Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 21

21
ការជំនុំជម្រះបាប៊ីឡូន
1នេះជា​ទំនាយ​ស្ដីអំពី​ទីរហោស្ថាន​នៅក្បែរ​សមុទ្រ​:
ដូចដែល​ខ្យល់កួច​នៅ​ណេកិប​បក់​មកពី​ទីរហោស្ថាន​យ៉ាងណា
វា​នឹង​មក​ពី​ដែនដី​ដ៏​គួរឲ្យខ្លាច​យ៉ាងនោះដែរ​។
2មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖
“មនុស្ស​ក្បត់​កំពុងតែ​ក្បត់
មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។
អេឡាំ​អើយ ចូរ​ឡើងទៅ​!
មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​!
យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។
3ហេតុនេះហើយបានជា​ចង្កេះ​របស់ខ្ញុំ​ពេញ​ដោយ​ការឈឺចាប់
ការឈឺចុកចាប់​បាន​ចាប់​ខ្ញុំ ដូច​ការឈឺចុកចាប់​របស់​ស្ត្រីដែល​កំពុង​សម្រាលកូន​។
ខ្ញុំ​វិលវល់​បានជាស្ដាប់មិនឮ
ខ្ញុំ​តក់ស្លុត​បានជាមើលមិនឃើញ​។
4ចិត្ត​របស់ខ្ញុំ​បាន​វង្វេង
សេចក្ដីតក់ស្លុត​បាន​បំភ័យ​ខ្ញុំ
ថ្ងៃលិច​ដែលជា​ទីប្រាថ្នា​របស់ខ្ញុំ បាន​ត្រឡប់ជា​ការភិតភ័យ​ដល់​ខ្ញុំ​វិញ​។
5ចូរ​រៀប​តុអាហារ ចូរ​ក្រាល​កម្រាល ហើយ​ស៊ីផឹក​ចុះ​។
បណ្ដា​មេដឹកនាំ​អើយ
ចូរ​ក្រោកឡើង
ចូរ​លាបប្រេង​លើ​ខែល​ទៅ​!
6ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖
“ចូរ​ទៅ​ដាក់​អ្នកយាម​ម្នាក់ ឲ្យ​គេ​ប្រាប់​អ្វីដែល​គេ​ឃើញ​។
7កាលណា​គេ​ឃើញ​រទេះចម្បាំង​ជាមួយ​ពលសេះ​មួយគូ​ៗ អ្នកជិះ​លា និង​អ្នកជិះ​អូដ្ឋ
ចូរឲ្យ​គេ​យកចិត្តទុកដាក់យ៉ាងខ្លាំង
គឺ​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត”។
8រួច​អ្នកយាម#21:8 អ្នកយាម―ន័យត្រង់គឺ “តោ”។​ស្រែកថា​៖
“លោកម្ចាស់​នៃខ្ញុំ​អើយ
ពេលថ្ងៃ​ខ្ញុំ​ឈរ​នៅលើ​ប៉ម​ជានិច្ច
ហើយ​រៀងរាល់​យប់​ខ្ញុំ​ប្រចាំការ​នៅ​ទីចាំយាម​របស់ខ្ញុំ​។
9ហើយ​មើល៍! មាន​រទេះចម្បាំង ពលទាហាន និង​ពលសេះ​មួយគូ​ៗ​កំពុង​មក​!”។
នោះ​មាន​គេ​តប​ថា​៖
“រលំ​ហើយ​! បាប៊ីឡូន​បាន​រលំ​ហើយ​!
អស់ទាំង​រូបឆ្លាក់​នៃ​បណ្ដា​ព្រះ​របស់នាង​បាន​បាក់បែក​នៅលើ​ដី​ហើយ”។
10ប្រជាជនដែលត្រូវបានបញ្ជាន់​របស់ខ្ញុំ
ប្រជាជន​នៃ​លានបោកស្រូវ​របស់ខ្ញុំ​អើយ
អ្វីដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល
ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់គ្នា​ហើយ​។
ទំនាយទាស់នឹងឌូម៉ា
11នេះជា​ទំនាយ​ស្ដីអំពី​ពួក​ឌូម៉ា​:
មាន​ម្នាក់​ស្រែក​មក​ខ្ញុំ​ពី​សៀរ​ថា​៖
“អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?
អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?”។
12អ្នកយាម​ឆ្លើយថា​៖
“ពេលព្រឹក​កំពុងតែ​មក ហើយ​ពេលយប់​ក៏​មកទៀត​ដែរ​។
បើ​អ្នក​ចង់​សួរ ចូរ​សួរ​ចុះ​!
ចូរ​ត្រឡប់​មក​ទៀត​ចុះ”។
ទំនាយទាស់នឹងអារ៉ាប៊ី
13នេះជា​ទំនាយ​ស្ដីអំពី​អារ៉ាប៊ី​:
ក្បួនឈ្មួញ​នៃ​ជនជាតិដេដាន់​អើយ
អ្នករាល់គ្នា​នឹង​ស្នាក់នៅពេលយប់​ក្នុង​ព្រៃ​នៅ​អារ៉ាប៊ី​។
14ពួកអ្នកដែល​រស់នៅ​ដែនដី​ថេម៉ា​អើយ
ចូរ​យក​ទឹក​មក​ជួប​អ្នកដែល​ស្រេក
ចូរ​ទទួល​អ្នកដែល​រត់គេច​ជាមួយនឹង​អាហារ​របស់ខ្លួន​ចុះ
15ពីព្រោះ​ពួកគេ​បាន​រត់គេច​ពី​ដាវ
គឺ​ពី​ដាវ​ដែល​ហូតចេញ
ពី​ធ្នូ​ដែល​យឹត​ជាស្រេច
និង​ពី​បន្ទុក​នៃ​សង្គ្រាម​។
16ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូល​នឹង​ខ្ញុំ​ដូច្នេះ​ថា​៖ “ក្នុង​មួយ​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល អស់ទាំង​សិរីរុងរឿង​របស់​ពួក​កេដារ​នឹង​សាបសូន្យ​ទៅ​។ 17នោះ​ចំនួន​សំណល់​នៃ​ពលធ្នូ​ដ៏ខ្លាំងពូកែ​ក្នុង​កូនចៅ​កេដារ នឹង​សល់តិច”។ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល បាន​មានបន្ទូល​ហើយ​៕

Trenutno izabrano:

អេសាយ 21: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi