កិច្ចការ 27

27
ចុះសំពៅទៅរ៉ូម
1នៅពេល​សម្រេច​ឲ្យ​យើង​ចុះសំពៅ​ទៅ​អ៊ីតាលី គេ​ក៏​ប្រគល់​ប៉ូល និង​អ្នកទោស​ខ្លះ​ទៀត​ទៅ​មេទាហានលើមួយរយនាក់​ម្នាក់​ឈ្មោះ​យូលាស​នៃ​កងទាហាន​របស់​ព្រះចៅអធិរាជ​។ 2មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។ 3នៅ​ថ្ងៃ​បន្ទាប់ យើង​ចូលចត​នៅ​ស៊ីដូន​។ យូលាស​បាន​ប្រព្រឹត្ត​ដល់​ប៉ូល​ដោយសប្បុរស គឺ​លោក​បាន​អនុញ្ញាតឲ្យ​ប៉ូល​ទៅ​ជួប​មិត្តភក្ដិ ដើម្បី​បាន​ការទទួលយ៉ាងកក់ក្ដៅ​ពីពួកគេ​។ 4ពីទីនោះ យើង​ចេញសំពៅ ហើយ​សសៀរតាម​ស៊ីពរ៍ ពីព្រោះ​បញ្ច្រាស​ខ្យល់​។ 5ក្រោយពី​ធ្វើដំណើរឆ្លងកាត់​សមុទ្រល្វឹងល្វើយ​តាមបណ្ដោយ​គីលីគា និង​ប៉ាមភីលា យើង​ក៏​ចូលចត​នៅ​មីរ៉ា​ក្នុង​លូគា​។ 6នៅទីនោះ មេទាហានលើមួយរយនាក់​រកបាន​សំពៅ​មួយ​ពី​អ័លេក្សានទ្រា ដែល​កំពុង​ធ្វើដំណើរ​ទៅ​អ៊ីតាលី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅនោះ​។ 7បន្ទាប់មក យើង​ធ្វើដំណើរយឺតៗ​ជាច្រើន​ថ្ងៃ ហើយ​មកដល់​តាមបណ្ដោយ​គ្នីដូស​ទាំងពិបាក​។ ដោយសារ​ខ្យល់​មិន​ព្រមឲ្យ​យើង​ទៅមុខបាន យើង​ក៏​សសៀរតាម​ក្រែត​ទល់មុខនឹង​សាលម៉ូនេ​។ 8ក្រោយពី​ធ្វើដំណើរសសៀរ​កោះនោះ​ទាំងពិបាក យើង​ក៏​មកដល់​កន្លែង​មួយ​ដែល​ហៅថា “កំពង់ផែ​ល្អ” ដែល​មាន​ទីក្រុង​ឡាសេ​នៅ​ជិត​។
មិនអើពើនឹងការក្រើនរំលឹករបស់ប៉ូល
9ដោយព្រោះ​ច្រើន​ថ្ងៃ​បាន​កន្លងផុតទៅ ហើយ​ការធ្វើដំណើរតាមសមុទ្រ​ស្ថិតក្នុងភាពគ្រោះថ្នាក់ ដ្បិត​បុណ្យតមអាហារ#27:9 បុណ្យតមអាហារ―គឺ “បុណ្យធួនបាបរបស់ជនជាតិយូដា”។​ក៏​កន្លងផុតទៅ​ហើយ ដូច្នេះ​ប៉ូល​ក្រើនរំលឹក​ទាំងអស់គ្នា 10ថា​៖ “អ្នករាល់គ្នា​អើយ ខ្ញុំ​យល់ឃើញ​ថា ដំណើរតាមសមុទ្រ​ខាងមុខ​នេះ នឹង​មាន​គ្រោះថ្នាក់ និង​ការខាតបង់​ជាច្រើន មិនគ្រាន់តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ជីវិត​របស់យើង​ទៀតផង”។ 11ប៉ុន្តែ​មេទាហានលើមួយរយនាក់​ទុកចិត្ត​នាយនាវា និង​ម្ចាស់សំពៅ​ជាជាង​អ្វី​ដែល​ប៉ូល​និយាយ 12ណាមួយ​កំពង់ផែ​នេះ​មិនស្រួល​សម្រាប់​ការចាំឲ្យផុតរដូវរងា ដូច្នេះ​ពួកគេ​ភាគច្រើន​ចេញយោបល់​ឲ្យ​ចេញសំពៅ​ពីទីនោះ ក្រែងលោ​អាច​ទៅដល់​ហ្វេនីច​បាន ដើម្បី​ចាំឲ្យផុតរដូវរងា​។ ហ្វេនីច​ជា​កំពង់ផែ​មួយ​នៅ​ក្រែត ដែល​បែរមុខ​ទៅ​ទិសខាងត្បូងឆៀងខាងលិច និង​ទិសខាងជើងឆៀងខាងលិច​។
រសាត់ក្នុងព្យុះ
13ពេលនោះ ខ្យល់ទិសខាងត្បូង​បក់រំភើយៗ​មក នោះ​ពួកគេ​គិតថា​បាន​សម្រេច​តាម​បំណង​ហើយ ក៏​លើក​យុថ្កា ធ្វើដំណើរសសៀរ​ក្បែរ​ឆ្នេរ​ក្រែត​។ 14ប៉ុន្តែ​ក្រោយមកមិនយូរប៉ុន្មាន មាន​ខ្យល់ព្យុះ​ដែល​គេ​ហៅថា “ខ្យល់ឦសាន” បាន​បក់បោក​ពី​កោះនោះ​មក​។ 15ដោយសារ​សំពៅ​ជាប់​ក្នុងខ្យល់ព្យុះនោះ ហើយ​មិនអាច​បើកបញ្ច្រាស​ខ្យល់​បាន យើង​ក៏​បណ្ដោយឲ្យ​សំពៅ​រសាត់តាមខ្យល់​ទៅ​។ 16នៅពេល​សសៀរពីក្រោយ​កោះតូច​មួយ​ដែល​ហៅថា​ក្លូដេ ទើប​យើង​គ្រប់គ្រង​សំប៉ាន​បាន​ទាំងពិបាក​។ 17ក្រោយពី​លើក​សំប៉ាន​ហើយ គេ​យក​ខ្សែពួរ​ចងព័ទ្ធ​សំពៅ​។ ដោយសារ​គេ​ខ្លាច ក្រែងលោ​កឿង​នឹង​ពំនូកខ្សាច់​សៀរទីស ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ ទុកឲ្យ​សំពៅ​រសាត់តាមខ្យល់​។ 18យើង​នៅតែ​ត្រូវ​ព្យុះ​បក់បោក​យ៉ាងខ្លាំង ដូច្នេះ​នៅ​ថ្ងៃ​បន្ទាប់ គេ​ក៏​ចាប់ផ្ដើម​បោះទំនិញចោលក្នុងសមុទ្រ​។ 19នៅ​ថ្ងៃ​ទីបី គេ​ក៏​បោះ​ឧបករណ៍​សំពៅ​ចោល​ដោយផ្ទាល់ដៃ​។
20កាល​មិន​ឃើញ​ព្រះអាទិត្យ ឬ​ផ្កាយ​អស់រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​ខ្យល់ព្យុះ​ដ៏ខ្លាំង​នៅតែ​បក់គំហុក នៅទីបំផុត​សេចក្ដីសង្ឃឹម​ទាំងអស់​ដែល​យើង​នឹង​រួចជីវិត ក៏​រលាយបាត់ទៅ​។ 21ក្រោយពី​ទាំងអស់គ្នា​មិនបានហូបអាហារ​អស់រយៈពេល​យ៉ាងយូរ ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​និយាយថា​៖ “‍ឱ អ្នករាល់គ្នា​អើយ! អ្នករាល់គ្នា​គួរតែ​បាន​ស្ដាប់តាម​ខ្ញុំ ហើយ​មិន​ចេញសំពៅ​ពី​ក្រែត នោះ​បងប្អូន​មិន​ជួប​គ្រោះថ្នាក់ និង​ការខាតបង់​បែបនេះ​ទេ​។ 22ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សូម​ក្រើនរំលឹក​អ្នករាល់គ្នា​ឲ្យ​មានទឹកចិត្តឡើង ពីព្រោះ​គ្មាន​ការបាត់បង់​ជីវិត​ក្នុងចំណោម​អ្នករាល់គ្នា​ទេ មានតែ​សំពៅ​ប៉ុណ្ណោះ​ដែលនឹងបាត់បង់​។ 23ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ 24ហើយ​និយាយថា​: ‘កុំ​ខ្លាច​ឡើយ ប៉ូល​អើយ​! អ្នក​ត្រូវតែ​ឈរនៅមុខ​សេសារ ហើយ​មើល៍! ព្រះ​បាន​ប្រទាន​អស់អ្នក​ដែល​រួមដំណើរ​ជាមួយ​អ្នក ដល់​អ្នក​ហើយ’។ 25ដូច្នេះ អ្នករាល់គ្នា​អើយ ចូរ​មានទឹកចិត្តឡើង ដ្បិត​ខ្ញុំ​ជឿ​ព្រះ​ថា​នឹង​កើតមាន​ដូច្នោះ ដូចដែល​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ហើយ​។ 26យ៉ាងណាមិញ យើង​ត្រូវតែ​កឿង​លើ​កោះ​ណាមួយ”។
27លុះដល់​យប់​ទីដប់បួន នៅពេល​យើង​នៅតែ​រសាត់អណ្ដែត​លើ​សមុទ្រអាឌ្រា ប្រហែលជា​កណ្ដាលអធ្រាត្រ ពួក​អ្នកដើរសំពៅ​ស្មានថា​ជិតដល់​ដីគោក​ណាមួយ 28ក៏​ស្ទង់ជម្រៅទឹក​មើល៍ ហើយ​ឃើញថា​មាន​សាមសិបប្រាំពីរម៉ែត្រ#27:28 សាមសិបប្រាំពីរម៉ែត្រ―ន័យត្រង់គឺ “20អ័រគា”។ 1អ័រគា=185សង់ទីម៉ែត្រ។​; លុះ​ទៅមុខ​បន្តិច​ទៀត ពួកគេ​ក៏​ស្ទង់​ម្ដងទៀត ហើយ​ឃើញថា​មាន​ម្ភៃប្រាំពីរម៉ែត្រ#27:28 ម្ភៃប្រាំពីរម៉ែត្រ―ន័យត្រង់គឺ “15អ័រគា”។ 1អ័រគា=185សង់ទីម៉ែត្រ។​។ 29ដោយ​ខ្លាច​ក្រែងលោ​កឿង​លើ​កន្លែង​ថ្ម​ណាមួយ ពួកគេ​ក៏​ទម្លាក់​យុថ្កា​បួន​ពី​កន្សៃសំពៅ ទាំង​ទន្ទឹងរង់ចាំ​ឲ្យ​ភ្លឺឡើង​។
30ពេលនោះ ពួក​អ្នកដើរសំពៅ​ចង់​រត់ចោល​សំពៅ ក៏​ទម្លាក់​សំប៉ាន​ចុះ​ទៅក្នុង​សមុទ្រ ធ្វើពុត​ដូចជា​បម្រុងនឹង​ទម្លាក់​យុថ្កា​ពី​ក្បាលសំពៅ​។ 31ប៉ូល​ប្រាប់​មេទាហានលើមួយរយនាក់ និង​ពួក​ទាហាន​ថា​៖ “ប្រសិនបើ​អ្នកទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះ​អស់លោក​មិនអាច​រួចជីវិត​បានឡើយ”។ 32ដូច្នេះ ពួក​ទាហាន​ក៏​កាត់​ខ្សែ​សំប៉ាន​ចោល ឲ្យ​វា​ធ្លាក់ទៅបាត់​។
33ពេលជិតភ្លឺ ប៉ូល​ជំរុញ​ទាំងអស់គ្នា​ឲ្យ​ហូបអាហារ ដោយ​និយាយថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃ​ទីដប់បួន​ហើយ ដែល​អ្នករាល់គ្នា​រង់ចាំ​រហូត​ដោយអត់អាហារ មិន​បាន​ហូប​អ្វីសោះ​។ 34ដូច្នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ហូបអាហារ​ទៅ ពីព្រោះ​ការនេះ​ជា​ប្រយោជន៍ឲ្យ​អ្នករាល់គ្នា​រួចជីវិត​។ ជាការពិត គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា នឹង​បាត់​សក់​សូម្បីតែ​មួយ​សរសៃ​ពី​ក្បាល​ឡើយ#27:34 នឹងបាត់សក់​សូម្បីតែមួយ​សរសៃ​ពីក្បាលឡើយ​―ឯកសារបុរាណខ្លះថា “មានសក់មួយសរសៃធ្លាក់ពីក្បាលឡើយ”។​”។ 35កាល​និយាយ​ដូច្នេះ​ហើយ ប៉ូល​ក៏​យក​នំប៉័ង អរព្រះគុណ​ដល់​ព្រះ​នៅមុខ​ទាំងអស់គ្នា រួច​កាច់​នំប៉័ងនោះ ហើយ​ចាប់ផ្ដើម​ហូប​។ 36នោះ​ទាំងអស់គ្នា​ក៏​មានទឹកចិត្តឡើង ហើយ​ពួកគេ​បាន​ហូប​អាហារ​ដែរ​។ 37នៅក្នុង​សំពៅ មាន​មនុស្ស#27:37 មនុស្ស​―ន័យត្រង់គឺ “ព្រលឹង”។​ទាំងអស់​ពីររយ​ចិតសិប​ប្រាំមួយ​នាក់​។ 38បន្ទាប់ពី​បាន​ហូប​អាហារ​ឆ្អែត​ហើយ ពួកគេ​ក៏​សម្រាល​សំពៅ ដោយ​បោះ​ស្រូវ​ចោល​ទៅក្នុង​សមុទ្រ​។
សំពៅលិច
39លុះ​ព្រលឹមឡើង ពួកគេ​មើល​មិន​ស្គាល់​ស្រុក​នោះ​ទេ ប៉ុន្តែ​ពួកគេ​ឃើញ​ឆកសមុទ្រ​មួយ​ដែល​មាន​ឆ្នេរ ពួកគេ​ក៏​សម្រេចចិត្ត​ចូល​សំពៅ​ទៅបង្កឿង​នៅ​ទីនោះ ប្រសិនបើ​អាច​។ 40ដូច្នេះ ពួកគេ​កាត់​យុថ្កា​ទុកចោល​នៅក្នុង​សមុទ្រ ព្រមទាំង​ស្រាយ​ខ្សែ​ចង្កូត​ចេញ ហើយ​លើក​ក្ដោង​ឲ្យ​ត្រូវខ្យល់ តម្រង់ទៅ​រក​ឆ្នេរ​នោះ​។ 41ប៉ុន្តែ​ពួកគេ​ជួបប្រទះ​នឹង​កន្លែង​ខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យ​សំពៅ​កឿង ហើយ​ក្បាលសំពៅ​ជាប់​នៅនឹងថ្កល់ រីឯ​កន្សៃសំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំបែក​។
42ពេលនោះ ពួក​ទាហាន​មាន​គម្រោង​សម្លាប់​ពួក​អ្នកទោស ក្រែងលោ​មាន​អ្នកណា​ម្នាក់​ហែល​គេចខ្លួន​។ 43ប៉ុន្តែ​មេទាហានលើមួយរយនាក់​ចង់​ជួយ​ប៉ូល​ឲ្យរួច ក៏​ឃាត់​ពួកគេ​មិនឲ្យ​ធ្វើតាម​គម្រោង​នេះ ទាំង​បញ្ជា​ឲ្យ​ពួក​អ្នក​ដែល​ចេះ​ហែល​លោតចុះ ឡើងទៅ​លើ​គោក​មុន 44រីឯ​អ្នក​ឯទៀត​វិញ ឲ្យ​តោង#27:44 តោង―ជាពាក្យជំនួយ។​លើ​បន្ទះក្ដារ ឬ​តោង​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​។ ដូច្នេះ ទាំងអស់គ្នា​បាន​គេចរួច​ដល់​ដី​គោក​យ៉ាងនេះឯង​៕

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

កិច្ចការ 27: GKHB

ഹൈലൈറ്റ് ചെയ്യുക

പകർത്തുക

താരതമ്യം

പങ്ക് വെക്കു

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക