កំណើតពិភពលោក 20
20
ណាពីអ៊ីព្រហ៊ីម និងស្តេចអប៊ីម៉ាឡិច
1អ៊ីព្រហ៊ីមចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ គាត់បានតាំងទីលំនៅ នៅចន្លោះក្រុងកាដែស និងក្រុងស៊ើរ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ា។ 2អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។ 3ពេលនោះ អុលឡោះមកជួបស្តេចអប៊ីម៉ាឡិច ក្នុងសុបិននិមិត្តនៅពេលយប់ ហើយមានបន្ទូលថា៖ «អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានចាប់មកនោះជាមិនខាន ដ្បិតនាងមានប្ដីហើយ»។ 4ស្តេចអប៊ីម៉ាឡិចពុំទាន់បានប៉ះពាល់សារ៉ានៅឡើយទេ ស្តេចមានប្រសាសន៍វិញថា៖ «អុលឡោះជាអម្ចាស់ តើនឹងប្រហារជីវិតប្រជាជាតិមួយ ទោះបីជាតិនោះសុចរិតក៏ដោយឬ? 5បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។ 6អុលឡោះមានបន្ទូលមកស្តេចវិញ ក្នុងសុបិននិមិត្តនោះថា៖ «យើងក៏ដឹងច្បាស់ដែរថា អ្នកធ្វើដូច្នេះដោយចិត្តស្អាតស្អំ ហេតុនេះហើយបានជាយើងមកឃាត់អ្នក កុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងយើង។ យើងមិនបណ្តោយឲ្យអ្នកប៉ះពាល់នាងឡើយ។ 7ឥឡូវនេះ ចូរប្រគល់នាងទៅឲ្យបុរសនោះវិញទៅ ដ្បិតគាត់ជាណាពីមួយនាក់ គាត់នឹងអង្វរឲ្យអ្នក ដើម្បីឲ្យអ្នកបានរួចជីវិត។ ប្រសិនបើអ្នកមិនប្រគល់នាងទៅឲ្យគាត់វិញទេ តោងដឹងថា អ្នកមុខជាត្រូវស្លាប់ជាមួយញាតិវង្សរបស់អ្នកមិនខាន»។
8ស្តេចអប៊ីម៉ាឡិច ក្រោកឡើងពីព្រលឹម គាត់កោះហៅអ្នកបម្រើទាំងអស់មក ហើយរៀបរាប់ប្រាប់អំពីអស់ទាំងហេតុការណ៍នេះ។ ពួកបម្រើរបស់ស្តេចព្រឺខ្លាចជាខ្លាំង។ 9ស្តេចអប៊ីម៉ាឡិចហៅអ៊ីព្រហ៊ីមមក រួចសួរថា៖ «ហេតុដូចម្តេចបានជាអ្នកធ្វើដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំទាំងនគររបស់ខ្ញុំ ទាំងខ្ញុំ ឲ្យប្រព្រឹត្តអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកប្រព្រឹត្តចំពោះខ្ញុំ តាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ!»។ 10បន្ទាប់មក ស្តេចអប៊ីម៉ាឡិច មានប្រសាសន៍ទៅកាន់អ៊ីព្រហ៊ីមទៀតថា៖ «តើអ្នកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ 11អ៊ីព្រហ៊ីមតបថា៖ «ខ្ញុំនឹកគិតថា នៅស្រុកនេះ ប្រហែលជាគ្មាននរណាម្នាក់កោតខ្លាចអុលឡោះទេមើលទៅ គេមុខជាប្រហារជីវិតខ្ញុំ ព្រោះតែប្រពន្ធខ្ញុំមិនខាន។ 12មួយវិញទៀត នាងពិតជាប្អូនស្រីរបស់ខ្ញុំមែន ព្រោះនាងជាកូនស្រីរបស់ឪពុកខ្ញុំដែរ តែម្តាយទីទៃពីគ្នា រួចនាងក៏បានរៀបការជាមួយខ្ញុំ។ 13នៅពេលអុលឡោះនាំខ្ញុំចាកចេញឆ្ងាយពីញាតិសន្តានរបស់ខ្ញុំ ខ្ញុំបានប្រាប់នាងសារ៉ាថា “នៅទីណា ដែលយើងទៅ សុំអាណិតមេត្តាបងផង តោងប្រាប់គេថា បងត្រូវជាបងបង្កើតរបស់ប្អូន”»។
14ស្តេចអប៊ីម៉ាឡិចបានយកចៀម យកគោ ពីក្នុងហ្វូងសត្វរបស់ស្តេច ព្រមទាំងនាំខ្ញុំបម្រើប្រុសស្រីមកជូនអ៊ីព្រហ៊ីម ហើយក៏បានប្រគល់សារ៉ាជូនគាត់វិញដែរ។ 15ស្តេចអប៊ីម៉ាឡិចមានប្រសាសន៍ថា៖ «មើល៍ ស្រុករបស់ខ្ញុំស្ថិតនៅចំពោះមុខអ្នកស្រាប់ហើយ អ្នកចង់តាំងទីលំនៅ នៅទីណាក៏បាន តាមតែអ្នកពេញចិត្ត»។ 16ស្តេចមានប្រសាសន៍ទៅកាន់សារ៉ាថា៖ «ខ្ញុំបានឲ្យប្រាក់សុទ្ធទៅបងរបស់នាងចំនួនមួយពាន់តម្លឹង ដើម្បីទុកជាសញ្ញាបញ្ជាក់ចំពោះអស់អ្នកដែលនៅជាមួយនាងថា នាងពុំបានបង់កិត្តិយសឡើយ»។ 17អ៊ីព្រហ៊ីមបានអង្វរអុលឡោះ សូមមេត្តាប្រោសស្តេចអប៊ីម៉ាឡិច ព្រមទាំងប្រពន្ធ និងពួកស្រីស្នំរបស់ស្តេច ឲ្យបានជាសះស្បើយ ហើយនាងទាំងនោះអាចមានកូនតទៅទៀតបាន 18ដ្បិតអុលឡោះតាអាឡាបានធ្វើឲ្យស្ត្រីៗ ក្នុងសាច់ញាតិរបស់ស្តេចអប៊ីម៉ាឡិចទាំងមូល ក្លាយទៅជាស្ត្រីអារ ព្រោះតែសារ៉ា ជាភរិយារបស់អ៊ីព្រហ៊ីម។
Šiuo metu pasirinkta:
កំណើតពិភពលោក 20: អគត
Paryškinti
Dalintis
Kopijuoti

Norite, kad paryškinimai būtų įrašyti visuose jūsų įrenginiuose? Prisijunkite arba registruokitės
© 2014 United Bible Societies, UK.