Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 30

30
វេទនាដល់សម្ពន្ធមិត្តអេហ្ស៊ីប
1នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖
“វេទនា​ហើយ​! ពួក​កូនចៅ​ជា​អ្នកដែល​បះបោរ
ដើម្បី​អនុវត្ត​ផែនការ ប៉ុន្តែ​មិនមែន​មកពី​យើង
ដើម្បី​បង្កើត​សន្ធិសញ្ញា ប៉ុន្តែ​មិនមែន​មកពី​វិញ្ញាណ​របស់យើង
គឺ​ដើម្បី​បន្ថែម​បាប​ទៅលើ​បាប​វិញ
2ជា​អ្នកដែល​ចេញដំណើរ​ចុះទៅ​អេហ្ស៊ីប
ដោយ​មិន​បាន​សួរ​យោបល់​របស់យើង
ដើម្បី​រកទីពឹង​នៅក្រោម​ការការពារ​របស់​ផារ៉ោន
ដើម្បី​ជ្រកកោន​នៅក្រោម​ម្លប់​របស់​អេហ្ស៊ីប​។
3ដូច្នេះ ការការពារ​របស់​ផារ៉ោន​នឹង​ត្រឡប់​ជា​សេចក្ដីអាម៉ាស់​ដល់​អ្នករាល់គ្នា​វិញ
ហើយ​ជម្រក​នៅក្រោម​ម្លប់​របស់​អេហ្ស៊ីប​នឹង​ត្រឡប់​ជា​ភាពអាប់យស​វិញ​។
4ថ្វីត្បិតតែ​ពួក​មេដឹកនាំ​របស់ទ្រង់​នៅ​សូអាន
ហើយ​ពួក​រាជទូត​របស់ទ្រង់​មកដល់​ហានេស​ក៏ដោយ
5ប៉ុន្តែ​គ្រប់គ្នា​នឹង​អាម៉ាស់មុខ
ដោយព្រោះ​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​ដល់​គេ មិនមែន​ជា​ជំនួយ
ក៏​មិនមែន​ជាប្រយោជន៍
តែ​ជា​សេចក្ដីអាម៉ាស់ និង​ជា​សេចក្ដីត្មះតិះដៀល​វិញ”។
6នេះជា​ទំនាយ​ស្ដីអំពី​បណ្ដា​សត្វ​នៅ​ណេកិប​:
គេ​លើក​ទ្រព្យសម្បត្តិ​របស់គេ​ដាក់​លើ​ខ្នង​កូនលា
ហើយ​លើក​រតនសម្បត្តិ​របស់គេ​ដាក់​លើ​បូក​អូដ្ឋ
ឆ្លងកាត់​ទឹកដី​នៃ​ទុក្ខវេទនា និង​ទុក្ខព្រួយ
ដែល​មាន​សិង្ហញី និង​សិង្ហឈ្មោល
ដែល​មាន​ពស់វែក និង​ពស់ភ្លើង​ដែល​ហោះ
ទៅកាន់​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​។
7ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ
ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់#30:7 រ៉ាហាប់―គឺ “សត្វធំសម្បើមម្យ៉ាងនៃសមុទ្រ”។​ដែល​អង្គុយនៅតែស្ងៀម”។
8ឥឡូវនេះ ចូរ​ទៅ​សរសេរ​សេចក្ដីនេះ​នៅលើ​បន្ទះថ្ម​នៅមុខ​ពួកគេ
ហើយ​ចារឹក​វា​ក្នុង​ក្រាំង
ដើម្បីឲ្យ​បាន​សម្រាប់​ថ្ងៃ​ខាងមុខ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។
9ដ្បិត​នេះ​ជា​ប្រជាជន​ដែល​បះបោរ
ជា​កូនចៅ​ដែល​ភូតភរ
ជា​កូនចៅ​ដែល​មិន​ព្រម​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា
10ជា​អ្នកដែល​និយាយ​នឹង​អ្នកមើលឆុត​ថា​៖ “កុំ​មើល​ឡើយ​!”
ហើយ​និយាយ​នឹង​ព្យាការី​ថា​៖ “កុំ​ព្យាករ​សេចក្ដី​ទៀងត្រង់​ដល់​យើង​ឡើយ​!
ចូរ​ប្រាប់​ពាក្យបញ្ជោរ​ដល់​យើង
ចូរ​ព្យាករ​សេចក្ដីបោកបញ្ឆោត​វិញ​!
11ចូរ​ចាកចេញ​ពី​ផ្លូវ
ចូរ​បែរចេញ​ពី​គន្លង
ចូរ​បំបាត់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ពីមុខ​យើង​ទៅ​!”។
12ដោយហេតុនេះ អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖
“ដោយសារ​អ្នករាល់គ្នា​បាន​បដិសេធ​ពាក្យ​នេះ
ហើយ​ទុកចិត្តលើ​ការសង្កត់សង្កិន និង​ការ​វៀចវេរ
ព្រមទាំង​ពឹងផ្អែក​លើ​ការទាំងនោះ
13ដូច្នេះ សេចក្ដីទុច្ចរិត​នេះ​នឹង​បាន​ដូចជា​ចន្លោះបាក់បែក​ដែល​នឹង​រលំ​សម្រាប់​អ្នករាល់គ្នា
ជា​កន្លែង​ប៉ោង​ក្នុង​កំពែង​ដ៏ខ្ពស់​ដែល​ការបំបែក​វា​នឹង​មកដល់​ភ្លាមៗ​ក្នុងមួយរំពេច​។
14ព្រះអង្គ​នឹង​បំបែក​វា ដូចជា​ការបំបែក​ក្អម​របស់​ជាងស្មូន
គឺ​វា​ត្រូវបាន​វាយកម្ទេច​ដោយ​ឥតប្រណី
រហូតដល់​រក​អំបែង​មួយ​ក្នុង​បំណែក​វា​សម្រាប់​ដាក់​ភ្លើង​ពី​ចង្ក្រាន
ឬ​សម្រាប់​ដង​ទឹក​ពី​អាង​ក៏​មិនបាន​ផង”។
15ជាការពិត ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ដ៏ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​មានបន្ទូល​ដូច្នេះ​ថា​៖
“អ្នករាល់គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​ការកែប្រែចិត្ត និង​ការសម្រាក
កម្លាំង​របស់អ្នករាល់គ្នា​នឹង​នៅ​ក្នុង​ការ​នៅស្ងៀម និង​ក្នុង​ការទុកចិត្ត”។
ប៉ុន្តែ​អ្នករាល់គ្នា​មិន​ព្រម​ទេ
16ក៏​និយាយថា​៖ “ទេ​! ពួកយើង​នឹង​រត់គេច​លើ​សេះ​!”។
ដូច្នេះ អ្នករាល់គ្នា​នឹង​រត់គេច​មែន​។
អ្នករាល់គ្នានិយាយ​ទៀត​ថា​៖ “ពួកយើង​នឹង​ជិះ​សេះ​ដ៏លឿន​!”។
ដូច្នេះ ពួកអ្នកដែល​ដេញតាម​អ្នករាល់គ្នា​នឹង​លឿន​ដែរ​។
17មួយ​ពាន់​នាក់​នឹងរត់គេច​នៅចំពោះ​ការសម្លុតគំរាម​របស់​ម្នាក់​;
អ្នករាល់គ្នា​នឹង​រត់គេច​នៅចំពោះ​ការសម្លុតគំរាម​របស់​ប្រាំ​នាក់
រហូតដល់​អ្នករាល់គ្នា​នៅសល់
ដូចជា​ដងទង់​មួយ​នៅលើ​កំពូល​ភ្នំ
និង​ដូចជា​ទង់សញ្ញា​នៅលើ​ទីទួល​។
ព្រះយេហូវ៉ាអាណិតមេត្តាអ៊ីស្រាអែល
18ទោះបីជាយ៉ាងនោះក៏ដោយ
ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។
ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា
ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។
មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!
19ប្រជាជន​នៃ​ស៊ីយ៉ូន ដែល​រស់នៅ​យេរូសាឡិម​អើយ អ្នក​នឹង​មិន​យំ​ទៀតឡើយ​។ ព្រះអង្គ​នឹង​មេត្តា​ដល់​អ្នក​ជាប្រាកដ​ចំពោះ​សំឡេង​ស្រែកយំ​របស់អ្នក​។ កាលណា​ព្រះអង្គ​ទ្រង់​ឮ ព្រះអង្គ​នឹង​ឆ្លើយ​មក​អ្នក​។ 20ទោះបីជា​ព្រះអម្ចាស់​បាន​ប្រទាន​នំប៉័ង​នៃ​ការលំបាក និង​ទឹក​នៃ​ការសង្កត់សង្កិន​ដល់​អ្នករាល់គ្នា​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ#30:20 ព្រះអង្គ―ជាពាក្យជំនួយ។​ដែលជា​គ្រូ​របស់អ្នក​មិន​ត្រូវបាន​លាក់​ទៀត​ឡើយ ហើយ​ភ្នែក​របស់អ្នក​នឹង​ឃើញ​គ្រូ​របស់អ្នក​វិញ​។ 21កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។ 22ពេលនោះ អ្នករាល់គ្នា​នឹង​បង្អាប់បង្អោន#30:22 បង្អាប់បង្អោន―ន័យត្រង់គឺ “ធ្វើឲ្យសៅហ្មង”។​រូបឆ្លាក់​ដែល​ស្រោប​ដោយ​ប្រាក់​របស់អ្នក និង​រូបសិត​ដែល​ស្រោប​ដោយ​មាស​របស់អ្នក ក៏​នឹង​បោះ​វា​ចោល​ដូច​ក្រណាត់មករដូវ ទាំង​និយាយ​ទៅ​វា​ថា​៖ “ចេញទៅ​!”។
23ព្រះអង្គ​នឹង​ប្រទាន​ទឹកភ្លៀង​សម្រាប់​គ្រាប់ពូជ​ដែល​អ្នក​បាន​សាបព្រោះ​លើ​ដី ព្រមទាំង​ស្បៀងអាហារ ជា​ផល​ពី​ដី ដែល​នឹង​មាន​បរិបូរ ហើយ​សម្បូរ​ផង​។ នៅ​ថ្ងៃ​នោះ ហ្វូងសត្វ​របស់អ្នក​នឹង​ស៊ីស្មៅ​នៅ​វាលស្មៅ​ដ៏​ធំទូលាយ 24រីឯ​គោ និង​លា ដែល​ភ្ជួររាស់​ដី នឹង​ស៊ី​ចំណី​ដែលដាក់អំបិល ដែល​គេ​បាន​អុំ​ដោយ​ប៉ែល និង​ចង្ហាយ​។ 25នៅ​ថ្ងៃ​មហា​ពិឃាត នៅពេល​ប៉ម​នានា​រលំ នឹង​មាន​ជ្រោះ​ហូរ​ដោយ​ទឹក​នៅលើ​គ្រប់ទាំង​ភ្នំ​ខ្ពស់ និង​គ្រប់ទាំង​ទីទួល​ខ្ពស់​។ 26មួយវិញទៀត ពន្លឺ​ព្រះចន្ទ​នឹង​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ហើយ​ពន្លឺ​ព្រះអាទិត្យ​នឹង​ត្រឡប់ជា​ប្រាំពីរដង ដូចជា​ពន្លឺ​នៃ​ប្រាំពីរ​ថ្ងៃ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​រុំ​ស្នាមជាំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ហើយ​ប្រោសឲ្យជា​នូវ​របួស​ដែល​ព្រះអង្គ​បាន​វាយ​។
ព្រះយេហូវ៉ាដាក់ទោសអាស្ស៊ីរី
27មើល៍! ព្រះនាម​របស់​ព្រះយេហូវ៉ា​មក​ពី​ចម្ងាយ​!
ព្រះពិរោធ​របស់ព្រះអង្គ​ឆេះឡើង ក៏​មាន​ផ្សែង​យ៉ាងក្រាស់
ព្រះរឹម​របស់ព្រះអង្គ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ
ព្រះជិវ្ហា#30:27 ព្រះជិវ្ហា​―ពាក្យរាជសព្ទមានន័យថា “អណ្ដាត”។​របស់ព្រះអង្គ​ដូចជា​ភ្លើង​ដែល​ស៊ីបំផ្លាញ
28រីឯ​ខ្យល់ដង្ហើម​របស់ព្រះអង្គ​ប្រៀបដូចជា​ទឹកជ្រោះ​ជន់លិច​ដែល​ឡើង​ដល់​ក
ដើម្បី​រែង​ប្រជាជាតិ​នានា​ដោយ​កន្ត្រង​នៃ​សេចក្ដីវិនាស
ហើយ​បំពាក់​បង្ហៀរ​ដែល​នាំឲ្យ​វង្វេង​នៅនឹង​ថ្គាម​របស់​ជាតិសាសន៍​ទាំងឡាយ​។
29អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ
ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ
ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។
30ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ
ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ
ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ
ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។
31ដ្បិត​អាស្ស៊ីរី​នឹង​ស្រយុតចិត្ត ដោយសារតែ​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា
នៅពេល​ព្រះអង្គ​វាយ​ពួកគេ​ដោយ​រំពាត់​។
32គ្រប់ទាំង​ចង្វាក់វាយ​នៃ​រំពាត់​ទណ្ឌកម្ម#30:32 រំពាត់ទណ្ឌកម្ម―ឬ “រំពាត់ដែលតម្រូវទុក”។
ដែល​ព្រះយេហូវ៉ា​ទ្រង់​ដាក់​លើ​ពួកគេ
នឹងរួម​ជាមួយ​ក្រាប់ និង​ពិណហាប​។
ព្រះអង្គ​នឹង​គ្រវី​ព្រះពាហុ​ច្បាំង​នឹង​ពួកគេ​ក្នុង​ចម្បាំង​។
33ជាការពិត កន្លែងបូជា#30:33 កន្លែងបូជា―ឬ “តូផែត”។​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក
មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។
ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ
ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន
គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕

Trenutno izabrano:

អេសាយ 30: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi