Mark 1
1
1 ដំណឹងល្អអំពីព្រះយេស៊ូគ្រិស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ៖
2 ដូចដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូល បានសរសេរទុកថា៖ «មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវឲ្យអ្នក
3 មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ។»
4 នៅទីរហោឋាន លោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក និងប្រកាសពីពិធីជ្រមុជនៃការប្រែចិត្ដសម្រាប់ការលើកលែងទោសបាប។
5 មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងក្រុងយេរូសាឡិមបានមកឯលោកយ៉ូហាន ដើម្បីទទួលសារភាពបាបរបស់ខ្លួន ព្រមទាំងទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
6 លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ដែលធ្វើពីស្បែកនៅនឹងចង្កេះ ហើយគាត់បរិភោគកណ្ដូប និងទឹកឃ្មុំព្រៃ។
7 លោកប្រកាសថា៖ «ព្រះអង្គយាងមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដសមនឹងឱនស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង
8 ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ»។
9 នៅគ្រានោះ ព្រះយេស៊ូបានយាងមកពីក្រុងណាសារ៉ែត ស្រុកកាលីឡេ និងបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាននៅក្នុងអូរយ័រដាន់
10 ពេលងើបចេញពីទឹកភ្លាម ព្រះអង្គទតឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណបានយាងមកសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប
11 ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។
12 ភ្លាមនោះ ព្រះវិញ្ញាណក៏ជំរុញព្រះអង្គឲ្យទៅទីរហោឋាន។
13 ព្រះអង្គនៅទីរហោឋានសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ហើយព្រះអង្គនៅជាមួយសត្វព្រៃ និងមានទេវតាចាំបម្រើព្រះអង្គផង។
14 បន្ទាប់ពីគេចាប់លោកយ៉ូហានឃុំឃាំង ព្រះយេស៊ូក៏យាងចូលស្រុកកាលីឡេ ប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់
15 ព្រះអង្គមានបន្ទូលថា៖ «ពេលកំណត់បានមកដល់ហើយ នគរព្រះជាម្ចាស់មកជិតបង្កើយ ចូរប្រែចិត្ដ ហើយជឿដំណឹងល្អចុះ»។
16 ពេលព្រះយេស៊ូយាងតាមមាត់បឹងកាលីឡេ ព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេជាប្អូន ពួកគេជាអ្នកនេសាទ កំពុងបង់សំណាញ់ក្នុងបឹង
17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»។
18 ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។
19 កាលយាងហួសទីនោះបន្ដិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងជួសជុលសំណាញ់នៅក្នុងទូក អ្នកទាំងពីរជាកូនរបស់លោកសេបេដេ។
20 ភ្លាមនោះ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរ ពួកគេក៏ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល រួចដើរតាមព្រះអង្គទៅ។
21 ពួកគេចូលក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះយេស៊ូក៏យាងចូលក្នុងសាលាប្រជុំភ្លាម ហើយបានបង្រៀន។
22 អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ
23 ហើយភ្លាមនោះ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល
24 ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតអើយ! តើយើងនិងព្រះអង្គមានរឿងហេតុអ្វីនឹងគ្នា? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់»
25 ព្រះយេស៊ូក៏បន្ទោសវាថា៖ «ស្ងៀម ចេញពីបុរសនេះទៅ!»
26 វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន និងស្រែកយ៉ាងខ្លាំង រួចក៏ចេញពីគាត់ទៅ
27 មនុស្សទាំងអស់ភ្ញាក់ផ្អើល និងសួរគ្នាទៅវិញទៅមកថា៖ «ស្អីហ្នឹង? សេចក្ដីបង្រៀនថ្មីនេះមានសិទ្ធិអំណាចម៉្លេះ លោកបញ្ជាពួកវិញ្ញាណអាក្រក់ វាក៏ស្ដាប់បង្គាប់លោក»
28 ភ្លាមនោះ កេរ្តិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយគ្រប់ទីកន្លែងពាសពេញស្រុកកាលីឡេ។
29 កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម ក៏នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេជាមួយលោកយ៉ាកុប និងលោកយ៉ូហានផងដែរ។
30 កាលម្ដាយក្មេកលោកស៊ីម៉ូនកំពុងតែដេកគ្រុន គេក៏ទូលព្រះអង្គភ្លាមថា គាត់ឈឺ
31 ព្រះអង្គចូលទៅជិត រួចក៏ចាប់ដៃលើកគាត់ឡើង គាត់ក៏បានជាពីគ្រុន ហើយបម្រើពួកគេ។
32 នៅល្ងាចនោះ បន្ទាប់ពីថ្ងៃលិច គេនាំអស់អ្នកជម្ងឺ និងអ្នកដែលមានអារក្សចូលទាំងឡាយមករកព្រះអង្គ
33 អ្នកក្រុងនោះទាំងមូលបានមកជួបជុំគ្នានៅមាត់ទ្វារ
34 ព្រះអង្គបានប្រោសមនុស្សជាច្រើន ដែលមានជំងឺរោគាផ្សេងៗឲ្យជាសះស្បើយ និងបានបណ្ដេញអារក្សជាច្រើនចេញពីមនុស្ស ហើយព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីឡើយ ព្រោះពួកវាស្គាល់ព្រះអង្គ។
35 ពឹ្រកឡើង កាលងងឹតនៅឡើយ ព្រះអង្គក្រោកឡើង ហើយចេញទៅកន្លែងស្ងាត់ រួចក៏អធិស្ឋាននៅទីនោះ
36 លោកស៊ីម៉ូន និងពួកអ្នកនៅជាមួយបានតាមរកព្រះអង្គ
37 លុះបានឃើញព្រះអង្គហើយ ពួកគេទូលថា៖ «មនុស្សគ្រប់គ្នាកំពុងរកលោក»
38 ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរយើងនាំគ្នាទៅក្រុងផ្សេងៗដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំប្រកាសនៅទីនោះដែរ ដ្បិតខ្ញុំមកដើម្បីធ្វើការនេះឯង»។
39 ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសនៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងបណ្ដេញអារក្សចេញពីមនុស្សផង។
40 មានមនុស្សឃ្លង់ម្នាក់បានមករកព្រះអង្គ ហើយលុតជង្គង់អង្វរថា៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់»
41 ព្រះអង្គអាណិតគាត់យ៉ាងខ្លាំង ទាំងលូកព្រះហស្ដទៅពាល់គាត់ដោយមានបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យជាស្អាតចុះ»
42 ភ្លាមនោះ គាត់ក៏បានជាស្អាតពីជំងឺឃ្លង់តែម្ដង
43 ព្រះអង្គក៏ឲ្យគាត់ទៅភ្លាម ទាំងមានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖
44 «ចូរប្រយ័ត្ន កុំនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះ ប៉ុន្ដែត្រូវទៅបង្ហាញខ្លួនដល់សង្ឃ ហើយចូរថ្វាយតង្វាយសម្រាប់ការដែលអ្នកបានជាស្អាត ដូចលោកម៉ូសេបានបង្គាប់ ដើម្បីជាបន្ទាល់ដល់មនុស្សទាំងឡាយ»។
45 ប៉ុន្ដែបុរសនោះបានចេញទៅ រួចក៏ចាប់ផ្ដើមប្រកាសអំពីការជាច្រើន និងបានផ្សព្វផ្សាយអំពីរឿងនេះ ដូច្នេះព្រះអង្គមិនអាចយាងចូលក្នុងក្រុងដោយចំហទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅក្រុងត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទីបានមករកព្រះអង្គ។
Obecnie wybrane:
Mark 1: KCB
Podkreślenie
Kopiuj
Porównaj
Udostępnij
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.