លោកុប្បត្តិ 23
23
មរណភាព និងការបញ្ចុះសពលោកស្រីសារ៉ា
1លោកស្រីសារ៉ារស់នៅបានមួយរយម្ភៃប្រាំពីរឆ្នាំ នេះជាចំនួនឆ្នាំនៃជីវិតរបស់លោកស្រីសារ៉ា។ 2លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។ 3លោកអ័ប្រាហាំក្រោកចេញពីមុខសពប្រពន្ធរបស់លោក ហើយនិយាយទៅពួកកូនចៅហេតថា៖ 4«ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែស្នាក់នៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះ សូមចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់អ្នករាល់គ្នាមកខ្ញុំ ដើម្បីឲ្យខ្ញុំបានយកសពប្រពន្ធខ្ញុំ ដែលនៅមុខខ្ញុំនេះទៅបញ្ចុះផង»។ 5ពួកកូនចៅហេតតបមកលោកអ័ប្រាហាំថា៖ 6«លោកម្ចាស់ សូមស្តាប់យើងខ្ញុំសិន លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយយើងខ្ញុំស្រាប់ហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ គ្មានអ្នកណាម្នាក់ហ៊ានប្រកែក មិនឲ្យលោកប្រើផ្នូររបស់ខ្លួន សម្រាប់បញ្ចុះសពប្រពន្ធរបស់លោកឡើយ»។ 7លោកអ័ប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខពួកកូនចៅហេត ដែលនៅស្រុកនោះ។ 8លោកមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនៅមុខខ្ញុំនេះទៅបញ្ចុះ សូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុន ជាកូនរបស់សូហារជំនួសខ្ញុំផង 9គឺសូមឲ្យគាត់ប្រគល់ល្អាងម៉ាក់ពេឡា ជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺល្អាងដែលនៅចុងចម្ការរបស់គាត់។ សូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសម្រាប់ជាទីបញ្ចុះសព នៅចំពោះមុខអ្នករាល់គ្នាផង»។ 10ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖ 11«ទេ លោកម្ចាស់ សូមស្តាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទសូមជូនលោកម្ចាស់នៅចំពោះមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមបញ្ចុះសពប្រពន្ធរបស់លោកម្ចាស់ចុះ»។ 12ពេលនោះ លោកអ័ប្រាហាំក្រាបចុះនៅចំពោះមុខពួកអ្នកស្រុកនោះ។ 13លោកមានប្រសាសន៍ទៅអេប្រុន នៅចំពោះមុខពួកអ្នកស្រុកថា៖ «ប្រសិនបើលោកសុខចិត្ត សូមស្តាប់ខ្ញុំវិញ ខ្ញុំសូមជូនប្រាក់តាមតម្លៃដី សូមទទួលយកពីខ្ញុំចុះ ដើម្បីឲ្យខ្ញុំបានបញ្ចុះសពនៅទីនោះ»។ 14អេប្រុនតបទៅលោកអ័ប្រាហាំថា៖ 15«លោកម្ចាស់ សូមស្តាប់ខ្ញុំ ដីនេះមានតម្លៃបួនរយសេកែល តើតម្លៃនេះមានអ្វីសំខាន់រវាងលោកម្ចាស់នឹងខ្ញុំ? សូមលោកម្ចាស់បញ្ចុះសពទៅ!»។ 16លោកអ័ប្រាហាំក៏ស្ដាប់តាមអេប្រុន ហើយថ្លឹងប្រាក់ប្រគល់ឲ្យអេប្រុន នៅចំពោះមុខនៃពួកកូនចៅហេត តាមចំនួនដែលគាត់បាននិយាយ គឺប្រាក់សុទ្ធបួនរយសេកែល តាមតម្លៃដែលពួកឈ្នួញប្រើនៅសម័យនោះ។
17ដូច្នេះ ចម្ការរបស់អេប្រុននៅម៉ាក់ពេឡា ដែលនៅខាងកើតម៉ាមរេ ជាចម្ការដែលមានល្អាង និងដើមឈើទាំងប៉ុន្មាននៅក្នុងចម្ការនោះ គឺបរិវេណចម្ការនោះទាំងមូល 18បានប្រគល់ឲ្យលោកអ័ប្រាហាំទាំងអស់ទុកជាកេរអាករ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខអស់អ្នកដែលចូលតាមទ្វារក្រុង។ 19លោកអ័ប្រាហាំក៏បញ្ចុះសពលោកស្រីសារ៉ា ជាប្រពន្ធ នៅក្នុងល្អាងនៃចម្ការម៉ាក់ពេឡា ខាងកើតម៉ាមរេ (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន។ 20ដូច្នេះ ចម្ការ និងល្អាងដែលនៅក្នុងចម្ការនោះ ពួកកូនចៅហេតបានប្រគល់ទៅឲ្យលោកអ័ប្រាហាំ ទុកជាកន្លែងសម្រាប់បញ្ចុះសពរហូតតទៅ។
Выбрано:
លោកុប្បត្តិ 23: គកស១៦
Выделить
Поделиться
Копировать

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь
© 2016 United Bible Societies