អេសាយ 1
1
1និមិត្តរបស់អេសាយកូនរបស់អ័ម៉ូស ដែលគាត់បានឃើញទាក់ទងនឹងយូដា និងយេរូសាឡិម នៅសម័យអូសៀស យ៉ូថាម អ័ហាស និងហេសេគា ជាស្ដេចនៃយូដា:
យូដាត្រូវបានជំនុំជម្រះ
2ផ្ទៃមេឃអើយ ចូរស្ដាប់!
ផែនដីអើយ ចូរផ្ទៀងត្រចៀក!
ដ្បិតព្រះយេហូវ៉ាមានបន្ទូលថា៖
“យើងបានចិញ្ចឹម ហើយបានបីបាច់ថែរក្សាកូន
ប៉ុន្តែពួកវាបានបះបោរនឹងយើងវិញ។
3គោស្គាល់ម្ចាស់របស់វា
ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ
ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ
ប្រជារាស្ត្ររបស់យើងមិនយល់ច្បាស់ទេ”។
4វេទនាហើយ!
ប្រជាជាតិដែលពេញដោយបាប
ប្រជាជនដែលមានសេចក្ដីទុច្ចរិតធ្ងន់ធ្ងរ
ជាពូជពង្សដែលធ្វើអាក្រក់
ជាកូនចៅដែលខូចអាក្រក់!
ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា
ពួកគេបានមើលងាយអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល
ពួកគេបានបែរខ្នងដាក់ព្រះអង្គ។
5ម្ដេចក៏អ្នករាល់គ្នាបន្តការបះបោរ
ហើយត្រូវវាយទៀតដូច្នេះ?
ក្បាលទាំងមូលឈឺហើយ
ចិត្តទាំងមូលក៏ល្វើយផង។
6ចាប់ពីបាតជើងរហូតដល់ក្បាល
គ្មានកន្លែងមាំមួនឡើយ
គឺមានរបួស ស្នាមរំពាត់ និងដំបៅរីក
ដែលឥតបានច្របាច់ខ្ទុះ ឬរុំ ឬផ្សើមដោយប្រេង។
7ស្រុករបស់អ្នករាល់គ្នាស្ងាត់ជ្រងំ
ទីក្រុងរបស់អ្នករាល់គ្នាត្រូវគេដុតដោយភ្លើង
ហើយពួកសាសន៍ដទៃលេបយកដីរបស់អ្នករាល់គ្នា នៅចំពោះអ្នករាល់គ្នា
ដីនោះស្ងាត់ជ្រងំដូចជាត្រូវពួកសាសន៍ដទៃបំផ្លាញ។
8រីឯកូនស្រីស៊ីយ៉ូនត្រូវបានទុកចោល
ដូចជារោងនៅចម្ការទំពាំងបាយជូរ
ដូចជាខ្ទមនៅចម្ការត្រសក់
ដូចជាទីក្រុងដែលត្រូវបានឡោមព័ទ្ធ។
9ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ
ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
10ពួកអ្នកដឹកនាំសូដុមអើយ
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា!
ប្រជាជនកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកនឹងសេចក្ដីប្រៀនប្រដៅរបស់ព្រះនៃយើង!
11ព្រះយេហូវ៉ាមានបន្ទូលថា៖
“យញ្ញបូជាដ៏ច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង?
យើងធុញទ្រាន់នឹងតង្វាយដុតជាចៀមឈ្មោល និងខ្លាញ់សត្វបំប៉នហើយ;
យើងមិនពេញចិត្តឈាមគោឈ្មោល ឬឈាមកូនចៀម ឬឈាមពពែឈ្មោលនោះទេ។
12កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង
តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា
គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ?
13កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ!
គ្រឿងក្រអូបជាទីស្អប់ខ្ពើមដល់យើង
រីឯថ្ងៃចូលខែ ថ្ងៃសប្ប័ទ និងការកោះហៅប្រជុំ——
យើងទ្រាំនឹងសេចក្ដីទុច្ចរិត និងការប្រជុំមុតមាំនោះមិនបានទេ។
14ព្រលឹងរបស់យើងស្អប់ថ្ងៃចូលខែ និងពិធីបុណ្យដែលមានកំណត់របស់អ្នករាល់គ្នា;
ពិធីបុណ្យទាំងនោះជាបន្ទុកដល់យើង
យើងនឿយណាយនឹងទ្រាំណាស់។
15កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន#1:15 អធិស្ឋាន―ជាពាក្យជំនួយ។
យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា;
ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។
ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
ជម្រះយេរូសាឡិមឲ្យបរិសុទ្ធ
16ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ
ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង!
ចូរឈប់ធ្វើអាក្រក់
17ចូររៀនឲ្យចេះធ្វើល្អ
ចូរស្វែងរកសេចក្ដីយុត្តិធម៌
ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ#1:17 ចូរកែតម្រង់អ្នកសង្កត់សង្កិនគេ―ឯកសារបុរាណខ្លះថា “ចូរជួយការពារអ្នកដែលត្រូវគេសង្កត់សង្កិន”។
ចូររកយុត្តិធម៌ឲ្យកូនកំព្រា
ហើយកាន់ក្ដីឲ្យស្ត្រីមេម៉ាយផង”។
18ព្រះយេហូវ៉ាមានបន្ទូលថា៖
“ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។
ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ
ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានស#1:18 ស―ជាពាក្យជំនួយ។ដូចរោមចៀម។
19ប្រសិនបើអ្នករាល់គ្នាសុខចិត្ត ហើយស្ដាប់តាម
នោះអ្នករាល់គ្នានឹងបានហូបផលល្អនៃទឹកដី
20ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបដិសេធ ហើយបះបោរវិញ
នោះអ្នករាល់គ្នានឹងត្រូវដាវត្របាក់ស៊ី”។
ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាមានបន្ទូលហើយ។
21ទីក្រុងស្មោះត្រង់បានត្រឡប់ដូចជាស្រីសំផឹងយ៉ាងដូចម្ដេចហ្ន៎!
ពីមុននាងបានពេញដោយសេចក្ដីយុត្តិធម៌
ហើយសេចក្ដីសុចរិតបានស្នាក់នៅក្នុងនាង
ប៉ុន្តែឥឡូវនេះ មានសុទ្ធតែឃាតករវិញ។
22ប្រាក់របស់អ្នកបានត្រឡប់ជាអាចម៍លោហៈ
ស្រាទំពាំងបាយជូររបស់អ្នកបានលាយជាមួយទឹក។
23បណ្ដាមេដឹកនាំរបស់អ្នកជាអ្នកបះបោរ និងជាគូកនរបស់ពួកចោរ;
ពួកគេគ្រប់គ្នាស្រឡាញ់សំណូក ហើយដេញតាមជំនូន
ពួកគេមិនរកយុត្តិធម៌ឲ្យកូនកំព្រា
ហើយរឿងក្ដីរបស់ស្ត្រីមេម៉ាយក៏មិនមកនៅចំពោះពួកគេដែរ។
24ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖
“វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង
ហើយសងសឹកពួកសត្រូវរបស់យើង។
25យើងនឹងបង្វែរដៃរបស់យើងទៅទាស់នឹងអ្នក
ហើយបន្សុទ្ធបំបាត់អាចម៍លោហៈរបស់អ្នកដូចបន្សុទ្ធបំបាត់ដោយទឹកក្បុង
ព្រមទាំងយកអស់ទាំងលោហៈមិនសុទ្ធរបស់អ្នកចេញផង។
26រួចយើងនឹងស្ដារពួកចៅក្រមរបស់អ្នកឡើងវិញដូចពីដើម
ក៏នឹងស្ដារពួកទីប្រឹក្សារបស់អ្នកឡើងវិញដូចគ្រាដំបូង។
ក្រោយមក អ្នកនឹងត្រូវគេហៅថា ‘ទីក្រុងនៃសេចក្ដីសុចរិត’ និង ‘ទីក្រុងស្មោះត្រង់’”។
27ស៊ីយ៉ូននឹងត្រូវបានប្រោសលោះដោយសេចក្ដីយុត្តិធម៌
ពួកអ្នកដែលកែប្រែចិត្តនៃទីក្រុងនោះនឹងត្រូវបានប្រោសលោះដោយសេចក្ដីសុចរិត។
28ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា
ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។
29ពួកគេនឹងអាម៉ាស់មុខ ដោយសារតែដើមអូកដែលអ្នករាល់គ្នាបានពេញចិត្ត
អ្នករាល់គ្នាក៏នឹងទទួលការអាប់យស ដោយសារតែសួនច្បារដែលអ្នករាល់គ្នាបានជ្រើសរើសដែរ។
30ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមអូក ដែលស្លឹកវាស្រពោន
និងដូចជាសួនច្បារដែលគ្មានទឹក។
31មនុស្សខ្លាំងពូកែនឹងក្លាយជាប្រឆេះ
កិច្ចការរបស់គេនឹងក្លាយជាផ្កាភ្លើង
ហើយទាំងពីរនោះនឹងឆេះជាមួយគ្នា
គ្មានអ្នកណាពន្លត់ឡើយ៕
Trenutno izabrano:
អេសាយ 1: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative