Matthew 4
4
1 បន្ទាប់មក ព្រះវិញ្ញាណបាននាំព្រះយេស៊ូទៅទីរហោឋាន ឲ្យអារក្សសាតាំងល្បួង
2 បន្ទាប់ពីបានតមអាហារសែសិបថ្ងៃសែសិបយប់មក ព្រះអង្គឃ្លាន។
3 មេល្បួងក៏ចូលមកជិតព្រះអង្គ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រលប់ជានំប៉័ងទៅ»
4 ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ ប៉ុន្ដែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះជាម្ចាស់មក»។
5 បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ
6 រួចទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នក ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម»
7 ព្រះយេស៊ូមានបន្ទូលទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។
8 បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់ រួចបង្ហាញនគរទាំងអស់នៅផែនដី និងសិរីរុងរឿងរបស់នគរទាំងនោះដល់ព្រះអង្គ
9 ហើយវាទូលព្រះអង្គថា៖ «បើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យរបស់ទាំងអស់នេះដល់អ្នក»
10 នោះព្រះយេស៊ូមានបន្ទូលទៅវាថា៖ «អារក្សសាតាំង ចេញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»
11 ដូច្នេះ អារក្សសាតាំងក៏ចាកចេញពីព្រះអង្គ ហើយមើល៍! ពួកទេវតាក៏ចូលមកជិត និងបម្រើព្រះអង្គ។
12 កាលឮថា គេបានចាប់លោកយ៉ូហាន ព្រះអង្គក៏យាងទៅស្រុកកាលីឡេ។
13 ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី
14 នោះក៏សម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖
15 «ស្រុកសាប់យូឡូន និងស្រុកណែបថាលី ស្ថិតនៅតាមផ្លូវមាត់បឹងនៅឯនាយអូរយ័រដាន់ ជាស្រុកកាលីឡេរបស់សាសន៍ដទៃ
16 ប្រជាជនដែលអង្គុយនៅក្នុងសេចក្ដីងងឹតបានឃើញពន្លឺមួយដ៏អស្ចារ្យ ហើយមានពន្លឺមួយរះឡើងក្នុងចំណោមពួកអ្នកអង្គុយនៅក្នុងស្រុក និងនៅក្នុងស្រមោលនៃសេចក្ដីស្លាប់»
17 ចាប់ពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាស ដោយមានបន្ទូលថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»។
18 ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង
19 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»
20 ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។
21 កាលយាងហួសទីនោះបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ដែលត្រូវជាកូនរបស់លោកសេបេដេ កំពុងជួសជុលសំណាញ់ក្នុងទូកជាមួយលោកសេបេដេជាឪពុក ព្រះអង្គក៏ហៅអ្នកទាំងពីរនោះ
22 ភ្លាមនោះ ពួកគេក៏ចាកចេញពីទូក និងឪពុករបស់ពួកគេ ហើយដើរតាមព្រះអង្គទៅ។
23 ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
24 កេរ្ដិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយពាសពេញស្រុកស៊ីរី គេបាននាំយកមនុស្សទាំងអស់ដែលមានជំងឺរោគាផ្សេងៗមកឯព្រះអង្គ មានទាំងមនុស្សឈឺធ្ងន់ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃជើងផង ហើយព្រះអង្គបានប្រោសគេឲ្យជាទាំងអស់គ្នា។
25 បណ្ដាជនច្រើនកុះករមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងស្រុកនៅឯនាយអូរយ័រដាន់បានដើរតាមព្រះអង្គ។
Attualmente Selezionati:
Matthew 4: KCB
Evidenzia
Condividi
Confronta
Copia
Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.