និក្ខមនំ 6
6
1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ។ ដោយសារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។
ព្រះបន្ទូលសន្យារំដោះជនជាតិអ៊ីស្រាអែល
2 #
លប. ១៧.១, ២៨.៣, ៣៥.១១; នក. ៣.១៣-១៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជាព្រះអម្ចាស់ 3យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើងក្នុងឋានៈជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះព្រះអម្ចាស់ទេ។ 4យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ 5យើងឮជនជាតិអ៊ីស្រាអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ 6ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: យើងជាព្រះអម្ចាស់ យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយឫទ្ធិអំណាចរបស់យើង។ 7យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ 8បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិកជាមួយអប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយយើងឲ្យស្រុកនោះដល់អ្នករាល់គ្នាជាមត៌ក យើងជាព្រះអម្ចាស់!»។
9លោកម៉ូសេក៏នាំព្រះបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រាអែល ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ 10ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ 11«ចូរទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបទៅ»។ 12លោកម៉ូសេទូលព្រះអង្គថា៖ «សូម្បីតែជនជាតិអ៊ីស្រាអែលក៏មិនព្រមស្ដាប់ទូលបង្គំផង ធ្វើដូចម្ដេចឲ្យស្ដេចផារ៉ោនស្ដាប់ទូលបង្គំ ជាមនុស្សដែលគ្មានវោហារនេះ!»។ 13ដូច្នេះ ព្រះអម្ចាស់បង្គាប់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យនាំព្រះបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងស្ដេចផារ៉ោន ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
បញ្ជីរាយនាមបុព្វបុរសរបស់លោកម៉ូសេ និងលោកអើរ៉ុន
14នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល:
កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
15កូនរបស់លោកស៊ីម្មានមានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។
16 #
ជគ. ៣.១៧-២០, ២៦.៥៧-៥៨; ១របា. ៦.១៦-១៩ រីឯកូនចៅរបស់លោកលេវីមានរាយនាមតាមតំណវង្សត្រកូលដូចតទៅ:
កូនរបស់លោកលេវីមានគើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ 17កូនរបស់គើសុនមានលីបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ 18កូនរបស់កេហាត់មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។ 19កូនរបស់ម៉្រារីមានម៉ាស់លី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។#៦.១៩ ខ ១៤-១៩ សូមប្រៀបធៀបជាមួយ ជគ. ៣.១៧-២០, ២៦.៥៧-៥៨ និង ១របា. ៦.១-៤។
20លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្ដាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺលោកអើរ៉ុន និងលោកម៉ូសេ។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
21កូនរបស់លោកយីតសារមានកូរេ ណេផេក និងស៊ីកគ្រី។ 22កូនរបស់លោកអ៊ូសាលគឺ មីសាអែល អែលសាផាន និងស៊ីតទ្រី។
23លោកអើរ៉ុនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
24កូនរបស់កូរេមានអាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។
25លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
26 ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ 27លោកម៉ូសេ និងលោកអើរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។
បញ្ជារបស់ព្រះអម្ចាស់ចំពោះលោកម៉ូសេ និងលោកអើរ៉ុន
28ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅស្រុកអេស៊ីប 29ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះអម្ចាស់! ចូរនាំសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប»។ 30ប៉ុន្តែ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ទូលបង្គំគ្មានវោហារទេ ព្រះចៅផារ៉ោនមុខជាមិនស្ដាប់ទូលបង្គំឡើយ»។
Pašlaik izvēlēts:
និក្ខមនំ 6: គខប
Izceltais
Dalīties
Kopēt

Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Khmer Standard Version © 2005 United Bible Societies.