Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 23

23
ទំនាយទាស់នឹងទីរ៉ុស
1នេះជា​ទំនាយ​ស្ដីអំពី​ទីរ៉ុស​:
សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​!
ដ្បិត​ទីរ៉ុស​ត្រូវបាន​បំផ្លាញ រហូតដល់​លែងមាន​ផ្ទះ លែងមាន​កំពង់ផែ​។
ការនេះ​ត្រូវបាន​បើកសម្ដែង​ដល់​គេ​ពី​ដែនដី​គីទីម​។
2ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ ចូរ​ស្ងៀម​ចុះ​!
ពួក​ឈ្មួញ​នៃ​ស៊ីដូន​ដែល​ឆ្លង​សមុទ្រ បាន​ចម្អែត​នាង​ហើយ​។
3ចំណូល​របស់នាង​នៅលើ​ទឹក​ដ៏ច្រើន
គឺ​ភោគផល​ពី​ស៊ីហោរ ជា​ចម្រូត​នៃ​ទន្លេនីល​។
ទីរ៉ុស​ជា​កន្លែងជួញដូរ​ដល់​ប្រជាជាតិ​នានា​។
4ស៊ីដូន​អើយ ចូរ​អាម៉ាស់មុខ​ចុះ​!
ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទីមាំមួន​នៃ​សមុទ្រ​បាន​ពោលថា​៖
“យើង​មិន​បាន​ឈឺពោះឆ្លងទន្លេ ហើយ​មិន​បាន​សម្រាលកូន​ឡើយ
ក៏​មិន​បាន​ចិញ្ចឹម​មនុស្សកំលោះ ឬ​បីបាច់ថែរក្សា​ស្រីក្រមុំ​ដែរ”។
5កាលណា​ដំណឹង​នេះ​ទៅដល់​អេហ្ស៊ីប
គេ​នឹង​ឈឺចាប់​ដោយសារតែ​ដំណឹង​អំពី​ទីរ៉ុស​។
6ពួកអ្នកដែល​រស់នៅ​តាម​ឆ្នេរសមុទ្រ​អើយ
ចូរ​ទ្រហោយំ​ចុះ​!
ចូរ​ឆ្លង​ទៅ​តើស៊ីស​ទៅ​!
7តើ​នេះ​ជាទីក្រុង​រីករាយ​របស់​អ្នករាល់គ្នា
ដែលមាន​ប្រភពដើម​តាំងពី​គ្រា​បុរាណ​មក
ដែល​ជើង​របស់នាង​បាន​នាំ​នាង​ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​ឬ​?
8តើ​នរណា​បាន​គ្រោង​ការនេះ​ទាស់នឹង​ទីរ៉ុស
ជាទីក្រុង​ដែល​ធ្លាប់​បំពាក់មកុដ​ឲ្យគេ
ដែល​ពួក​ឈ្មួញ​របស់នាង​ជា​មេដឹកនាំ
ដែល​ពួក​អ្នកជំនួញ​របស់នាង​ជា​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​?
9គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ
ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង
ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។
10កូនស្រី​តើស៊ីស​អើយ
ចូរ​ឆ្លង​ទឹកដី​របស់នាង​ដូចជា​ទន្លេនីល​ចុះ
គ្មាន​ការឃាត់ឃាំង#23:10 ការឃាត់ឃាំង―ឬ “កំពង់ផែ”។​នាង​ទៀត​ឡើយ​។
11ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ
ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។
ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។
12ព្រះអង្គ​មានបន្ទូលថា​៖
“កូនស្រី​ក្រមុំ​ស៊ីដូន​ដែល​រងការសង្កត់សង្កិន​អើយ
នាង​នឹង​មិន​លោតកញ្ឆេង​ទៀត​ទេ​!
ចូរ​ក្រោកឡើង​ឆ្លងទៅ​គីទីម​ចុះ​!
ទោះបីជា​នៅ​ទីនោះ​ក៏ដោយ ក៏​នាង​មិន​បាន​សម្រាក​ឡើយ”។
13មើល៍! ទឹកដី​របស់​ជនជាតិខាល់ដេ​!
ប្រជាជន​នៃ​ទឹកដីនោះ​លែង​មាន​ទៀត​ហើយ​។
ជនជាតិអាស្ស៊ីរី​បាន​កំណត់​ទឹកដីនោះ​សម្រាប់​សត្វព្រៃនៅទីរហោស្ថាន​;
ពួកគេ​បាន​ដំឡើង​ប៉ម​របស់ខ្លួន
ហើយ​កម្ទេច​បន្ទាយ​របស់ទឹកដីនោះ
ព្រមទាំង​ធ្វើឲ្យ​ទឹកដីនោះ​ទៅជា​ទីបាក់បែក​ផង​។
14សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​!
ដ្បិត​បន្ទាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បំផ្លាញ​ហើយ​។
15នៅ​ថ្ងៃ​នោះ ទីរ៉ុស​នឹង​ត្រូវគេ​ភ្លេច​ចិតសិប​ឆ្នាំ តាម​គ្រា​នៃ​ស្ដេច​មួយ​អង្គ​; លុះ​ផុត​ចិតសិប​ឆ្នាំ​ហើយ ក៏​នឹង​កើតមាន​ដល់​ទីរ៉ុស ដូច​បទចម្រៀង​របស់​ស្ត្រីពេស្យា​៖
16“ស្ត្រីពេស្យា​ដែល​ត្រូវគេ​ភ្លេច​អើយ
ចូរ​កាន់​ពិណហាប​ដើរចុះឡើង​ក្នុង​ទីក្រុង
ហើយ​ដេញ​ឲ្យ​ពីរោះ​ចុះ
ព្រមទាំង​ច្រៀង​ចម្រៀង​ច្រើន​បទ
ដើម្បីឲ្យ​នាង​ត្រូវគេ​នឹកចាំ​វិញ​!”។
17លុះ​ផុត​ចិតសិប​ឆ្នាំ ព្រះយេហូវ៉ា​នឹង​ប្រោសប្រណី​ដល់​ទីរ៉ុស នោះ​នាង​នឹង​ត្រឡប់ទៅ​រក​ប្រាក់ឈ្នួល​របស់ខ្លួន​វិញ ហើយ​ធ្វើជំនួញ#23:17 ធ្វើជំនួញ―ន័យត្រង់គឺ “ប្រព្រឹត្តអំពើពេស្យា”។​ជាមួយ​អស់ទាំង​អាណាចក្រ​នៃ​ពិភពលោក នៅលើ​ផ្ទៃ​ផែនដី​។ 18កម្រៃ​របស់នាង និង​ប្រាក់ឈ្នួល​របស់នាង នឹង​បានជា​វិសុទ្ធ​ដល់​ព្រះយេហូវ៉ា​។ គេ​នឹង​មិន​សន្សំទុក ក៏​មិន​ប្រមូលទុក​ទៀតទេ ដ្បិត​កម្រៃ​របស់នាង​នឹង​បាន​សម្រាប់​អ្នកដែល​រស់នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បីឲ្យ​បាន​ហូប​ឆ្អែត និង​បាន​សម្រាប់​សម្លៀកបំពាក់​យ៉ាងល្អ​៕

Trenutno izabrano:

អេសាយ 23: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi