1 Corinthians 9
9
1 តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ?
2 ទោះបីខ្ញុំមិនមែនជាសាវកសម្រាប់អ្នកដទៃក៏ដោយ ក៏ខ្ញុំជាសាវកសម្រាប់អ្នករាល់គ្នាដែរ ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទីជាសាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់។
3 ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា
4 តើយើងគ្មានសិទ្ធិស៊ីផឹកទេឬ?
5 តើយើងគ្មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅជាមួយដូចជាពួកសាវកផ្សេងទៀត ឬដូចជាបងប្អូនរបស់ព្រះអម្ចាស់ និងដូចជាលោកកេផាសទេឬ?
6 តើខ្ញុំ និងលោកបារណាបាសគ្មានសិទ្ធិឈប់រកស៊ីចិញ្ចឹមជីវិតទេឬ?
7 មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។
8 ខ្ញុំនិយាយសេចក្ដីទាំងនេះមិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយអំពីសេចក្ដីទាំងនេះដែរទេឬ?
9 ដ្បិតនៅក្នុងគម្ពីររបស់លោកម៉ូសេបានចែងថា៖ «កុំឃ្លុំមាត់គោ ពេលកំពុងបញ្ជាន់ស្រូវ»។ ព្រះជាម្ចាស់មិនខ្វល់ពីសត្វគោទេ
10 ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក
11 បើយើងសាបព្រោះរបស់ខាងវិញ្ញាណដល់អ្នករាល់គ្នា ហើយច្រូតយករបស់ខាងសាច់ឈាមពីអ្នករាល់គ្នាវិញ តើហួសហេតុពេកឬ?
12 បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។
13 អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែកពីកន្លែងថ្វាយតង្វាយដែរ
14 ហើយព្រះអម្ចាស់បានបង្គាប់ដែរថា ពួកអ្នកប្រកាសដំណឹងល្អត្រូវរស់នៅដោយសារដំណឹងល្អ។
15 ប៉ុន្ដែខ្ញុំមិនបានប្រើសិទ្ធិទាំងនេះទេ ហើយខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យបានយ៉ាងនោះដល់ខ្ញុំដែរ ដ្បិតខ្ញុំសុខចិត្ដស្លាប់ប្រសើរជាងឲ្យអ្នកណាម្នាក់បង្ខូចកិត្ដិយសរបស់ខ្ញុំ
16 ថ្វីបើខ្ញុំប្រកាសដំណឹងល្អ ប៉ុន្ដែខ្ញុំគ្មានអំនួតទេ ព្រោះជាកាតព្វកិច្ចដល់ខ្ញុំ បើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះខ្ញុំវេទនាហើយ
17 ព្រោះបើខ្ញុំធ្វើការនេះដោយស្ម័គ្រចិត្ត នោះខ្ញុំមានរង្វាន់ ប៉ុន្ដែបើធ្វើដោយមិនស្ម័គ្រចិត្តវិញ នោះនៅតែជាតួនាទីដែលត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ
18 ចុះរង្វាន់របស់ខ្ញុំនោះជាអ្វី? គឺឲ្យតែខ្ញុំបានប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដើម្បីកុំឲ្យខ្ញុំប្រើសិទ្ធិរបស់ខ្ញុំនៅក្នុងដំណឹងល្អ
19 ថ្វីបើខ្ញុំមិនត្រូវបម្រើមនុស្សណាមែន ប៉ុន្ដែខ្ញុំបានធ្វើឲ្យខ្លួនឯងត្រលប់ជាបាវបម្រើដល់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់មនុស្សកាន់តែច្រើន។
20 នៅចំពោះជនជាតិយូដា ខ្ញុំត្រលប់ដូចជាជនជាតិយូដា ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ជនជាតិយូដា រួចនៅចំពោះពួកអ្នកនៅក្រោមគម្ពីរវិន័យ ខ្ញុំត្រលប់ដូចជាអ្នកនៅក្រោមគម្ពីរវិន័យ ទោះបីខ្ញុំមិននៅក្រោមគម្ពីរវិន័យក៏ដោយ គឺដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកនៅក្រោមគម្ពីរវិន័យ
21 នៅចំពោះពួកអ្នកគ្មានក្រឹត្យវិន័យ ខ្ញុំត្រលប់ដូចជាអ្នកគ្មានក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកគ្មានក្រឹត្យវិន័យ (ខ្ញុំមិនមែនរស់នៅដោយគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)
22 ខ្ញុំបានត្រលប់ជាអ្នកទន់ខ្សោយនៅចំពោះពួកអ្នកទន់ខ្សោយ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកទន់ខ្សោយ។ ខ្ញុំបានត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះមនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចសង្គ្រោះមនុស្សខ្លះបានដោយមធ្យោបាយគ្រប់យ៉ាង
23 ហើយខ្ញុំធ្វើគ្រប់បែបយ៉ាងសម្រាប់ដំណឹងល្អ ដើម្បីឲ្យខ្ញុំត្រលប់ជាអ្នករួមចំណែកនៅក្នុងដំណឹងល្អ។
24 អ្នករាល់គ្នាមិនដឹងទេឬថា នៅក្នុងទីប្រណាំង អ្នករត់ប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្ដែមានតែម្នាក់ប៉ុណ្ណោះដែលទទួលបានរង្វាន់ ដូច្នេះចូររត់ដើម្បីឲ្យបានរង្វាន់ចុះ។
25 កីឡាករគ្រប់គ្នាដែលប្រកួតបានលត់ដំខ្លួនគ្រប់បែបយ៉ាង ពួកគេធ្វើដូច្នេះដើម្បីឲ្យទទួលបានមកុដដែលនឹងពុករលួយ ប៉ុន្ដែយើងវិញ គឺដើម្បីឲ្យទទួលបានមកុដដែលមិនពុករលួយឡើយ
26 ដូច្នេះខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនដូចជាគ្មានគោលដៅទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ។
27 ខ្ញុំលត់ដំរូបកាយរបស់ខ្ញុំឲ្យត្រលប់ជាអ្នកបម្រើ ក្រែងលោពេលខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃនោះ ខ្ញុំខ្លួនឯងបែរជាត្រូវបានបដិសេធចោលទៅវិញ។
Markert nå:
1 Corinthians 9: KCB
Marker
Kopier
Sammenlign
Del
Vil du ha høydepunktene lagret på alle enhetene dine? Registrer deg eller logg på
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.