និក្ខមនំ 20
20
1នោះព្រះទ្រង់មានបន្ទូលនូវពាក្យទាំងនេះថា 2អញនេះគឺយេហូវ៉ា ជាព្រះនៃឯង ដែលបាននាំឯងចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក។
3កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ។
4កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង 5ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណផង ចំពោះអស់អ្នកណាដែលស្អប់អញ 6តែអញផ្តល់សេចក្ដីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់អញទាំងប៉ុន្មានវិញ។
7កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ។
8ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ 9ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ 10តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯងក្តី ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី 11ដ្បិតក្នុង៦ថ្ងៃព្រះយេហូវ៉ាទ្រង់បានធ្វើផ្ទៃមេឃ ផែនដី ហើយនឹងសមុទ្រ ព្រមទាំងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ រួចដល់ថ្ងៃទី៧ ទ្រង់ឈប់សំរាក ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់ថ្ងៃឈប់សំរាក ហើយក៏ញែកចេញជាបរិសុទ្ធ។
12ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។
13កុំឲ្យសំឡាប់មនុស្សឲ្យសោះ។
14កុំឲ្យផិតគ្នាឲ្យសោះ។
15កុំឲ្យលួចប្លន់ឲ្យសោះ។
16កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ។
17កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
18កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ 19គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់ 20ម៉ូសេក៏តបថា កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ 21ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ។
22ព្រះយេហូវ៉ា ទ្រង់ក៏បង្គាប់ទៅម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ខ្លួនឯងរាល់គ្នាបានឃើញថា អញបាននិយាយនឹងឯងរាល់គ្នាពីលើស្ថានសួគ៌មក 23ដូច្នេះ មិនត្រូវឲ្យមានព្រះណាទៀត នៅជាមួយនឹងអញ ទោះទាំងព្រះធ្វើពីមាស ឬពីប្រាក់ ក៏មិនត្រូវធ្វើសំរាប់ខ្លួនឡើយ។
24ត្រូវឲ្យឯងយកដីស្អាងអាសនាឲ្យអញ ហើយត្រូវថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ជាចៀម ហើយនឹងគោរបស់ឯង នៅលើអាសនានោះ ឯអញនឹងមកឲ្យពរដល់ឯងនៅគ្រប់ទីកន្លែងណា ដែលអញតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះអញ 25បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ 26ក៏កុំឲ្យមានថ្នាក់ជណ្តើរដើម្បីឡើងទៅឯអាសនាអញឡើយ ក្រែងគេឃើញកេរខ្មាសឯង។
Sélection en cours:
និក្ខមនំ 20: ពគប
Surbrillance
Partager
Copier
Tu souhaites voir tes moments forts enregistrés sur tous tes appareils? Inscris-toi ou connecte-toi
© BFBS/UBS 1954, 1962. All Rights Reserved.