ម៉ាថាយ 14
14
ការស្លាប់របស់លោកយ៉ូហាន-បាទីស្ទ
(ម៉ាកុស ៦.១៤-២៩ លូកា ៩.៧-៩)
1នៅគ្រានោះ ព្រះបាទហេរ៉ូឌ ជាស្តេចអនុរាជ បានឮដំណឹងអំពីព្រះយេស៊ូវ 2ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ 3ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ 4ព្រោះលោកយ៉ូហានបានទូលប្រាប់ស្តេចថា៖ «ទ្រង់គ្មានច្បាប់នឹងយកព្រះនាងមកធ្វើជាមហេសីឡើយ»។ 5ព្រះបាទហេរ៉ូឌចង់សម្លាប់លោក តែទ្រង់ខ្លាចបណ្ដាជន ព្រោះគេចាត់ទុកលោកជាហោរា។ 6លុះថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌមកដល់ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តជាខ្លាំង 7រហូតដល់ស្តេចបានសន្យាស្បថស្បែថា នឹងប្រទានអ្វីក៏ដោយឲ្យតែនាងសូម។ 8នាងបានទូលទៅស្ដេច តាមពាក្យបញ្ចេះពីមាតារបស់នាងថា៖ «សូមទ្រង់ប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ»។ 9ស្តេចព្រួយព្រះហឫទ័យ តែដោយព្រោះសម្បថ និងពួកភ្ញៀវ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមសំណូមរបស់នាង 10ដោយចាត់គេឲ្យទៅកាត់ក្បាលលោកយ៉ូហាននៅក្នុងគុក 11ហើយយកក្បាលរបស់លោកដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា។ 12ពួកសិស្សរបស់លោកយ៉ូហានបាននាំគ្នាមកយកសពទៅបញ្ចុះ ហើយក៏យកដំណឹងនេះទៅទូលថ្វាយព្រះយេស៊ូវ។
ព្រះយេស៊ូវប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤)
13កាលព្រះយេស៊ូវបានឮដូច្នេះ ទ្រង់ក៏យាងចុះទូកចេញពីទីនោះ ទៅកន្លែងមួយស្ងាត់ដោយឡែកតែមួយអង្គឯង ពេលមហាជនបានដឹង គេក៏នាំគ្នាចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។ 14ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។ 15លុះដល់ពេលល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គទូលថា៖ «ទីនេះស្ងាត់ណាស់ ហើយម៉ោងក៏ជ្រុលហើយ សូមឲ្យបណ្តាជនត្រឡប់ទៅវិញទៅ ដើម្បីឲ្យគេចូលទៅតាមភូមិ ហើយទិញអាហារសម្រាប់ខ្លួនគេ»។ 16ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ 17ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ងប្រាំដុំ និងត្រីពីរប៉ុណ្ណោះ»។ 18ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ 19បន្ទាប់មក ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើស្មៅ។ ព្រះអង្គយកនំប៉័ងប្រាំដុំ និងត្រីពីរនោះមក ហើយងើបព្រះភក្ត្រទៅស្ថានសួគ៌អរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជន។ 20គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។ 21អស់អ្នកដែលបានបរិភោគ មានចំនួនបុរសប្រមាណប្រាំពាន់នាក់ មិនរាប់ស្ត្រី និងកូនក្មេងទេ។
ព្រះយេស៊ូវយាងលើទឹកសមុទ្រ
(ម៉ាកុស ៦.៤៥-៥២ យ៉ូហាន ៦.១៥-២១)
22ភ្លាមនោះ ព្រះអង្គបញ្ជាពួកសិស្សឲ្យចុះទូក ឆ្លងទៅត្រើយម្ខាងមុន តែព្រះអង្គនៅប្រាប់បណ្តាជនឲ្យវិលត្រឡប់ទៅវិញ។ 23កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង 24ហើយនៅវេលានោះ ទូកដែលបានចេញឆ្ងាយពីច្រាំង ត្រូវរលកបោកជាខ្លាំង ព្រោះបញ្រ្ចាសខ្យល់។ 25នៅយាមទីបួន យប់នោះ ព្រះអង្គបានយាងលើទឹកសមុទ្រ សំដៅទៅរកពួកសិស្ស។ 26កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកដូច្នោះ ពួកគេមានការភ័យរន្ធត់ ហើយពោលថា៖ «ខ្មោចលង!» រួចគេស្រែកឡើងទាំងភ័យខ្លាច។ 27តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!» 28ពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់ បើពិតជាព្រះអង្គមែន សូមបញ្ជាឲ្យទូលបង្គំដើរលើទឹកទៅរកព្រះអង្គផង»។
29ទ្រង់មានព្រះបន្ទូលថា៖ «មកចុះ!» ដូច្នេះ ពេត្រុសក៏ចេញពីទូក ហើយចាប់ផ្ដើមដើរលើទឹក សំដៅទៅរកព្រះយេស៊ូវ។ 30ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។ 31រំពេចនោះ ព្រះយេស៊ូវលូកព្រះហស្តទៅចាប់គាត់ភ្លាម ទាំងមានព្រះបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?» 32ពេលព្រះអង្គ និងពេត្រុសចូលដល់ក្នុងទូក ខ្យល់ក៏ស្ងប់ឈឹង 33ហើយអស់អ្នកដែលនៅក្នុងទូក ក៏ថ្វាយបង្គំព្រះអង្គទាំងពោលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះមែន!»។
ព្រះយេស៊ូវប្រោសអ្នកជំងឺនៅស្រុកគេនេសារ៉ែត
34ពេលឆ្លងដល់ត្រើយម្ខាងហើយ គេក៏ចូលទៅស្រុកគេនេសារ៉ែត។ 35ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ 36រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។
Trenutno izbrano:
ម៉ាថាយ 14: គកស១៦
Označeno
Deli
Kopiraj

Želiš, da so tvoji poudarki shranjeni v vseh tvojih napravah? Registriraj se ali se prijavi
© 2016 United Bible Societies