Acts of the Apostles 25
25
1 ដូច្នេះ ពេលលោកភេស្ទុសមកដល់ស្រុកនោះបានបីថ្ងៃ គាត់ក៏ធ្វើដំណើរពីក្រុងសេសារាទៅក្រុងយេរូសាឡិម
2 ពេលនោះ ពួកសម្ដេចសង្ឃ និងពួកអ្នកដឹកនាំរបស់ជនជាតិយូដាបានប្ដឹងគាត់ទាស់នឹងលោកប៉ូល ទាំងទទូចអង្វរ
3 សុំការយល់ព្រមពីគាត់ឲ្យបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡិមវិញ ព្រោះពួកគេបានឃុបឃិតគ្នា ដើម្បីសម្លាប់លោកប៉ូលតាមផ្លូវ
4 ប៉ុន្ដែលោកភេស្ទុសឆ្លើយថា លោកប៉ូលកំពុងជាប់ឃុំនៅក្រុងសេសារានៅឡើយ រីឯគាត់ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗនេះដែរ
5 ដូច្នេះ គាត់ក៏និយាយថា៖ « បើសិនជាបុរសនោះមានកំហុសអ្វី សូមឲ្យពួកអ្នកមានឥទ្ធិពលក្នុងចំណោមអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យពួកគេចោទប្រកាន់គាត់ចុះ»។
6 ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបី ឬដប់ថ្ងៃ លោកភេស្ទុសក៏ចុះទៅឯក្រុងសេសារា ហើយនៅថ្ងៃបន្ទាប់ គាត់ក៏អង្គុយក្នុងសាលាក្ដី បង្គាប់ឲ្យគេនាំលោកប៉ូលមក
7 ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ
8 ប៉ុន្ដែលោកប៉ូលក៏និយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនឹងគម្ពីរវិន័យរបស់ពួកជនជាតិយូដា ឬព្រះវិហារ ឬព្រះចៅអធិរាជឡើយ»។
9 ប៉ុន្ដែ ដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដា ក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ?»
10 ពេលនោះ លោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថា ខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយ ជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះ ខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ
11 បើសិនខ្ញុំធ្វើខុស ឬធ្វើអ្វីមួយសមស្លាប់មែននោះ ខ្ញុំមិនរួញរានឹងស្លាប់ឡើយ ប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះ គ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។
12 ពេលលោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សារួចហើយ ក៏និយាយថា៖ «អ្នកបានសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជមិនខាន!»
13 លុះប៉ុន្មានថ្ងៃក្រោយមក ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារា ដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។
14 កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ
15 ហើយពេលខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ពួកជនជាតិយូដាបានប្រាប់ខ្ញុំអំពីបុរសនេះ ទាំងទទូចសុំការផ្ដន្ទាទោសដល់គាត់
16 ប៉ុន្ដែខ្ញុំបានប្រាប់អ្នកទាំងនោះថា ជនជាតិរ៉ូមគ្មានទម្លាប់ប្រគល់មនុស្សណាម្នាក់ មុនពេលដែលអ្នកចុងចោទមានឱកាសទទួលបានការការពារខ្លួននៅមុខអ្នកដើមចោទចំពោះការចោទប្រកាន់នោះឡើយ
17 ដូច្នេះ ពេលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំមិនបង្អង់ឡើយ ក៏បញ្ជាឲ្យគេនាំបុរសនោះមក ហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់
18 ប៉ុន្តែពេលពួកដើមចោទក្រោកឈរចោទប្រកាន់អំពីកររណីរបស់គាត់ នោះមិនអាក្រក់ដូចដែលខ្ញុំស្មានឡើយ
19 ដ្បិតពួកគេមានជម្លោះជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ គឺជាអ្នកដែលប៉ូលអះអាងថានៅមានជីវិត
20 ហើយដោយខ្ញុំមិនច្បាស់ក្នុងការស៊ើបអង្កេតអំពីបញ្ហាទាំងនេះ ខ្ញុំក៏សួរគាត់ ក្រែងលោគាត់សុខចិត្តទៅឯក្រុងយេរូសាឡិម ហើយទទួលយកការជំនុំជម្រះចំពោះបញ្ហាទាំងនោះនៅទីនោះ
21 ប៉ុន្ដែពេលប៉ូលសុំឲ្យឃុំគាត់ទុកដើម្បីប្ដឹងឧទ្ធរណ៍សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជ ខ្ញុំក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំអាចបញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។
22 ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «ខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ» លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អៃក ព្រះអង្គនឹងបានស្ដាប់គាត់ហើយ»។
23 ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក
24 ដោយនិយាយថា៖ «ឱ ស្ដេចអ័គ្រីប៉ា និងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើង បុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ ទាំងនៅក្រុងយេរូសាឡិម និងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំ ដោយស្រែកថា គាត់មិនសមរស់នៅទៀតទេ
25 រីឯខ្ញុំឃើញថា គាត់មិនបានធ្វើអ្វីសមនឹងស្លាប់ឡើយ ប៉ុន្ដែដោយគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ
26 ប៉ុន្ដែ ខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេ ដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោក ជាពិសេស ឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គ ដើម្បីបន្ទាប់ពីមានការស៊ើបអង្កេត ខ្ញុំអាចមានសំណុំរឿងសរសេរបាន
27 ដ្បិតខ្ញុំយល់ឃើញថា ការបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ពីទោសរបស់គេ នោះមិនសមហេតុផលទេ»។
Pašlaik izvēlēts:
Acts of the Apostles 25: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.