Acts of the Apostles 8
8
1 រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។
2 ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង
3 រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។
4 រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។
5 ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ
6 ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ
7 ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា
8 ដូច្នេះហើយក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។
9 នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់
10 មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់»
11 ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយ បានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ
12 ប៉ុន្ដែពេលពួកគេជឿដំណឹងល្អ ដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងស្រី
13 សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
14 បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ
15 អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
16 ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ
17 ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ
18 ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ
19 ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ»
20 ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន!
21 ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។
22 ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក
23 ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត»
24 ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។
25 ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
26 នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។
27 ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ
28 ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល
29 ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។
30 នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?»
31 គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។
32 បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។
33 នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។
34 មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?»
35 ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។
36 ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
37 [លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»]
38 ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ ទាំងលោកភីលីព និងមនុស្សកម្រៀវ រួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យមនុស្សកម្រៀវនោះ។
39 ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។
40 រីឯលោកភីលីពវិញ គេបានឃើញគាត់នៅឯក្រុងអាសូត ហើយពេលគាត់ធ្វើដំណើរទៅ គាត់ក៏ប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតទាល់តែគាត់បានមកដល់ក្រុងសេសារា។
Pašlaik izvēlēts:
Acts of the Apostles 8: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.