អេសាយ 31
31
ព្រះយេហូវ៉ាជាជំនួយតែមួយគត់
1វេទនាហើយ!
ពួកអ្នកដែលចុះទៅអេហ្ស៊ីបដើម្បីជំនួយ ព្រមទាំងពឹងលើសេះ!
ពួកគេទុកចិត្តលើរទេះចម្បាំង ដោយព្រោះមានចំនួនច្រើន
ហើយទុកចិត្តលើពលសេះ ដោយព្រោះគេខ្លាំងពូកែណាស់
ប៉ុន្តែពួកគេមិនបានរំពឹងមើលទៅអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទេ
ក៏មិនបានស្វែងរកព្រះយេហូវ៉ាដែរ។
2យ៉ាងណាមិញ ព្រះអង្គក៏មានប្រាជ្ញាដែរ
ព្រះអង្គនឹងនាំមហន្តរាយមក
ក៏មិនដកព្រះបន្ទូលរបស់អង្គទ្រង់វិញឡើយ
គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងវង្សត្រកូលរបស់អ្នកដែលធ្វើអាក្រក់
ហើយទាស់នឹងអ្នកជួយរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
3រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ
សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។
កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ
អ្នកដែលជួយនឹងជំពប់
អ្នកដែលត្រូវគេជួយនឹងដួល
ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។
4ដ្បិតព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំដូច្នេះថា៖
“ដូចដែលសិង្ហ ឬសិង្ហស្ទាវគ្រហឹមពីលើរំពារបស់វា
ហើយទោះបីជាគេហៅក្រុមអ្នកគង្វាលមកទាស់នឹងវាក៏ដោយ
ក៏វាមិនស្រយុតចិត្តដោយសំឡេងរបស់ពួកគេ
ក៏មិនរួញរាដោយសម្រែករបស់ពួកគេយ៉ាងណា
ព្រះយេហូវ៉ានៃពលបរិវារក៏នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន
និងលើទីទួលនៃភ្នំនោះយ៉ាងនោះដែរ។
5ដូចដែលបក្សាបក្សីហើររេរាយ៉ាងណា
ព្រះយេហូវ៉ានៃពលបរិវារក៏នឹងការពារយេរូសាឡិមយ៉ាងនោះដែរ។
ព្រះអង្គនឹងការពារ ហើយស្រោចស្រង់
ព្រះអង្គនឹងរំលង ហើយរំដោះ”។
6កូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គដែលអ្នករាល់គ្នាបានបះបោរយ៉ាងខ្លាំងវិញចុះ! 7ដ្បិតនៅថ្ងៃនោះ ម្នាក់ៗនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ជាប្រាក់ និងរូបបដិមាករឥតប្រយោជន៍ជាមាសរបស់ខ្លួន ដែលដៃរបស់អ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួនជាបាប។
8“ជនជាតិអាស្ស៊ីរីនឹងដួលដោយដាវដែលមិនមែនជារបស់មនុស្ស
ហើយដាវដែលមិនមែនជារបស់មនុស្ស នឹងស៊ីបំផ្លាញពួកគេ។
ពួកគេនឹងរត់គេចពីចំពោះដាវមិនបានឡើយ
ហើយពួកមនុស្សកំលោះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាទាសករបម្រើ។
9រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច
ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា
ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕
Trenutno izabrano:
អេសាយ 31: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative