សាស្ដា 3
3
អ្វីៗទាំងអស់សុទ្ធតែមានពេលកំណត់
1មានវេលាកំណត់សម្រាប់អ្វីៗទាំងអស់
មានពេលកំណត់សម្រាប់កិច្ចការទាំងអស់នៅក្រោមមេឃ គឺ:
2ពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់;
ពេលសម្រាប់ដាំ និងពេលសម្រាប់ដកអ្វីដែលបានដាំ;
3ពេលសម្រាប់កាប់សម្លាប់ និងពេលសម្រាប់ព្យាបាល;
ពេលសម្រាប់រំលំ និងពេលសម្រាប់សាងសង់;
4ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ;
ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
5ពេលសម្រាប់បោះថ្មចោល និងពេលសម្រាប់ប្រមូលថ្ម;
ពេលសម្រាប់ឱប និងពេលសម្រាប់ទប់ខ្លួនមិនឱប;
6ពេលសម្រាប់ស្វែងរក និងពេលសម្រាប់បាត់បង់;
ពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះចោល;
7ពេលសម្រាប់ហែកចោល និងពេលសម្រាប់ដេរភ្ជាប់;
ពេលសម្រាប់នៅស្ងៀម និងពេលសម្រាប់និយាយ;
8ពេលសម្រាប់ស្រឡាញ់ និងពេលសម្រាប់ស្អប់;
ពេលសម្រាប់សង្គ្រាម និងពេលសម្រាប់សន្តិភាព។
9តើអ្នកធ្វើការបានប្រយោជន៍អ្វីពីការប្រឹងប្រែងធ្វើការរបស់ខ្លួន? 10ខ្ញុំបានឃើញបន្ទុកដែលព្រះបានដាក់លើមនុស្សលោក ឲ្យបានរវល់នឹងវា។ 11ព្រះអង្គបានធ្វើឲ្យអ្វីៗទាំងអស់បានល្អប្រពៃ តាមពេលវេលារបស់វា។ មួយវិញទៀត ព្រះអង្គបានដាក់សេចក្ដីអស់កល្បជានិច្ចក្នុងចិត្តរបស់មនុស្ស។ ទោះបីជាដូច្នេះក៏ដោយ ក៏មនុស្សរកយល់កិច្ចការដែលព្រះទ្រង់ធ្វើតាំងពីដំបូងដល់ចប់ មិនបានឡើយ។ 12ខ្ញុំបានយល់ឃើញថា សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងសប្បាយ និងប្រព្រឹត្តការល្អក្នុងជីវិតរបស់ខ្លួននោះឡើយ 13ហើយក៏បានយល់ឃើញដែរថា ការដែលមនុស្សទាំងអស់បានហូប និងផឹក ព្រមទាំងរកឃើញការសប្បាយរីករាយក្នុងអស់ទាំងការនឿយហត់របស់ខ្លួន នោះជាអំណោយទានរបស់ព្រះ។ 14ខ្ញុំបានយល់ឃើញថា អ្វីៗទាំងអស់ដែលព្រះទ្រង់ធ្វើ វានឹងមាននៅជារៀងរហូត; គ្មានអ្វីអាចបន្ថែមទៅវាបានឡើយ ហើយក៏គ្មានអ្វីអាចដកចេញពីវាបានដែរ។ ព្រះបានធ្វើដូច្នេះ ដើម្បីឲ្យគេកោតខ្លាចនៅចំពោះព្រះអង្គ។ 15អ្វីៗដែលមាននៅ គឺមានរួចហើយ; អ្វីៗដែលនឹងមាន ក៏មានរួចហើយដែរ; ដ្បិតព្រះទ្រង់ធ្វើឡើងវិញ#3:15 ធ្វើឡើងវិញ―ន័យត្រង់គឺ “ស្វែងរក”។នូវអ្វីដែលកន្លងផុតទៅហើយ។
ចេញពីធូលីដី ត្រឡប់ទៅធូលីដីវិញ
16មួយវិញទៀត ខ្ញុំបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងកាត់ក្ដីមានសេចក្ដីអាក្រក់នៅទីនោះ ហើយនៅកន្លែងនៃសេចក្ដីយុត្តិធម៌ក៏មានសេចក្ដីអាក្រក់នៅទីនោះដែរ។ 17ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ព្រះនឹងជំនុំជម្រះមនុស្សសុចរិត និងមនុស្សអាក្រក់ ដ្បិតមានពេលសម្រាប់អ្វីៗទាំងអស់ និងសម្រាប់កិច្ចការទាំងអស់ នៅទីនោះដែរ”។ 18ទាក់ទងនឹងមនុស្សលោក ខ្ញុំបាននិយាយក្នុងចិត្តថា៖ “ព្រះទ្រង់ល្បងលពួកគេ ដើម្បីឲ្យពួកគេឃើញថា ពួកគេដូចសត្វ”។ 19ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។ 20របស់សព្វសារពើទៅកន្លែងតែមួយ គឺរបស់សព្វសារពើកើតមកពីធូលីដី ហើយរបស់សព្វសារពើនឹងត្រឡប់ទៅធូលីដីវិញ។ 21តើនរណាដឹង ថាតើវិញ្ញាណរបស់មនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្រោមទៅក្នុងដី ឬយ៉ាងណា? 22ដូច្នេះ ខ្ញុំបានឃើញថា គ្មានអ្វីប្រសើរជាងការដែលមនុស្សសប្បាយក្នុងកិច្ចការរបស់ខ្លួនឡើយ ពីព្រោះវាជាចំណែករបស់គេ។ ដ្បិតតើនរណាអាចនាំគេឲ្យឃើញអ្វីដែលនឹងកើតមានក្រោយពីគេបាន?៕
Trenutno izabrano:
សាស្ដា 3: GKHB
Istaknuto
Kopiraj
Uporedi
Podeli
Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative