កិច្ចការ 26
26
ប៉ូលឆ្លើយការពារខ្លួននៅមុខព្រះបាទអ័គ្រីប៉ា
1ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។
ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖ 2“ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទចាត់ទុកខ្លួនឯងថាមានភ័ព្វសំណាង ដែលអាចឆ្លើយការពារខ្លួននៅមុខព្រះករុណានៅថ្ងៃនេះ ទាក់ទងនឹងការទាំងអស់ដែលខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់នោះ 3ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។
4“ពិតណាស់ហើយ ជនជាតិយូដាទាំងអស់ស្គាល់របៀបរស់នៅរបស់ខ្ញុំព្រះបាទតាំងពីយុវវ័យមកម្ល៉េះ គឺរបៀបដែលខ្ញុំព្រះបាទនៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំព្រះបាទនៅយេរូសាឡិមកាលពីដំបូង។ 5ពួកគេស្គាល់ខ្ញុំព្រះបាទតាំងពីយូរមកហើយ ហើយពួកគេអាចធ្វើបន្ទាល់បាន ប្រសិនបើចង់ ថាខ្ញុំព្រះបាទបានរស់នៅជាពួកផារិស៊ីស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង។ 6ឥឡូវនេះ ខ្ញុំព្រះបាទកំពុងឈរទទួលការកាត់ក្ដីដោយសារតែសេចក្ដីសង្ឃឹមចំពោះសេចក្ដីសន្យាដែលព្រះបានតាំងនឹងដូនតារបស់យើង 7គឺសេចក្ដីសន្យាដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងបានបម្រើព្រះយ៉ាងអស់ពីចិត្តទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថានឹងទទួលបាន។ ព្រះរាជា#26:7 ព្រះរាជា―ឯកសារបុរាណខ្លះថា “ព្រះបាទអ័គ្រីប៉ា”។អើយ ខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់អំពីសេចក្ដីសង្ឃឹមនេះឯង។ 8ហេតុអ្វីបានជាអស់លោកយល់ឃើញថា ការដែលព្រះលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ ជាការមិនគួរឲ្យជឿដូច្នេះ? 9ជាការពិត ខ្លួនខ្ញុំព្រះបាទផ្ទាល់ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើន ទាស់នឹងព្រះនាមព្រះយេស៊ូវអ្នកណាសារ៉ែត 10ហើយខ្ញុំព្រះបាទបានធ្វើការនេះនៅយេរូសាឡិម។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទបានឃុំឃាំងវិសុទ្ធជនជាច្រើនក្នុងគុក ដោយទទួលសិទ្ធិអំណាចពីពួកនាយកបូជាចារ្យ ថែមទាំងបោះឆ្នោតគាំទ្រទៀតផង ពេលពួកគេត្រូវសម្លាប់។ 11នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។
ប៉ូលធ្វើបន្ទាល់អំពីការទទួលជឿ និងបេសកកម្ម
12“នៅគ្រានោះ ខ្ញុំព្រះបាទបានធ្វើដំណើរទៅដាម៉ាស់ ដោយទទួលសិទ្ធិអំណាច និងការអនុញ្ញាតពីពួកនាយកបូជាចារ្យ។ 13ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។ 14ពេលនោះ យើងខ្ញុំទាំងអស់គ្នាដួលទៅលើដី រួចខ្ញុំព្រះបាទក៏ឮសំឡេងមួយនិយាយនឹងខ្ញុំព្រះបាទជាភាសាហេព្រើរថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង? ជាការពិបាកសម្រាប់អ្នក ដែលអ្នកទាត់ជន្លួញ’។
15“ខ្ញុំព្រះបាទទូលថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។
“ព្រះអម្ចាស់#26:15 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះអង្គ”។មានបន្ទូលថា:‘យើងគឺយេស៊ូវ ដែលអ្នកកំពុងបៀតបៀន។ 16ចូរក្រោកឡើង ហើយឈរដោយជើងអ្នកចុះ! ដ្បិតយើងបានលេចមកដល់អ្នកដើម្បីការនេះ គឺដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីការដែលអ្នកបានឃើញយើង ព្រមទាំងអំពីអ្វីដែលយើងនឹងសម្ដែងដល់អ្នក។ 17យើងនឹងរំដោះអ្នកចេញពីប្រជាជនអ៊ីស្រាអែល#26:17 អ៊ីស្រាអែល―ជាពាក្យជំនួយ។និងពីសាសន៍ដទៃ។#26:17 ឯកសារបុរាណខ្លះបន្ថែម “ឥឡូវនេះ”។យើងនឹងចាត់អ្នកឲ្យទៅរកពួកគេ 18ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
19“ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។ 20មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។ 21ដោយសារតែការទាំងនេះ ពួកយូដាបានចាប់ខ្ញុំព្រះបាទ ពេលខ្ញុំព្រះបាទនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ខ្ញុំព្រះបាទ។ 22យ៉ាងណាមិញ ដោយទទួលការជួយពីព្រះ ខ្ញុំព្រះបាទបានឈរធ្វើបន្ទាល់ ដល់អ្នកតូចផង ដល់អ្នកធំផង រហូតដល់ថ្ងៃនេះ។ ខ្ញុំព្រះបាទមិននិយាយអ្វី ក្រៅពីសេចក្ដីដែលបណ្ដាព្យាការី និងម៉ូសេបានថ្លែងថានឹងកើតឡើងនោះទេ 23គឺថាព្រះគ្រីស្ទត្រូវតែរងទុក្ខ និងថាដោយព្រះអង្គជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ព្រះអង្គនឹងប្រកាសពន្លឺ ដល់ប្រជារាស្ត្រនេះផង ដល់សាសន៍ដទៃផង”។
ប្រតិកម្មនឹងសម្ដីរបស់ប៉ូល
24ខណៈដែលប៉ូលកំពុងឆ្លើយការពារខ្លួនដូច្នេះ ភេស្ទុសមានប្រសាសន៍ដោយសំឡេងយ៉ាងខ្លាំងថា៖ “ប៉ូលអើយ អ្នកឆ្កួតហើយ! ការរៀនសូត្រច្រើនពេកបានធ្វើឲ្យអ្នកទៅជាឆ្កួតហើយ!”។
25ប៉ូល#26:25 ប៉ូល―ឯកសារបុរាណខ្លះថា “គាត់”។តបថា៖ “ឯកឧត្ដមភេស្ទុសអើយ ខ្ញុំមិនឆ្កួតទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងនិយាយពាក្យពិត និងសមហេតុផលទេតើ។ 26ដោយសារព្រះរាជាទ្រង់ជ្រាបអំពីការទាំងនេះ បានជាខ្ញុំទូលដល់ទ្រង់យ៉ាងក្លាហាន។ ដ្បិតខ្ញុំជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយដែលលាក់បាំងពីទ្រង់ទេ ពីព្រោះការនេះមិនបានកើតឡើងនៅកន្លៀតណាឡើយ។ 27ព្រះបាទអ័គ្រីប៉ាអើយ តើព្រះករុណាជឿបណ្ដាព្យាការីឬទេ? ខ្ញុំព្រះបាទដឹងថាព្រះករុណាជឿហើយ”។
28អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកចង់បញ្ចុះបញ្ចូលយើងឲ្យធ្វើជាគ្រីស្ទាន ដោយពាក្យតែបន្តិចឬ?”។
29ប៉ូលទូលថា៖ “ទោះបីជាពាក្យបន្តិច ឬច្រើនក៏ដោយ ក៏ខ្ញុំព្រះបាទសូមអធិស្ឋានទៅព្រះ មិនគ្រាន់តែសម្រាប់ព្រះករុណាប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលកំពុងស្ដាប់ខ្ញុំព្រះបាទនៅថ្ងៃនេះ ឲ្យបានដូចជាខ្ញុំព្រះបាទដែរ ប៉ុន្តែកុំឲ្យជាប់ច្រវាក់ទាំងនេះ!”។
30បន្ទាប់មក#26:30 បន្ទាប់មក―ឯកសារបុរាណខ្លះថា “នៅពេលគាត់និយាយដូច្នេះហើយ”។ ទាំងស្ដេច អភិបាល និងបេរេនីស ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេក៏ក្រោកឡើង។ 31លុះចេញទៅខាងក្រៅ ពួកគេនិយាយគ្នាថា៖ “បុរសនេះមិនបានធ្វើអ្វីសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ”។
32អ័គ្រីប៉ាមានរាជឱង្ការនឹងភេស្ទុសថា៖ “បុរសនេះអាចដោះលែងបាន ប្រសិនបើមិនបានប្ដឹងឧទ្ធរណ៍ទៅសេសារ”៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
កិច្ចការ 26: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative