លេវីវិន័យ 2
2
1បើអ្នកណាចង់ថ្វាយជា ដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវយកម្សៅយ៉ាងម៉ដ្ត ហើយចាក់ប្រេង ព្រមទាំងដាក់កំញានផង 2ត្រូវឲ្យយកទៅឯពួកកូនអើរ៉ុនដ៏ជាសង្ឃ ហើយត្រូវឲ្យសង្ឃយកម្សៅយ៉ាងម៉ដ្តនោះ១ក្តាប់ជាមួយនឹងប្រេងខ្លះ ព្រមទាំងកំញានទាំងអស់ទៅដុត ទុកជាទីរំឭកនៅលើអាសនា គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 3ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។
4ហើយបើថ្វាយដង្វាយម្សៅ ដែលចំអិននៅក្នុងឡ នោះត្រូវថ្វាយជានំឥតដំបែ ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយនឹងប្រេង ឬជានំក្រៀបឥតដំបែលាបដោយប្រេងក៏បាន។
5ឬបើថ្វាយដង្វាយម្សៅដែលបានចំអិនក្នុងពុម្ព នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្តឥតដំបែលាយដោយប្រេង 6ត្រូវបេះនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ នេះហើយជាដង្វាយម្សៅ។
7បើថ្វាយដង្វាយម្សៅដែលចៀននឹងខ្ទះ នោះត្រូវឲ្យធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង 8ឯដង្វាយម្សៅដែលបានធ្វើបែបយ៉ាងនេះ នោះត្រូវនាំយកទៅឯព្រះយេហូវ៉ា ត្រូវប្រគល់ដល់សង្ឃម្នាក់ ហើយត្រូវឲ្យសង្ឃនោះយកទៅឯអាសនា 9រួចត្រូវយក១ចំណែកនៃដង្វាយម្សៅនោះទុកជាទីរំឭក ទៅដុតលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 10ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន នឹងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ 12របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនាសំរាប់ជាក្លិនឈ្ងុយឡើយ 13ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។
14ហើយបើយកផលដំបូងមកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង 15ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាដង្វាយម្សៅ 16សង្ឃម្នាក់នឹងយកស្រូវ បុក១ចំណែកនឹងប្រេងខ្លះ ហើយនឹងកំញានទាំងអស់ពីដង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាដង្វាយដុតថ្វាយព្រះយេហូវ៉ា។
Aktuálne označené:
លេវីវិន័យ 2: ពគប
Zvýraznenie
Zdieľať
Kopírovať
Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás
© BFBS/UBS 1954, 1962. All Rights Reserved.