Logo Aplikacije Biblija
Dugme za pretraživanje

អេសាយ 16

16
1ចូរ​ផ្ញើ​កូនចៀម​ទៅ​មេគ្រប់គ្រង​នៃ​ទឹកដី​នេះ
គឺ​ចេញពី​សិឡា កាត់តាម​ទីរហោស្ថាន ទៅឯ​ភ្នំ​នៃ​កូនស្រី​ស៊ីយ៉ូន​!
2នៅ​កន្លែងឆ្លងទឹក​នៃ​ទន្លេអើណូន
កូនស្រី​ម៉ូអាប់​នឹង​បាន​ដូចជា​បក្សាបក្សី​ដែល​រត់គេច
ក៏បាន​ដូចជា​សម្បុក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។
3ម៉ូអាប់ពោលថា​៖#16:3 ម៉ូអាប់​ពោលថា៖―ជាពាក្យជំនួយ។ “សូម​ផ្ដល់​សេចក្ដីប្រឹក្សា​មក ហើយ​អនុវត្ត​សេចក្ដីយុត្តិធម៌​;
នៅកណ្ដាល​ថ្ងៃត្រង់ សូម​ធ្វើឲ្យ​ម្លប់​របស់អ្នក​បាន​ដូចជា​យប់
សូម​បំពួន​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ
សូម​កុំ​បើកបង្ហាញ​ពួកអ្នកដែល​រត់គេច​នោះ​ឡើយ​។
4សូមឲ្យ​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ​របស់យើង
គឺ​ម៉ូអាប់ បាន​រស់នៅបណ្ដោះអាសន្ន​ក្នុងចំណោម​អ្នក
សូម​ធ្វើជា​ទីលាក់កំបាំង​ដល់​ពួកគេ ពី​អ្នក​បំផ្លាញ​ផង”។
កាលណា​អ្នកសង្កត់សង្កិន​អស់ទៅ
ការបំផ្លាញ​បាន​ចប់
ហើយ​អ្នក​ជាន់ឈ្លី​បាន​វិនាស​ពី​ទឹកដី​នោះ
5ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល
ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ
ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌
ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។
6ពួកយើង​បាន​ឮ​អំពី​អំនួត​របស់​ម៉ូអាប់
ពួកគេ​មានអំនួត​ណាស់ហ្ន៎​!
គឺ​ពួកយើង​បាន​ឮ​អំពី​ភាពព្រហើន​របស់ពួកគេ
អំនួត​របស់ពួកគេ
និង​សេចក្ដីក្ដៅក្រហាយ​របស់ពួកគេ​;
ការអួតបំផ្លើស​របស់ពួកគេ​មិន​ពិត​ទេ​។
7ដោយហេតុនេះ ចូរឲ្យ​ជនជាតិម៉ូអាប់​ទ្រហោយំ​ចំពោះ​ជនជាតិម៉ូអាប់
ចូរឲ្យ​ពួកគេ​គ្រប់គ្នា​ទ្រហោយំ​ចុះ​។
អ្នករាល់គ្នា​នឹង​យំសោក​ចំពោះ​នំទំពាំងបាយជូរក្រៀម​នៃ​គារ-ហារ៉ាសែត ទាំង​ឈឺផ្សា​ក្រៃលែង
8ដ្បិត​ចម្ការ​នៃ​ហែសបូន និង​ដើមទំពាំងបាយជូរ​នៃ​ស៊ីបម៉ា​បាន​ក្រៀមស្វិត​ទៅ
ពួក​ចៅហ្វាយ​នៃ​ប្រជាជាតិ​នានា​បាន​វាយកម្ទេច​មែកទំពាំងបាយជូរដ៏ល្អបំផុត​របស់ពួកគេ
ដែល​លូត​រហូតដល់​យ៉ាស៊ើរ
ដែល​ដុះរាលដាល​ទៅ​ទីរហោស្ថាន
លំពង់​របស់វា​ក៏​បែកសាយ​កាត់​សមុទ្រ​។
9ហេតុនេះហើយបានជា​ខ្ញុំ​យំសោក​ដោយ​ការយំសោក​របស់​យ៉ាស៊ើរ
ចំពោះ​ដើមទំពាំងបាយជូរ​របស់​ស៊ីបម៉ា​។
ហែសបូន និង​អេលាលេ​អើយ
ខ្ញុំ​នឹង​បញ្ជោក​អ្នក​ដោយ​ទឹកភ្នែក​របស់ខ្ញុំ
ពីព្រោះ​ការស្រែកហ៊ោ​ចំពោះ​ផ្លែឈើរដូវក្ដៅ​របស់អ្នក
និង​ចំពោះ​ចម្រូត​របស់អ្នក ឈប់មាន​ហើយ​។
10អំណរ និង​សេចក្ដីត្រេកអរ​ត្រូវបាន​ដកចេញ​ពី​ចម្ការសម្បូរផល
គេ​លែង​ច្រៀងដោយអំណរ
លែង​ស្រែកហ៊ោសប្បាយ​នៅក្នុង​ចម្ការទំពាំងបាយជូរ
ក៏​លែង​មាន​អ្នក​ជាន់ ដែល​ជាន់​ក្នុង​ទីបញ្ជាន់ផ្លែ​ដើម្បីធ្វើ​ស្រាទំពាំងបាយជូរ​ដែរ
គឺ​យើង​បាន​បញ្ឈប់​ការស្រែកហ៊ោ​ហើយ​!
11ដោយហេតុនេះ ដួងចិត្ត​របស់ខ្ញុំ​នឹង​ស្រែកថ្ងូរ​ដូច​ពិណហាប​ចំពោះ​ម៉ូអាប់
ផ្នែកខាងក្នុងនៃរូបកាយ​ខ្ញុំ​ស្រែកថ្ងូរ​ចំពោះ​គារ-ហារ៉ាសែត​។
12លុះ​ពេល​ម៉ូអាប់​លេចមក
ពេល​គេ​នឿយហត់​នៅ​ទីខ្ពស់
ពេល​គេ​ចូលទៅ​ទីវិសុទ្ធ​របស់គេ​ដើម្បី​អធិស្ឋាន
នោះក៏​គ្មានប្រយោជន៍អ្វី​ដែរ​។
13នេះ​ជា​សេចក្ដី​ដែល​ព្រះយេហូវ៉ា​បាន​មានបន្ទូល​កាលពីមុន ស្ដីអំពី​ម៉ូអាប់​។ 14ប៉ុន្តែ​ឥឡូវនេះ ព្រះយេហូវ៉ា​មានបន្ទូល​ថា​៖ “ក្នុង​បី​ឆ្នាំ​ទៀត តាម​ឆ្នាំ​របស់​ឈ្នួល សិរីរុងរឿង​របស់​ម៉ូអាប់​នឹង​ត្រូវគេ​មើលងាយ រួមទាំង​ប្រជាជន​ដ៏ច្រើន​ទាំងអស់​ផង រីឯ​សំណល់​មនុស្ស​មាន​តិចតួចណាស់ ក៏មិន​ខ្លាំង​ដែរ”៕

Trenutno izabrano:

អេសាយ 16: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi