អេសាយ 34
34
ការជំនុំជម្រះចំពោះប្រជាជាតិនានា
1ប្រជាជាតិនានាអើយ ចូរចូលមកជិតដើម្បីស្ដាប់ចុះ!
ជាតិសាសន៍នានាអើយ ចូរយកចិត្តទុកដាក់ចុះ!
ចូរឲ្យផែនដី និងរបស់សព្វសារពើដែលនៅទីនោះ
ព្រមទាំងពិភពលោក និងរបស់ទាំងអស់ដែលកើតចេញពីទីនោះស្ដាប់ចុះ!
2ដ្បិតព្រះពិរោធរបស់ព្រះយេហូវ៉ាមកលើគ្រប់ទាំងប្រជាជាតិ
ហើយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គមកលើពលទ័ពទាំងអស់របស់ពួកគេ។
ព្រះអង្គបានញែកចេញបំផ្លាញពួកគេ
ក៏បានប្រគល់ពួកគេទៅការកាប់សម្លាប់។
3អ្នកដែលត្រូវគេសម្លាប់ក្នុងពួកគេ នឹងត្រូវបានបោះចោល;
ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង
ហើយភ្នំទាំងឡាយនឹងរលាយទៅដោយឈាមរបស់ពួកគេ។
4ចំណែកឯអស់ទាំងពលបរិវារនៃមេឃនឹងរលាយសូន្យ
ហើយផ្ទៃមេឃនឹងត្រូវបានមូរទុកដូចជាក្រាំង។
អស់ទាំងពលបរិវារនៃមេឃនឹងស្រពោនជ្រុះ
ដូចដែលស្លឹកស្រពោនជ្រុះពីដើមទំពាំងបាយជូរ
និងដូចដែលស្លឹកស្រពោនជ្រុះពីដើមល្វា។
ការជំនុំជម្រះចំពោះអេដំ
5ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ
មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ
គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ!
6ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប
ក៏ជោកដោយខ្លាញ់ គឺដោយឈាមរបស់កូនចៀម និងពពែឈ្មោល
ព្រមទាំងខ្លាញ់ក្រលៀនរបស់ចៀមឈ្មោល
ពីព្រោះព្រះយេហូវ៉ាទ្រង់ធ្វើពិធីថ្វាយយញ្ញបូជានៅបុសរ៉ា
ហើយមានការកាប់សម្លាប់យ៉ាងធំនៅដែនដីអេដំ។
7គោព្រៃនឹងដួលចុះជាមួយពួកគេ
គោស្ទាវនឹងដួលចុះជាមួយគោបា;
ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម
ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។
8ដ្បិតព្រះយេហូវ៉ាមានថ្ងៃនៃការសងសឹក
ជាឆ្នាំនៃការតបសងចំពោះរឿងក្ដីរបស់ស៊ីយ៉ូន។
9ទឹកជ្រោះនៅអេដំនឹងក្លាយជាជ័រម្រ័ក្សណ៍
ធូលីដីរបស់នាងនឹងក្លាយជាស្ពាន់ធ័រ
ហើយទឹកដីរបស់នាងនឹងក្លាយជាជ័រម្រ័ក្សណ៍ដែលកំពុងឆេះ——
10ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ
ផ្សែងរបស់វានឹងហុយឡើងជារៀងរហូត
ស្រុកនោះនឹងនៅជាទីហិនហោចពីជំនាន់មួយទៅជំនាន់មួយ
គ្មានអ្នកណាឆ្លងកាត់តាមនោះជារៀងរហូតតទៅ។
11សត្វទុង និងកាំប្រមានឹងកាន់កាប់ស្រុកនោះវិញ
ហើយសត្វគូក និងក្អែកនឹងរស់នៅស្រុកនោះដែរ;
ព្រះអង្គនឹងសន្ធឹងខ្សែរង្វាស់នៃការហិនហោចនៅលើស្រុកនោះ
ក៏សន្ធឹងខ្សែប្រយោលនៃភាពទទេសូន្យ។
12នៅទីនោះគ្មានអភិជនរបស់អេដំដែលនឹងប្រកាសរាជ្យអំណាចឡើយ
មេដឹកនាំទាំងអស់របស់នាងក៏នឹងអស់ទៅដែរ។
13បន្លានឹងដុះឡើងនៅបន្ទាយរបស់ស្រុកនោះ
គុម្ពបន្លា និងអញ្ចាញនឹងដុះឡើងនៅទីមាំមួនរបស់ស្រុកនោះ។
ស្រុកនោះនឹងបានជាលំនៅរបស់ឆ្កែព្រៃ
និងជាទីលានសម្រាប់អូទ្រីស។
14សត្វព្រៃនៅទីរហោស្ថាននឹងជួបជាមួយសត្វស្វាន
ពពែព្រៃនឹងស្រែកហៅគ្នាទៅវិញទៅមក
ចំណែកឯសត្វទីទុយនឹងមកទំនៅទីនោះ
ហើយរកឃើញទីសម្រាកសម្រាប់ខ្លួន។
15ទីទុយធំ#34:15 ទីទុយធំ―ឬ “ពស់ព្រួញ”។នឹងធ្វើសម្បុកនៅទីនោះ
ព្រមទាំងពង ហើយញាស់កូនផង
ក៏ប្រមូលកូនមកក្រោមម្លប់របស់វា;
ប្រាកដមែន ស្ទាំងនឹងមកទាំងគូៗ ផ្ដុំគ្នានៅទីនោះ។
16ចូរស្វែងរកក្នុងសៀវភៅរបស់ព្រះយេហូវ៉ា ហើយអានមើល៍ចុះ!
គ្មានសត្វណាមួយក្នុងសត្វទាំងនោះខានមក
គ្មានសត្វណាមួយខ្វះគូឡើយ
ដ្បិតព្រះឱស្ឋរបស់ព្រះអង្គបានបង្គាប់ការនេះ
គឺព្រះវិញ្ញាណរបស់ព្រះអង្គហើយ ដែលប្រមូលពួកវាមក។
17ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា
ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។
ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត
ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕
Trenutno izabrano:
អេសាយ 34: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative