អេសាយ 24
24
ការជំនុំជម្រះផែនដី
1មើល៍! ព្រះយេហូវ៉ានឹងធ្វើឲ្យផែនដីនៅទទេ
និងធ្វើឲ្យវាវិនាសទៅ
ហើយបង្វៀចផ្ទៃរបស់វា
ព្រមទាំងកម្ចាត់កម្ចាយអ្នកដែលរស់នៅលើវាផង។
2នៅគ្រានោះនឹងមានកើតឡើងដូច្នេះ:
ដូចដែលជនសាមញ្ញជាយ៉ាងណា បូជាចារ្យក៏ជាយ៉ាងនោះ;
ដូចដែលបាវបម្រើប្រុសជាយ៉ាងណា ចៅហ្វាយប្រុសក៏ជាយ៉ាងនោះ;
ដូចដែលបាវបម្រើស្រីជាយ៉ាងណា ចៅហ្វាយស្រីក៏ជាយ៉ាងនោះ;
ដូចដែលអ្នកទិញជាយ៉ាងណា អ្នកលក់ក៏ជាយ៉ាងនោះ;
ដូចដែលអ្នកឲ្យខ្ចីជាយ៉ាងណា អ្នកខ្ចីក៏ជាយ៉ាងនោះ;
ដូចដែលម្ចាស់បំណុលជាយ៉ាងណា កូនបំណុលក៏ជាយ៉ាងនោះ។
3ផែនដីនឹងនៅទទេធេង
ហើយត្រូវបានប្លន់ទាំងស្រុង
ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះហើយ។
4ផែនដីបានក្រៀមស្ងួត ហើយស្រពោនទៅ
ពិភពលោកក៏អន់ថយ ហើយស្រពោនទៅដែរ
មនុស្សមានឋានៈខ្ពស់នៃផែនដីបានអន់ថយទៅ។
5ផែនដីបានសៅហ្មងនៅក្រោមអ្នកដែលរស់នៅលើវា
ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យ
បំពានបទបញ្ញត្តិ
ហើយផ្ដាច់សម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។
6ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី
ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស;
ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ
ហើយមានមនុស្សតិចតួចនៅសល់។
7ស្រាទំពាំងបាយជូរថ្មីបានរីងស្ងួត
ហើយដើមទំពាំងបាយជូរក៏ក្រៀមស្វិត
រីឯអស់អ្នកដែលមានចិត្តអរសប្បាយបានដកដង្ហើមធំ។
8សេចក្ដីរីករាយពីក្រាប់បានបាត់
សូរសន្ធឹកដ៏រីករាយបានឈប់
ហើយសេចក្ដីរីករាយពីពិណហាបក៏អស់ទៅ។
9ពួកគេនឹងមិនផឹកស្រាទាំងច្រៀងទៀតឡើយ;
គ្រឿងស្រវឹងនឹងធ្វើឲ្យមានភាពល្វីងជូរចត់ដល់អ្នកដែលផឹកវា។
10ទីក្រុងហិនហោចនឹងត្រូវបានកម្ទេច
គ្រប់ទាំងផ្ទះបានបិទ ដើម្បីកុំឲ្យអ្នកណាចូល។
11មានសម្រែករកស្រានៅតាមផ្លូវ
អស់ទាំងការសប្បាយទៅជាងងឹត
ហើយសេចក្ដីរីករាយនៃផែនដីក៏ចាកចេញទៅ។
12នៅក្នុងទីក្រុងសល់តែការហិនវិនាស
ហើយខ្លោងទ្វារក្រុងក៏ត្រូវបានបុកកម្ទេចជាគំនរបាក់បែក។
13ដ្បិតនឹងមានដូច្នេះនៅកណ្ដាលផែនដី ក្នុងចំណោមជាតិសាសន៍ទាំងឡាយ
គឺដូចជាការអង្រួនដើមអូលីវ
និងដូចជាការបេះសន្សំផ្លែទំពាំងបាយជូរ
ក្រោយពីការប្រមូលផលទំពាំងបាយជូរបានបញ្ចប់។
14ពួកគេនឹងបន្លឺសំឡេងរបស់ពួកគេ
ពួកគេនឹងច្រៀងដោយអំណរ;
ពួកគេនឹងស្រែកហ៊ោពីទិសខាងលិច
ដោយព្រោះភាពឧត្ដុង្គឧត្ដមរបស់ព្រះយេហូវ៉ា។
15ដោយហេតុនេះ នៅទិសខាងកើត ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ា
នៅតាមកោះនៃសមុទ្រ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។
16យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖
“សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។
ប៉ុន្តែខ្ញុំនិយាយថា៖
“ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ!
មនុស្សក្បត់បានក្បត់
មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។
17អ្នកដែលរស់នៅផែនដីអើយ
ការភិតភ័យ រណ្ដៅ និងអន្ទាក់នឹងធ្លាក់មកលើអ្នក!
18ពេលនោះនឹងមានកើតឡើងដូច្នេះ:
អ្នកដែលរត់គេចពីសូរនៃការភិតភ័យនឹងធ្លាក់ទៅក្នុងរណ្ដៅ
ហើយអ្នកដែលឡើងពីក្នុងរណ្ដៅនឹងជាប់អន្ទាក់
ដ្បិតបង្អួចនៅស្ថានដ៏ខ្ពស់បានបើកចំហ
ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
19ផែនដីបានបាក់បែកអស់រលីង
ផែនដីបានញែកចេញពីគ្នា
ផែនដីបានរង្គើជាខ្លាំង។
20ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង
ហើយយីកយោកដូចខ្ទម។
ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា
ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។
21នៅថ្ងៃនោះ
ព្រះយេហូវ៉ានឹងដាក់ទោសពលបរិវារនៃស្ថានដ៏ខ្ពស់ដែលនៅស្ថានដ៏ខ្ពស់
ក៏នឹងដាក់ទោសបណ្ដាស្ដេចនៃផែនដីនៅលើផែនដីផង។
22ពួកគេនឹងត្រូវបានប្រមូលជាមួយគ្នាដូចឈ្លើយសឹកដែលនៅក្នុងគុកងងឹត
ពួកគេនឹងត្រូវបានឃុំក្នុងគុក ហើយក្រោយមកជាយូរថ្ងៃ ពួកគេនឹងត្រូវបានដាក់ទោស។
23ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស
ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ
ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម
ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕
Trenutno izabrano:
អេសាយ 24: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative