កិច្ចការ 24
24
បណ្ដឹងទាស់នឹងប៉ូល
1ប្រាំថ្ងៃក្រោយមក មហាបូជាចារ្យអាណានាសបានចុះមកជាមួយពួកចាស់ទុំខ្លះ និងមេធាវីម្នាក់ឈ្មោះទើទូលុស។ ពួកគេបានប្ដឹងទៅអភិបាលទាស់នឹងប៉ូល។ 2នៅពេលគេហៅប៉ូលមក ទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់គាត់ ដោយនិយាយថា៖ “ឯកឧត្ដមភេលីចអើយ! យើងខ្ញុំមានសេចក្ដីសុខសាន្តយ៉ាងច្រើន ដោយសារតែការកែទម្រង់ផ្សេងៗរបស់លោក ដែលលោកកំពុងធ្វើដល់ប្រជាជននេះ ដោយគំនិតគិតទុកជាមុនរបស់លោក; 3យើងខ្ញុំសូមទទួលស្គាល់ការនេះ ក្នុងគ្រប់វិស័យ និងនៅគ្រប់ទីកន្លែង ដោយដឹងគុណបំផុត។ 4ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរទៀត សូមលោកមេត្តាស្ដាប់យើងខ្ញុំត្រួសៗ ដោយក្ដីអនុគ្រោះផង។ 5យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។ 6វាថែមទាំងប៉ុនប៉ងធ្វើឲ្យព្រះវិហារសៅហ្មងទៀតផង ដូច្នេះយើងខ្ញុំបានចាប់វា។ យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ#24:6 ឯកសារបុរាណខ្លះគ្មាន “យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ”។ 7ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។#24:7 ឯកសារបុរាណខ្លះគ្មានខនេះ។ 8ប្រសិនបើខ្លួនលោកផ្ទាល់បានសាកសួរវាអំពីការទាំងអស់នេះ នោះលោកនឹងអាចជ្រាបអ្វីដែលយើងខ្ញុំកំពុងចោទប្រកាន់វា”។ 9រីឯពួកយូដាក៏គាំទ្រដែរ ដោយបញ្ជាក់ថា ការទាំងនេះពិតជាដូច្នេះមែន។
ប៉ូលឆ្លើយការពារខ្លួននៅមុខភេលីច
10ពេលនោះអភិបាលធ្វើសញ្ញាឲ្យប៉ូលនិយាយ ដូច្នេះប៉ូលក៏និយាយថា៖ “ខ្ញុំដឹងថាឯកឧត្ដមជាចៅក្រមលើជនជាតិនេះជាច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំសូមឆ្លើយការពារខ្លួនយ៉ាងរីករាយ ចំពោះការទាំងនេះដែលទាក់ទងនឹងខ្ញុំ។ 11លោកអាចជ្រាបបានថា មិនទាន់លើសដប់ពីរថ្ងៃទេ តាំងពីខ្ញុំបានឡើងទៅថ្វាយបង្គំនៅយេរូសាឡិម 12ហើយពួកគេមិនបានឃើញខ្ញុំប្រកែកនឹងអ្នកណា ឬញុះញង់ហ្វូងមនុស្សឡើយ ទោះជានៅក្នុងព្រះវិហារក្ដី នៅក្នុងសាលាប្រជុំក្ដី ឬនៅក្នុងទីក្រុងក្ដី។ 13ពួកគេក៏មិនអាចបញ្ជាក់ភស្តុតាងដល់លោក អំពីការដែលពួកគេកំពុងចោទប្រកាន់ខ្ញុំឥឡូវនេះបានដែរ។ 14យ៉ាងណាមិញ ខ្ញុំសូមសារភាពការនេះដល់លោកថា ខ្ញុំបានបម្រើព្រះនៃដូនតារបស់ខ្ញុំដូច្នេះ ស្របតាមមាគ៌ានេះដែលពួកគេហៅថានិកាយខុសឆ្គង ព្រមទាំងជឿសេចក្ដីទាំងអស់ស្របតាមក្រឹត្យវិន័យ និងអ្វីៗដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការី 15ដោយមានសេចក្ដីសង្ឃឹមលើព្រះ ដែលខ្លួនអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺថានឹងមានការរស់ឡើងវិញ#24:15 នឹងមានការរស់ឡើងវិញ―ឯកសារបុរាណខ្លះថា “នឹងមានការរស់ឡើងវិញរបស់មនុស្សស្លាប់”។ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ 16ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។ 17ក្រោយពីបានចាកចេញជាច្រើនឆ្នាំ ខ្ញុំក៏ត្រឡប់មកវិញ ដោយនាំយកអំណោយដល់ជនរួមជាតិរបស់ខ្ញុំ ព្រមទាំងថ្វាយតង្វាយផង។ 18ពេលខ្ញុំកំពុងថ្វាយតង្វាយនោះឯង ដែលពួកគេឃើញខ្ញុំបានទទួលពិធីជម្រះកាយនៅក្នុងព្រះវិហារហើយ គឺពេលនោះគ្មានហ្វូងមនុស្ស ហើយក៏គ្មានចលាចលដែរ។ 19ប៉ុន្តែមានជនជាតិយូដាខ្លះមកពីអាស៊ី——ប្រសិនបើពួកគេមានអ្វីទាស់នឹងខ្ញុំ ពួកគេគួរតែមកដល់ទីនេះ ហើយចោទប្រកាន់ខ្ញុំនៅមុខលោក។ 20ឬមួយក៏ឲ្យអ្នកទាំងនេះផ្ទាល់ និយាយអំពីបទល្មើសដែលពួកគេបានឃើញ កាលខ្ញុំឈរនៅមុខក្រុមប្រឹក្សាចុះ—— 21ឬអំពីពាក្យមួយនេះដែលខ្ញុំបានស្រែក កាលខ្ញុំឈរនៅកណ្ដាលចំណោមពួកគេ ថា: ‘ថ្ងៃនេះ ខ្ញុំកំពុងត្រូវអ្នករាល់គ្នាកាត់ក្ដីអំពីការរស់ឡើងវិញរបស់មនុស្សស្លាប់!’”។
សាលក្រមត្រូវបានពន្យារពេល
22ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់#24:22 ឯកសារបុរាណខ្លះបន្ថែម “កាលស្ដាប់សេចក្ដីទាំងនេះហើយ”។ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។ 23លោកក៏បញ្ជាមេទាហានលើមួយរយនាក់ឲ្យយាមប៉ូល#24:23 ប៉ូល―ឯកសារបុរាណខ្លះថា “គាត់”។ ប៉ុន្តែឲ្យមានសេរីភាពខ្លះ គឺមិនឲ្យហាមឃាត់មិត្តភក្ដិណាម្នាក់របស់គាត់មិនឲ្យបម្រើគាត់#24:23 ឯកសារបុរាណខ្លះបន្ថែម “ឬមកសួរសុខទុក្ខគាត់”។ឡើយ។
24ប៉ុន្មានថ្ងៃក្រោយមក ភេលីចបានមកជាមួយទ្រូស៊ីលប្រពន្ធរបស់លោក ដែលជាជនជាតិយូដា។ លោកក៏ហៅប៉ូលមក ហើយស្ដាប់គាត់និយាយអំពីជំនឿលើព្រះគ្រីស្ទយេស៊ូវ#24:24 ព្រះគ្រីស្ទយេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះគ្រីស្ទ”។។ 25ប៉ុន្តែនៅពេលប៉ូលជជែកវែកញែកអំពីសេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលរៀបនឹងមក ភេលីចក៏ភ័យខ្លាច ហើយមានប្រសាសន៍ថា៖ “ឥឡូវនេះ ចូរត្រឡប់ទៅវិញចុះ។ កាលណាមានពេល ខ្ញុំនឹងហៅអ្នកមកទៀត”។ 26ក្នុងពេលជាមួយគ្នា លោកក៏សង្ឃឹមដែរថា ប៉ូលនឹងឲ្យប្រាក់ដល់លោក#24:26 ឯកសារបុរាណខ្លះបន្ថែម “ដើម្បីឲ្យលោកដោះលែងគាត់”។ ដូច្នេះលោកហៅប៉ូលមកសន្ទនាជាមួយជាញឹកញាប់។
27ពីរឆ្នាំក្រោយមក ព័រគាសភេស្ទុសបានជំនួសតំណែងភេលីច។ ភេលីចចង់បំពេញចិត្តពួកយូដា ក៏ទុកឲ្យប៉ូលនៅជាប់គុក៕
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
កិច្ចការ 24: GKHB
ഹൈലൈറ്റ് ചെയ്യുക
പകർത്തുക
താരതമ്യം
പങ്ക് വെക്കു
നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative