ជំរឿនប្រជាជន 8
8
របៀបតម្កល់ចង្កៀង
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ចូរប្រាប់ហារូនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
3ហារូនក៏ធ្វើតាម គឺគាត់ដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូចអុលឡោះតាអាឡាមានបន្ទូលបង្គាប់មកម៉ូសា។ 4ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែលអុលឡោះតាអាឡាបង្ហាញឲ្យម៉ូសាឃើញ។
ពិធីតែងតាំងក្រុមលេវី
5 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 6«ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបានបរិសុទ្ធ។ 7អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបានបរិសុទ្ធ។ 8បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងជំនូនដែលត្រូវជូនជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើគូរបានរំដោះបាប។ 9ចូរនាំពួកលេវីឲ្យចូលមកជិតជំរំជួបអុលឡោះតាអាឡា ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រអែលទាំងមូល។ 10ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រអែលដាក់ដៃលើពួកគេ។ 11ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។ 12ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។ 13បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។ 14ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ 15បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ អ្នកត្រូវជម្រះពួកគេឲ្យបានបរិសុទ្ធ និងធ្វើពិធីញែកពួកគេ ទុកជាជំនូនសម្រាប់យើងបែបនេះឯង។ 16យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល 17ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង។ 18ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។ 19យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រអែលប្រគល់ទៅឲ្យហារូន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រអែល នៅក្នុងជំរំជួបអុលឡោះតាអាឡាឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រអែល។ ធ្វើដូច្នេះ អ៊ីស្រអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
20ម៉ូសា ហារូន និងសហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នាអនុវត្តតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ 21ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូនអុលឡោះតាអាឡានៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។ 22បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា ក្រោមការទទួលខុសត្រូវរបស់ហារូន និងកូនចៅរបស់គាត់។ គេបានអនុវត្តតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។
23 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 24«ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡាទាំងអស់គ្នា។ 25ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។ 26គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។
Attualmente Selezionati:
ជំរឿនប្រជាជន 8: អគត
Evidenzia
Condividi
Copia
Vuoi avere le tue evidenziazioni salvate su tutti i tuoi dispositivi?Iscriviti o accedi
© 2014 United Bible Societies, UK.