Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 17

17
ទំនាយទាស់នឹងដាម៉ាស់
1នេះជា​ទំនាយ​ស្ដីអំពី​ដាម៉ាស់​:
“មើល៍! ដាម៉ាស់​នឹង​ត្រូវបាន​ដកចេញ​ពី​ភាពជា​ទីក្រុង
គឺ​ត្រឡប់ជា​គំនរ​បាក់បែក​វិញ​។
2ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល
ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​;
ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។
3រីឯ​បន្ទាយ​នឹង​បាត់​ពី​អេប្រាអិម
ហើយ​រាជ្យអំណាច​នឹង​បាត់​ពី​ដាម៉ាស់​។
សំណល់​នៃ​ជនជាតិអើរ៉ាម​នឹង​បាន​ដូចជា​សិរីរុងរឿង​របស់​កូនចៅ​អ៊ីស្រាអែល”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។
ការជំនុំជម្រះអ៊ីស្រាអែល
4“នៅ​ថ្ងៃ​នោះ សិរីរុងរឿង​របស់​យ៉ាកុប​នឹង​ដុនដាប
ហើយ​មាឌ​ធាត់​របស់គេ​នឹង​ត្រឡប់ជាស្គមស្គាំង​វិញ​។
5យ៉ាងណាមិញ នឹង​មានកើតឡើងដូច្នេះ​:
ដូចដែល​អ្នកច្រូត​ប្រមូល​ស្រូវ ក៏​ច្រូត​កួរស្រូវ​ដោយ​ដៃ​របស់ខ្លួន​យ៉ាងណា
ហើយ​ដូចដែល​គេ​រើសសន្សំ​កួរស្រូវ​នៅក្នុង​ជ្រលងភ្នំ​រេផែម​យ៉ាងណា
6គង់តែ​មាន​សំណល់​នៅសល់​នៅ​ទីនោះ​យ៉ាងនោះដែរ
គឺ​ដូចជា​ការអង្រួន​ដើមអូលីវ ដែលតែងតែ​មាន​ផ្លែ​ពីរ​បី​នៅ​ចុងដើម
ក៏​មាន​បួន​ប្រាំ​នៅ​មែក​ដែល​មានផ្លែច្រើន”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​។
7នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់មើល​ព្រះសូនបង្កើត​របស់ខ្លួន
ហើយ​ភ្នែក​របស់គេ​នឹង​សម្លឹងមើល​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។
8គេ​នឹង​លែង​ផ្ចង់មើល​អាសនា​ដែលជា​ស្នាដៃ​របស់ខ្លួន
ក៏​លែង​សម្លឹងមើល​រូប​ព្រះម៉ែអាសេរ៉ា និង​រូបព្រះអាទិត្យ​ដែល​ម្រាមដៃ​គេ​បាន​ធ្វើ​ដែរ​។
9នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ
ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល
ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។
10ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក
ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។
ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត
ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ
11ទោះបីជា​អ្នក​បណ្ដុះ​វា​នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​វា
ហើយ​ធ្វើឲ្យ​វា​ចេញផ្កា​នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​វា​ក៏ដោយ
ក៏​ចម្រូត​នឹង​រត់គេច​នៅ​ថ្ងៃ​នៃ​ការ​កើតជំងឺ និង​ការឈឺចាប់​ដែល​ព្យាបាលមិនបាន​។
ការជំនុំជម្រះប្រជាជាតិនានា
12វេទនា​ហើយ​!
សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​!
សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!
13ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន
ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ
នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ
ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់
និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។
14នៅ​ពេល​ល្ងាច មើល៍! មាន​សេចក្ដីគួរឲ្យខ្លាច​!
មុន​ពេលព្រឹក គ្មាន​ពួកគេ​ឡើយ​!
នេះ​ហើយ​ជា​ចំណែក​របស់​អ្នកដែល​រឹបជាន់យក​ពី​យើង
ជា​វាសនា​របស់​អ្នកដែល​ប្លន់យក​ពី​យើង​៕

Trenutno izabrano:

អេសាយ 17: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi