Logo Aplikacije Biblija
Dugme za pretraživanje

សាស្ដា 4

4
1ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការ​សង្កត់សង្កិន​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ទឹកភ្នែក​របស់​អ្នកដែល​រង​ការ​សង្កត់សង្កិន​! គ្មាន​អ្នក​សម្រាលទុក្ខ​ពួកគេ​ឡើយ​។ នៅក្នុង​ដៃ​របស់​ពួកអ្នក​សង្កត់សង្កិន​ពួកគេ មាន​អំណាច ដូច្នេះ​គ្មាន​អ្នកដែល​សម្រាលទុក្ខ​ពួកគេ​ទេ​! 2ដោយហេតុនេះ ខ្ញុំ​សូម​លើកសរសើរ​មនុស្ស​ស្លាប់​ដែល​បាន​ស្លាប់​ទៅហើយ ជាជាង​មនុស្ស​រស់​ដែល​នៅរស់​នៅឡើយ​; 3ក៏ប៉ុន្តែ ប្រសើរ​ជាង​ពួកគេ​ទាំង​ពីរ គឺ​អ្នកដែល​មិនទាន់​មាននៅ ដែល​មិនទាន់​ឃើញ​កិច្ចការ​ដ៏អាក្រក់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​នៅឡើយ​។
ទោះបីជាមានទ្រព្យសម្បត្តិ ក៏នៅតែឯកោ
4ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!
5មនុស្សល្ងង់​ឱប​ដៃ​របស់ខ្លួន
ហើយ​ស៊ី​សាច់​ខ្លួនឯង#4:5 មនុស្សល្ងង់​ឱប​ដៃ​របស់ខ្លួន ហើយស៊ី​សាច់ខ្លួនឯង​―ឬ “បើទុកដៃឲ្យនៅទំនេរ នៅទីបំផុតនឹងស្លាប់ដោយអត់បាយ”។​។
6ដៃ​ម្ខាង​ពេញ​ដោយ​ភាពស្ងប់ស្ងៀម
ប្រសើរ​ជាង​ដៃ​ទាំងពីរ​ពេញ​ដោយ​ការនឿយហត់ និង​ការដេញចាប់​ខ្យល់​។
7ខ្ញុំ​បាន​បែរមក​ពិចារណា​ទៀត អំពី​ការឥតន័យ​នៅក្រោម​ថ្ងៃ 8គឺ​មាន​ម្នាក់​ដែល​នៅតែឯងឥតមានគូ ក៏​គ្មាន​កូន ឬ​បងប្អូន​ដែរ ប៉ុន្តែ​អស់ទាំង​ការនឿយហត់​របស់គាត់​គ្មាន​ទីបញ្ចប់​ឡើយ ហើយ​ភ្នែក​របស់គាត់​ក៏​មិន​ស្កប់ស្កល់​នឹង​ទ្រព្យសម្បត្តិ​ដែរ​។ គាត់មិនដែលសួរថា#4:8 គាត់មិនដែលសួរថា―ជាពាក្យជំនួយ។​៖ “តើ​អញ​ប្រឹងប្រែងធ្វើការ ហើយ​បង្អត់​ខ្លួនអញ​ពី​ការសប្បាយរីករាយ ដើម្បី​អ្នកណា​?”។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​បន្ទុក​ដ៏ធ្ងន់​ដែរ​!
9ពីរ​នាក់​ប្រសើរ​ជាង​ម្នាក់ ពីព្រោះ​ពួកគេ​មាន​រង្វាន់​ដ៏ល្អ​សម្រាប់​ការនឿយហត់​របស់ពួកគេ​។ 10ប្រសិនបើ​ពួកគេ​ដួល ម្នាក់​អាច​លើក​គូកន​របស់ខ្លួន​ឲ្យងើបឡើងវិញ​បាន​; ប៉ុន្តែ​វេទនា​ដល់​អ្នកដែល​នៅ​ម្នាក់ឯង​ហើយ​! ប្រសិនបើ​គេ​ដួល គឺ​គ្មាន​ម្នាក់ទៀត​លើក​គេ​ឲ្យងើបឡើងវិញ​ឡើយ​! 11មួយវិញទៀត ប្រសិនបើ​ពីរ​នាក់​ដេក​ជាមួយគ្នា នោះ​ពួកគេ​បាន​កក់ក្ដៅ​; ប៉ុន្តែ​ប្រសិនបើ​ដេក​ម្នាក់ឯង តើ​អាច​កក់ក្ដៅ​យ៉ាងដូចម្ដេច​បាន​? 12ប្រសិនបើ​នៅ​ម្នាក់ឯង នោះ​អាច​ត្រូវគេ​បង្ក្រាប ប៉ុន្តែប្រសិនបើ​មាន​ពីរ​នាក់ នោះ​អាច​តទល់​នឹង​គេ​បាន​; ខ្សែពួរ​បីធ្លុង​មិន​ងាយ​ដាច់​ទេ​។
ធ្វើជាស្ដេច ក៏ឥតន័យដែរ
13យុវជន​ដែល​ក្រីក្រ តែ​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដេច​ចាស់ ហើយ​ល្ងង់ ដែល​មិន​ចេះ​ទទួល​ការ​ដាស់តឿន​ទៀត​។ 14ទោះបីជា​យុវជននោះ​បាន​កើតមក​ជា​អ្នកក្រីក្រ​នៅក្នុង​អាណាចក្រ​របស់ខ្លួន​ក៏ដោយ ក៏​គាត់​បាន​ចេញ​ពី​គុក​មក​ធ្វើជាស្ដេច​វិញ​។ 15ខ្ញុំ​បាន​ឃើញ​មនុស្សរស់​ទាំងអស់​ដែល​ដើរចុះឡើង​នៅក្រោម​ថ្ងៃ នៅជាមួយ​យុវជន​ទីពីរ​ដែល​នឹង​ឡើង​ជំនួស​យុវជននោះ​។ 16ប្រជាជន​ទាំងអស់ គឺ​អស់អ្នក​ដែល​នៅចំពោះ​អ្នកទាំងនោះ មាន​ច្រើនរាប់មិនអស់​។ យ៉ាងណាមិញ ជំនាន់​ក្រោយ​មិន​សប្បាយចិត្ត​នឹង​អ្នកនោះ​ទេ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕

Trenutno izabrano:

សាស្ដា 4: GKHB

Istaknuto

Kopiraj

Uporedi

Podeli

None

Želiš li da tvoje istaknuto bude sačuvano na svim tvojim uređajima? Kreiraj nalog ili se prijavi