កិច្ចការ 25
25
ប្ដឹងឧទ្ធរណ៍ទៅសេសារ
1បីថ្ងៃក្រោយពីភេស្ទុសមកដល់ខេត្តនោះ លោកបានឡើងពីសេសារាទៅយេរូសាឡិម។ 2ពួកនាយកបូជាចារ្យ និងពួកមេដឹកនាំរបស់ជនជាតិយូដាក៏ប្ដឹងទៅលោកទាស់នឹងប៉ូល ព្រមទាំងអង្វរសុំ 3ការអនុគ្រោះពីលោកឲ្យបញ្ជូនប៉ូលមកយេរូសាឡិម។ តាមពិត ពួកគេកំពុងរៀបចំការពួនស្ទាក់ដើម្បីសម្លាប់ប៉ូលនៅតាមផ្លូវ។ 4យ៉ាងណាមិញ ភេស្ទុសតបថា៖ “ប៉ូលជាប់ឃុំឃាំងនៅសេសារា រីឯខ្លួនខ្ញុំផ្ទាល់ក៏បម្រុងនឹងត្រឡប់ទៅវិញក្នុងពេលឆាប់ៗដែរ”។ 5លោកមានប្រសាសន៍ទៀតថា៖ “ដូច្នេះ ពួកអ្នកមានអំណាចក្នុងអ្នករាល់គ្នាចុះទៅជាមួយខ្ញុំ ហើយប្រសិនបើបុរសនោះមានអ្វីខុស ចូរចោទប្រកាន់គាត់ចុះ”។
6លោកស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ#25:6 មិនលើសពីប្រាំបី ឬដប់ថ្ងៃ―ឯកសារបុរាណខ្លះថា “ដប់ថ្ងៃជាង”។ រួចចុះទៅសេសារា។ នៅថ្ងៃបន្ទាប់ លោកក៏អង្គុយលើកៅអីកាត់ក្ដី ហើយបញ្ជាឲ្យនាំប៉ូលមក។ 7នៅពេលប៉ូល#25:7 ប៉ូល―ឯកសារបុរាណខ្លះថា “គាត់”។មកដល់ ពួកយូដាដែលចុះមកពីយេរូសាឡិមក៏ឈរព័ទ្ធជុំវិញគាត់ ហើយចោទប្រកាន់គាត់ដោយពាក្យបណ្ដឹងធ្ងន់ៗជាច្រើន ដែលពួកគេមិនអាចបញ្ជាក់ភស្តុតាងបាន។ 8ប៉ូលឆ្លើយការពារខ្លួនថា៖ “ខ្ញុំមិនបានប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យរបស់ជនជាតិយូដា ទាស់នឹងព្រះវិហារ ឬទាស់នឹងសេសារឡើយ”។
9ប៉ុន្តែភេស្ទុសចង់បំពេញចិត្តពួកយូដា ក៏តបនឹងប៉ូលថា៖ “តើអ្នកចង់ឡើងទៅយេរូសាឡិម ហើយឲ្យខ្ញុំកាត់ក្ដីអំពីរឿងទាំងនេះនៅទីនោះឬទេ?”។
10ប៉ូលឆ្លើយថា៖ “ខ្ញុំកំពុងឈរនៅមុខទីកាត់ក្ដីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំ។ ខ្ញុំមិនបានធ្វើខុសអ្វីនឹងជនជាតិយូដាទេ ដូចដែលលោកជ្រាបច្បាស់ហើយ។ 11ដោយហេតុនេះ ប្រសិនបើខ្ញុំបានធ្វើខុស ឬប្រព្រឹត្តអ្វីសមតែស្លាប់ នោះខ្ញុំមិនប្រកែកនឹងស្លាប់ទេ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកទាំងនេះកំពុងចោទប្រកាន់ខ្ញុំមិនពិតវិញ នោះគ្មានអ្នកណាអាចប្រគល់ខ្ញុំទៅពួកគេបានឡើយ។ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅសេសារ”។
12ក្រោយពីពិគ្រោះជាមួយក្រុមប្រឹក្សា ភេស្ទុសតបថា៖ “អ្នកបានប្ដឹងឧទ្ធរណ៍ទៅសេសារហើយ ដូច្នេះអ្នកនឹងទៅជួបសេសារ!”។
ព្រះបាទអ័គ្រីប៉ា និងបេរេនីសមកជួបភេស្ទុស
13លុះប៉ុន្មានថ្ងៃក្រោយមក ព្រះបាទអ័គ្រីប៉ា#25:13 ព្រះបាទអ័គ្រីប៉ា―គឺ “ហេរ៉ូឌអ័គ្រីប៉ាទីពីរ”។ និងបេរេនីសយាងមកដល់សេសារា ដើម្បីសួរសុខទុក្ខភេស្ទុស។ 14ដោយសារពីរនាក់នោះស្នាក់នៅទីនោះជាច្រើនថ្ងៃ ភេស្ទុសក៏រៀបរាប់ទូលស្ដេចអំពីរឿងទាក់ទងនឹងប៉ូលថា៖ “មានបុរសម្នាក់ដែលភេលីចទុកឲ្យនៅជាអ្នកទោស។ 15ពេលខ្ញុំព្រះបាទនៅយេរូសាឡិម ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ជនជាតិយូដាបានប្ដឹងអំពីបុរសនេះ ដោយទាមទារឲ្យផ្ដន្ទាទោសគាត់ 16ខ្ញុំព្រះបាទបានតបនឹងអ្នកទាំងនោះថា មិនមែនជាទម្លាប់របស់ជនជាតិរ៉ូម៉ាំងទេ ដែលប្រគល់អ្នកណាម្នាក់ទៅ#25:16 ឯកសារបុរាណខ្លះបន្ថែម “ឲ្យស្លាប់”។ មុនចុងចោទបានជួបគ្នាផ្ទាល់មុខនឹងដើមចោទ ហើយទទួលឱកាសឆ្លើយការពារខ្លួនចំពោះបណ្ដឹងនោះ។ 17ដូច្នេះ កាលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំព្រះបាទមិនបានពន្យារពេលឡើយ គឺនៅថ្ងៃបន្ទាប់ ខ្ញុំព្រះបាទអង្គុយលើកៅអីកាត់ក្ដី ហើយបញ្ជាឲ្យនាំបុរសនោះមក។ 18ពេលពួកដើមចោទឈរឡើង ពួកគេគ្មានពាក្យបណ្ដឹងទាស់នឹងអ្នកនោះអំពីការអាក្រក់#25:18 ឯកសារបុរាណខ្លះគ្មាន “ការអាក្រក់”។ណាមួយដែលខ្ញុំព្រះបាទនឹកស្មាននោះឡើយ 19គឺមានតែបញ្ហាខ្លះៗជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូវដែលស្លាប់ទៅហើយ ប៉ុន្តែប៉ូលអះអាងថានៅរស់។ 20ដោយព្រោះខ្ញុំព្រះបាទវល់គំនិតអំពីបញ្ហាទាំងនេះ ខ្ញុំព្រះបាទក៏សួរគាត់ ក្រែងលោគាត់ចង់ឡើងទៅយេរូសាឡិម ហើយទទួលការកាត់ក្ដីនៅទីនោះ អំពីការទាំងនេះ។ 21ប៉ុន្តែប៉ូលស្នើឲ្យឃុំគាត់ដើម្បីឲ្យព្រះចៅអធិរាជកាត់ក្ដី ដូច្នេះខ្ញុំព្រះបាទក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំព្រះបាទបញ្ជូនគាត់ទៅសេសារ”។
22ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងភេស្ទុសថា៖ “ខ្លួនខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ”។
ភេស្ទុសទូលថា៖ “ព្រះករុណានឹងបានស្ដាប់គាត់ នៅថ្ងៃស្អែក”។
ប៉ូលនៅមុខព្រះបាទអ័គ្រីប៉ា
23នៅថ្ងៃបន្ទាប់ អ័គ្រីប៉ា និងបេរេនីសបានយាងមកយ៉ាងអធិកអធម ហើយចូលទៅក្នុងសាលសវនាការជាមួយពួកមេបញ្ជាការ និងពួកអ្នកមានឋានៈខ្ពស់នៃទីក្រុងនោះ។ បន្ទាប់មក ភេស្ទុសក៏បញ្ជាឲ្យនាំប៉ូលមក។ 24ភេស្ទុសមានប្រសាសន៍ថា៖ “ព្រះបាទអ័គ្រីប៉ា និងអស់លោកដែលមានវត្តមានជាមួយយើងខ្ញុំអើយ សូមមើលបុរសនេះដែលប្រជាជនយូដាទាំងអស់បានប្ដឹងមកខ្ញុំ ទាំងនៅយេរូសាឡិម និងនៅទីនេះផង ដោយស្រែកថាមិនត្រូវឲ្យគាត់រស់នៅតទៅទៀតទេ។ 25រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។ 26ទាក់ទងនឹងអ្នកនេះ ខ្ញុំគ្មានអ្វីច្បាស់លាស់សរសេរថ្វាយព្រះចៅអធិរាជទេ ដូច្នេះខ្ញុំបាននាំគាត់ចេញមកនៅមុខអស់លោក ជាពិសេសនៅមុខព្រះករុណាព្រះបាទអ័គ្រីប៉ា ដើម្បីឲ្យខ្ញុំមានរឿងខ្លះនឹងសរសេរ នៅពេលបានសួរចម្លើយគាត់ហើយ។ 27ដ្បិតខ្ញុំយល់ឃើញថាមិនសមទេ ដែលបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់បណ្ដឹងអំពីគាត់”៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
កិច្ចការ 25: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative