អេសាយ 22
22
ទំនាយទាស់នឹងយេរូសាឡិម
1នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត:
តើមានរឿងអ្វីកើតឡើងដល់អ្នក
បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ?
2អ្នកដែលពេញដោយភាពអ៊ូអរ ជាទីក្រុងអ៊ូអែ ជាតំបន់រីករាយអើយ
អ្នកដែលត្រូវគេសម្លាប់របស់អ្នក
មិនមែនត្រូវគេសម្លាប់ដោយមុខដាវទេ
ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
3អ្នកដឹកនាំទាំងអស់របស់អ្នកបានរត់គេចជាមួយគ្នា
ពួកគេត្រូវបានចាប់ចងដោយមិនប្រើធ្នូ។
មនុស្សទាំងអស់របស់អ្នក ដែលគេរកឃើញ ក៏ត្រូវបានចាប់ចងជាមួយគ្នា
ទោះបីជាបានរត់គេចទៅឆ្ងាយហើយក៏ដោយ។
4ដោយហេតុនេះ ខ្ញុំនិយាយថា៖
“សូមបែរចេញពីខ្ញុំ
សូមទុកឲ្យខ្ញុំយំសោកយ៉ាងល្វីងជូរចត់ចុះ!
កុំខំសម្រាលទុក្ខខ្ញុំអំពីការបំផ្លាញកូនស្រីប្រជាជនខ្ញុំឡើយ!”។
5ដ្បិតព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារទ្រង់ធ្វើឲ្យមានថ្ងៃនៃចលាចល ការជាន់ឈ្លី និងការច្របូកច្របល់ នៅក្នុងជ្រលងភ្នំនៃនិមិត្ត
គឺជាការបំបាក់បំបែកកំពែង និងជាការស្រែកទៅភ្នំ។
6អេឡាំបានស្ពាយបំពង់ព្រួញ ដោយមានរទេះចម្បាំង និងទ័ពសេះផង
ហើយគារបានបើកខែលចេញ។
7ជ្រលងភ្នំដ៏ល្អបំផុតរបស់អ្នកបានពេញដោយរទេះចម្បាំង
ពលសេះក៏តម្រៀបគ្នានៅខ្លោងទ្វារក្រុង។
8ព្រះអង្គបានយករបាំងរបស់យូដាចេញហើយ។
នៅថ្ងៃនោះ អ្នករាល់គ្នា#22:8 អ្នករាល់គ្នា―ន័យត្រង់គឺ “អ្នក”។បានរំពឹងមើលទៅអាវុធក្នុងវិមាននៃព្រៃឈើ។ 9អ្នករាល់គ្នាបានឃើញថាកន្លែងបាក់បែកនៃទីក្រុងរបស់ដាវីឌមានច្រើនណាស់ នោះអ្នករាល់គ្នាក៏ប្រមូលទឹកនៅស្រះខាងក្រោម 10ព្រមទាំងរាប់ចំនួនផ្ទះនៅយេរូសាឡិម ហើយរំលំផ្ទះទាំងនោះដើម្បីពង្រឹងកំពែង។ 11អ្នករាល់គ្នាបានធ្វើអាងទឹកនៅចន្លោះកំពែងទាំងពីរ សម្រាប់ទឹករបស់ស្រះចាស់។ យ៉ាងណាមិញ អ្នករាល់គ្នាមិនបានរំពឹងមើលទៅព្រះអង្គដែលធ្វើការទាំងនោះ ក៏មិនបានសម្លឹងមើលទៅព្រះអង្គដែលរៀបគម្រោងការទាំងនោះតាំងពីយូរមកនោះដែរ។
12នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ
បានហៅអ្នករាល់គ្នាមក
ឲ្យយំសោក
ឲ្យទួញសោក
ឲ្យកោរសក់
និងឲ្យក្រវាត់ក្រណាត់ធ្មៃ។
13ផ្ទុយទៅវិញ
មើល៍! មានការសប្បាយរីករាយ
ការសម្លាប់គោ និងការសម្លាប់ចៀម
ការស៊ីសាច់ និងការផឹកស្រា
ទាំងពោលថា៖ “ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
14ព្រះយេហូវ៉ានៃពលបរិវារបានបើកសម្ដែងដល់ត្រចៀកខ្ញុំថា៖
“សេចក្ដីទុច្ចរិតនេះនឹងមិនត្រូវបានលុបលាងឲ្យអ្នករាល់គ្នាឡើយ រហូតដល់អ្នករាល់គ្នាស្លាប់!”។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលហើយ។
ទំនាយទាស់នឹងសេបណា
15ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “មក៍! ចូរទៅរកចៅហ្វាវាំងម្នាក់នេះ គឺសេបណាដែលត្រួតលើរាជវាំង ហើយនិយាយថា: 16‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។ 17មើល៍! មនុស្សខ្លាំងពូកែអើយ ព្រះយេហូវ៉ានឹងគ្រវែងអ្នកចោលយ៉ាងខ្លាំង។ ព្រះយេហូវ៉ានឹងចាប់អ្នកជាប់ 18ហើយមូរអ្នកទុកយ៉ាងណែន គឺមូរអ្នកជាដុំ រួចបោះទៅក្នុងទឹកដីធំទូលាយមួយ! អ្នកដែលជាសេចក្ដីអាម៉ាស់ដល់វង្សត្រកូលនៃចៅហ្វាយរបស់ខ្លួនអើយ អ្នកនឹងស្លាប់នៅទីនោះ ហើយរទេះចម្បាំងដ៏រុងរឿងរបស់អ្នកនឹងនៅទីនោះដែរ!’។ 19យើងនឹងបណ្ដេញអ្នកចេញពីតំណែងរបស់អ្នក ហើយអ្នកនឹងត្រូវបានទម្លាក់ចុះពីមុខងាររបស់អ្នក។
20“នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើងមក គឺអេលាគីមកូនរបស់ហ៊ីលគីយ៉ា។ 21យើងនឹងពាក់អាវវែងរបស់អ្នកឲ្យគាត់ ហើយចងខ្សែក្រវាត់របស់អ្នកឲ្យគាត់ ព្រមទាំងប្រគល់អំណាចគ្រប់គ្រងរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គាត់វិញ នោះគាត់នឹងធ្វើជាឪពុកដល់អ្នកដែលរស់នៅយេរូសាឡិម និងដល់វង្សត្រកូលយូដា។ 22យើងនឹងដាក់កូនសោនៃវង្សត្រកូលដាវីឌលើស្មាគាត់ នោះអ្វីដែលគាត់បានបើក គ្មានអ្នកណាបិទបានឡើយ ហើយអ្វីដែលគាត់បានបិទ ក៏គ្មានអ្នកណាបើកបានដែរ។ 23យើងនឹងបោះគាត់ភ្ជាប់នឹងកន្លែងរឹងមាំមួយ ដូចដែកគោល ហើយគាត់នឹងបានជាបល្ល័ង្កដ៏រុងរឿងដល់វង្សត្រកូលរបស់ឪពុកគាត់។ 24គេនឹងយកអស់ទាំងសិរីរុងរឿងនៃវង្សត្រកូលរបស់ឪពុកគាត់ ព្យួរនៅលើគាត់ គឺទាំងកូនចៅ និងសែស្រឡាយ ដែលប្រៀបដូចជាអស់ទាំងភាជនៈតូចៗ ចាប់ពីពែង រហូតដល់ថូគ្រប់ប្រភេទ”។ 25នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ ដែកគោលដែលត្រូវបានបោះភ្ជាប់នឹងកន្លែងរឹងមាំនោះ នឹងរបូតចេញ ហើយត្រូវបានកាប់ ក៏ធ្លាក់ចុះ នោះបន្ទុកដែលនៅលើដែកគោលនោះនឹងត្រូវបានកាត់ចេញ”។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ៕
Trenutno izabrano:
អេសាយ 22: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative