Acts of the Apostles 12
12
1 នៅគ្រានោះ ស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។
2 ស្ដេចបានសម្លាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។
3 ពេលស្ដេចយល់ឃើញថា ការនេះពេញចិត្ដដល់ជនជាតិយូដា ស្ដេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។
4 ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង
5 ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។
6 នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក
7 ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។
8 ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ»
9 ដូច្នេះ គាត់ក៏ចេញទៅ ហើយដើរតាមទេវតានោះ ប៉ុន្ដែគាត់មិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងតាមរយៈទេវតានេះ គឺជាការពិតទេ ព្រោះគាត់ស្មានថាគាត់ឃើញក្នុងសុបិននិមិត្ដ។
10 ពេលឆ្លងកាត់កន្លែងយាមទីមួយ និងកន្លែងយាមទីពីររួចហើយ ពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុង ដែលបានបើកដោយឯងៗសម្រាប់ពួកគេ។ ដូច្នេះ ពួកគេក៏ចេញទៅ ហើយបន្ដដំណើរតាមផ្លូវមួយ រីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។
11 ពេលលោកពេត្រុសដឹងខ្លួន គាត់ក៏និយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គឲ្យមក ហើយរំដោះខ្ញុំពីដៃរបស់ស្ដេចហេរ៉ូឌ និងពីការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។
12 ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។
13 ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់
14 ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងប្រាប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។
15 ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ»
16 រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។
17 ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
18 លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស
19 កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម រួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោល បន្ទាប់មក ស្ដេចក៏ចាកចេញពីស្រុកយូដាទៅក្រុងសេសារា ហើយស្នាក់នៅទីនោះ។
20 នៅគ្រានោះ ស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះ អ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។
21 កាលដល់ថ្ងៃកំណត់ហើយ ស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ
22 ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!»
23 រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
24 រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង។
25 លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។
Pašlaik izvēlēts:
Acts of the Apostles 12: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.