Logo YouVersion
Îcone de recherche

លោកុប្បត្តិ 15

15
ព្រះ‌ជាម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​អាប់រ៉ាម
1ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក លោក​អាប់រ៉ាម​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អាប់រ៉ាម​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។ 2លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញ»។ 3លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។ 4ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។ 5 ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ 6 លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត* ។
7ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អ៊ើរ​នៅ​ស្រុក​ខាល់ដេ​មក ដើម្បី​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​ទុក​ជា​សម្បត្តិ»។ 8លោក​អាប់រ៉ាម​ទូល​ព្រះអង្គ​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ធ្វើ​ម្ដេច​ឲ្យ​ដឹង​ថា ទូលបង្គំ​នឹង​ទទួល​ស្រុក​នេះ?» 9ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចូរ​យក​គោ​ញី​ជំទង់​អាយុ​បី​ខួប​មួយ ពពែ​ញី​អាយុ​បី​ខួប​មួយ ពពែ​ឈ្មោល​អាយុ​បី​ខួប​មួយ លលក​មួយ និង​ព្រាប​ជំទើរ​មួយ មក​ឲ្យ​យើង»។ 10លោក​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​ពីរ រួច​ដាក់​ទន្ទឹម​គ្នា តែ​លោក​ពុំ​បាន​ពុះ​សត្វ​ស្លាប​ជា​ពីរ​ទេ។ 11ពេល​នោះ មាន​ត្មាត​មក​ឆាប​សាច់​សត្វ តែ​លោក​អាប់រ៉ាម​បាន​ដេញ​វា។ 12 នៅ​ពេល​ថ្ងៃ​ជិត​លិច លោក​អាប់រ៉ាម​លង់‌លក់ ហើយ​ព្រឺ​ខ្លាច​ជា​ខ្លាំង ព្រោះ​មាន​ភាព​ងងឹត​មក​គ្រប​ដណ្ដប់​លើ​លោក។
13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «តោង​ដឹង​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ‌ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ ។ 14 ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ 15រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន‌យូរ។ 16នៅ​តំណ​ទី​បួន ទើប​ពូជ‌ពង្ស​របស់​អ្នក​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​ជន‌ជាតិ​អាម៉ូរី​ប្រព្រឹត្ត​បទ​ល្មើស​មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ»។
17លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត។ ពេល​នោះ ស្រាប់​តែ​ភ្លើង​ឆេះ​ឡើង ព្រម​ទាំង​មាន​អណ្ដាត​ភ្លើង​ឆេះ​ឆាប​តាម​ចន្លោះ​ដុំ​សាច់​សត្វ ដែល​ពុះ​ជា​ពីរ​នោះ​ផង​ដែរ។ 18 នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​លោក​អាប់រ៉ាម ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត 19ពួក‌កែន ស្រុក​កេនិ‌ស៊ីត ស្រុក​កាត់‌ម៉ូនី 20ស្រុក​ហេត ស្រុក​ពេរិ‌ស៊ីត ស្រុក​រេផែម 21ស្រុក​អាម៉ូរី ស្រុក​កាណាន ស្រុក​គើកា‌ស៊ី និង​ស្រុក​យេប៊ូស»។

Surbrillance

Partager

Copier

None

Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi

YouVersion utilise des cookies pour personnaliser votre expérience. En utilisant notre site Web, vous acceptez l'utilisation des cookies comme décrit dans notre Politique de confidentialité