អេសាយ 29
29
វេទនាដល់យេរូសាឡិម
1“វេទនាហើយ អើរាលអើយ! អើរាលអើយ!
ជាទីក្រុងដែលដាវីឌបានបោះទ័ព!
ចូរបន្ថែមមួយឆ្នាំហើយមួយឆ្នាំទៀត
ហើយឲ្យមានពិធីបុណ្យវិលចុះវិលឡើង!
2ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល
នោះនាងនឹងមានការថ្ងូរ និងការទួញសោក
ហើយនាងនឹងបានដូចជាចង្ក្រានអាសនា#29:2 ចង្ក្រានអាសនា―ឬ “អើរាល”។ដល់យើង។
3យើងនឹងបោះទ័ពដូចជារង្វង់ទាស់នឹងអ្នក
ហើយយើងនឹងឡោមព័ទ្ធអ្នកដោយប៉ម
ព្រមទាំងដំឡើងគ្រឿងឡោមព័ទ្ធទាស់នឹងអ្នកផង។
4អ្នកនឹងត្រូវបានបន្ទាបចុះ
ក៏និយាយចេញពីដីមក
ពាក្យសម្ដីរបស់អ្នកនឹងឮតិចៗចេញពីធូលីដីមក
សំឡេងរបស់អ្នកនឹងបានដូចជាសំឡេងរបស់គ្រូអន្ទងខ្មោច គឺចេញពីដីមក
ពាក្យសម្ដីរបស់អ្នកនឹងខ្សឹបចេញពីធូលីដីមក។
5យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវដ៏ច្រើនសន្ធឹករបស់អ្នក នឹងបានដូចជាធូលីដ៏ម៉ដ្ដ
មនុស្សកាចសាហាវដ៏ច្រើនសន្ធឹកនឹងបានដូចជាអង្កាមដែលបក់កាត់មក
គឺការនោះនឹងកើតឡើងភ្លាមៗក្នុងមួយរំពេច។
6នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស
ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
7នោះអស់ទាំងប្រជាជាតិដ៏ច្រើនសន្ធឹកដែលច្បាំងនឹងអើរាល
គឺអស់អ្នកដែលច្បាំងនឹងនាង និងបន្ទាយរបស់នាង
ជាអ្នកដែលធ្វើទុក្ខនាង
គេនឹងបានដូចជាយល់សប្តិ និងនិមិត្តនៅពេលយប់។
8ដូចដែលកាលមនុស្សឃ្លានយល់សប្តិថាខ្លួនកំពុងតែហូប
តែភ្ញាក់ឡើង ក៏ចិត្តគេនៅតែទទេយ៉ាងណា
ឬដូចដែលកាលមនុស្សស្រេកយល់សប្តិថាខ្លួនកំពុងតែផឹក
តែភ្ញាក់ឡើង នោះមើល៍! គេអស់កម្លាំង ហើយចិត្តគេនៅតែស្រេកយ៉ាងណា
អស់ទាំងប្រជាជាតិដ៏ច្រើនសន្ធឹកដែលច្បាំងនឹងភ្នំស៊ីយ៉ូនក៏នឹងបានជាយ៉ាងនោះដែរ”។
9ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ!
ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ!
ពួកគេបានស្រវឹង តែមិនមែនដោយស្រា
ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង
10គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា
ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី
ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។
11ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា” 12ហើយនៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលមិនចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “ខ្ញុំមិនចេះអក្សរទេ”។
13ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖
“ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់
ហើយគោរពយើងដោយបបូរមាត់
ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង
ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង
ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
14ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក
នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ
ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។
15វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា!
កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖
“តើមានអ្នកណាមើលឃើញពួកយើង?
តើមានអ្នកណាស្គាល់ពួកយើង?”។
16នេះជាការត្រឡប់ត្រឡិនរបស់អ្នករាល់គ្នាហើយ!
តើជាងស្មូនត្រូវបានចាត់ទុកដូចជាដីឥដ្ឋឬ
បានជារបស់ដែលត្រូវបានបង្កើតនិយាយនឹងអ្នកដែលបង្កើតខ្លួនថា៖ “គាត់មិនបានបង្កើតខ្ញុំទេ” នោះ?
តើរបស់ដែលត្រូវបានសូននិយាយនឹងអ្នកដែលសូនខ្លួនថា៖ “គាត់មិនយល់អ្វីសោះ” ឬ?
17តើមិនមែននៅតែបន្តិចទៀតទេឬ
ដែលលីបង់នឹងត្រឡប់ទៅជាចម្ការសម្បូរផល
រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ?
18នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង
ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ
ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។
19មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា
ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ
ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
20ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ
មនុស្សចំអកឡកឡឺយនឹងអស់ទៅ
ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។
21ពួកគេចាប់កំហុសមនុស្សដោយពាក្យសម្ដី
ហើយដាក់អន្ទាក់ចាប់បណ្ដាអ្នកកាត់ក្ដីនៅខ្លោងទ្វារ
ព្រមទាំងបង្វែរមនុស្សសុចរិតចេញដោយហេតុផលឥតបានការ។
22ហេតុនេះហើយបានជាព្រះយេហូវ៉ាដែលប្រោសលោះអ័ប្រាហាំ មានបន្ទូលអំពីវង្សត្រកូលយ៉ាកុបដូច្នេះថា៖
“ឥឡូវនេះ យ៉ាកុបមិនអាម៉ាស់មុខទៀតឡើយ
ឥឡូវនេះ មុខរបស់គាត់ក៏មិនស្លេកទៀតដែរ។
23ដ្បិតកាលណាគាត់ឃើញកូនចៅរបស់ខ្លួនដែលជាស្នាដៃរបស់យើងនៅកណ្ដាលគាត់
ពួកគេនឹងតម្កើងនាមរបស់យើងជាវិសុទ្ធ
ហើយតម្កើងអង្គដ៏វិសុទ្ធនៃយ៉ាកុបជាវិសុទ្ធដែរ
ព្រមទាំងកោតខ្លាចព្រះនៃអ៊ីស្រាអែលផង។
24រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង
ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕
Trenutno izabrano:
អេសាយ 29: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative