២ ធីម៉ូថេ 3
3
1ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ 2ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មានចិត្តមិនបរិសុទ្ធ 3មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ 4ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ 5គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ 6ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្ដីប៉ងប្រាថ្នាផ្សេងៗ 7គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្ដីពិតឡើយ 8គេជាអ្នកទាស់ទទឹងនឹងសេចក្ដីពិត បែបដូចជាយ៉ានេស នឹងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្ដីជំនឿ 9ប៉ុន្តែ គេមិនមានសេចក្ដីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្ដីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។
10តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្ដីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្ដីជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ 11ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ នឹងសេចក្ដីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម នឹងក្រុងលីស្ត្រា ក៏ស្គាល់សេចក្ដីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ 12ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ 13ហើយពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង 14តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា 15ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង 16គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត 17ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ។
Селектирано:
២ ធីម៉ូថេ 3: ពគប
Нагласи
Сподели
Копирај
Дали сакаш да ги зачуваш Нагласувањата на сите твои уреди? Пријави се или најави се
© BFBS/UBS 1954, 1962. All Rights Reserved.