោស្ថាន និងទីហួតហែងនឹងរីករាយ
វាលខ្សាច់នឹងត្រេកអរ ហើយចេញផ្កាដូចជាផ្កាកំភ្លឹង
2គឺចេញផ្កាយ៉ាងសន្ធឹក ហើយត្រេកអរដោយអំណរ
ព្រមទាំងស្រែកហ៊ោសប្បាយផង។
សិរីរុងរឿងរបស់លីបង់នឹងត្រូវបានប្រទានដល់វា
ព្រមទាំងអានុភាពរបស់កើមែល និងវាលសារ៉ូនផង;
គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា
ជាអានុភាពរបស់ព្រះនៃយើងរាល់គ្នា។
3ចូរធ្វើឲ្យដៃដែលខ្សោយមានកម្លាំងឡើង
ហើយធ្វើឲ្យជង្គង់ដែលទន់មាំមួនឡើង!
4ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖
“ចូរមានកម្លាំងឡើង កុំខ្លាចឡើយ!
មើល៍! ព្រះរបស់អ្នករាល់គ្នា!
ព្រះអង្គនឹងយាងមកដោយមានការសងសឹក
ដោយមានសំណងរបស់ព្រះ។
ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
5ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក
ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
6ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស
ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។
ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន
នឹងមានជ្រោះទឹកនៅវាលខ្សាច់។
7ដីក្ដៅខ្លោចនឹងត្រឡប់ជាស្រះ
ដីហួតហែងនឹងត្រឡប់ជាប្រភពទឹក;
នៅក្នុងលំនៅរបស់ឆ្កែព្រៃ ជាកន្លែងដែលវាដេក
ស្មៅក្រៀមនឹងត្រឡប់ជាដើមបបុស និងដើមកក់។
8នៅទីនោះនឹងមានផ្លូវធំមួយ
ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។
ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ
គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ;
ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
9គ្មានសត្វតោនៅទីនោះ
ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ
គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។
មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។
10រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ
ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ
ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។
សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់
ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
Trenutno izabrano:
អេសាយ 35: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative