Mark 8
8
1 នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖
2 «ខ្ញុំអាណិតបណ្ដាជនទាំងអស់នេះណាស់ ព្រោះពួកគេបាននៅជាមួយខ្ញុំបីថ្ងៃហើយ ប៉ុន្ដែពួកគេគ្មានអ្វីសម្រាប់បរិភោគទាល់តែសោះ
3 ហើយប្រសិនបើខ្ញុំឲ្យគេត្រលប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលនៅតាមផ្លូវ ព្រោះអ្នកខ្លះមកពីទីឆ្ងាយៗ»
4 ពួកសិស្សទូលតបទៅព្រះអង្គវិញថា៖ «នៅទីរហោឋានដូច្នេះ តើអ្នកណាអាចរកនំប៉័ងពីកន្លែងណាឲ្យពួកគេបរិភោគបាន?»
5 ព្រះអង្គក៏សួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» គេទូលថា៖ «មានប្រាំពីរដុំ»
6 ព្រះអង្គក៏បង្គាប់បណ្ដាជនឲ្យអង្គុយនៅលើដី ហើយព្រះអង្គក៏យកនំប៉័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្សរបស់ព្រះអង្គ ដើម្បីឲ្យពួកគេចែកបណ្ដាជន ហើយពួកគេក៏ចែកដល់បណ្ដាជន
7 ពួកគេមានត្រីខ្លះ ព្រះអង្គក៏ឲ្យពរ និងប្រាប់ពួកគេឲ្យចែកត្រីទាំងនោះទៀត
8 ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយប្រមូលចំណិតនំប៉័ងនៅសល់បានប្រាំពីរកន្ត្រក
9 ពេលនោះមានមនុស្សប្រហែលបួនពាន់នាក់ រួចព្រះអង្គក៏រំសាយបណ្ដាជន
10 ភ្លាមនោះ ព្រះអង្គបានឡើងទូកជាមួយពួកសិស្សទៅភូមិដាលម៉ានូថា។
11 អ្នកខាងគណៈផារិស៊ីក៏ចេញមក ហើយចាប់ផ្ដើមសួរដេញដោលព្រះអង្គ ដើម្បីស្វែងរកទីសំគាល់ពីស្ថានសួគ៌ល្បងលព្រះអង្គ
12 ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះស្វែងរកទីសំគាល់? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ»
13 ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។
14 ប៉ុន្ដែពួកសិស្សភ្លេចយកនំប៉័ង ហើយនៅលើទូកពួកគេគ្មានអ្វីសោះ ក្រៅពីនំប៉័ងមួយដុំ
15 ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ»
16 ពួកសិស្សសួរដេញដោលគ្នាពីការដែលពួកគេគ្មាននំប៉័ង
17 ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នាពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ?
18 តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន?
19 នៅពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ដប់ពីរកន្ដ្រក»
20 «ចុះពេលនំបុ័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្ដ្រក»
21 នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែមិនទាន់យល់ទៀតឬ?»
22 កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់
23 ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»
24 គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ»
25 បន្ទាប់មក ព្រះអង្គដាក់ដៃលើភ្នែកគាត់ម្ដងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏បានជាឡើងវិញ ហើយគាត់មើលឃើញអ្វីៗយ៉ាងច្បាស់
26 ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី»
27 បន្ទាប់មក ព្រះយេស៊ូ និងសិស្សព្រះអង្គ បានចេញទៅភូមិទាំងឡាយដែលនៅជិតក្រុងសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា?»
28 ពួកគេទូលព្រះអង្គថា៖ «គេនិយាយថាលោកជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាលោកជាលោកអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាម្នាក់នៅក្នុងចំណោមអ្នកនាំព្រះបន្ទូល»
29 ព្រះអង្គក៏មានបន្ទូលសួរទៅពួកសិស្សថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដ»
30 ព្រះអង្គក៏ព្រមានមិនឲ្យពួកគេនិយាយប្រាប់អ្នកណាអំពីព្រះអង្គទេ។
31 រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ ហើយសម្លាប់ ប៉ុន្ដែបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»
32 ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ
33 តែព្រះអង្គបែរមកមើលពួកសិស្សព្រះអង្គ និងស្ដីបន្ទោសលោកពេត្រុសដោយមានបន្ទូលថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើង ដ្បិតឯងមិនគិតតាមគំនិតព្រះជាម្ចាស់ទេ តែគិតតាមគំនិតមនុស្សវិញ»។
34 កាលព្រះអង្គហៅពួកបណ្ដាជន និងពួកសិស្សព្រះអង្គឲ្យជួបជុំគ្នាហើយ ក៏មានបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង ហើយលីឈើឆ្កាងខ្លួនមកតាមខ្ញុំ
35 ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងបានជីវិតវិញ
36 ដ្បិតបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី?
37 តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតខ្លួនបាន?
38 ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»
Obecnie wybrane:
Mark 8: KCB
Podkreślenie
Kopiuj
Porównaj
Udostępnij
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.