Titus 3
3
1 ចូររំលឹកពួកគេឲ្យចុះចូលនឹងពួកអ្នកដឹកនាំ ចុះចូលនឹងពួកអាជ្ញាធរ ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង
2 មិនត្រូវនិយាយបង្ខូចអ្នកណាម្នាក់ ឬរករឿងឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្ដសុភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់។
3 ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
4 ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក
5 នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ
6 ហើយព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនេះមកលើយើងយ៉ាងបរិបូរ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង
7 ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។
8 ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។
9 ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។
10 ចំពោះមនុស្សដែលបង្កើតបក្សពួក ចូរកុំទទួលស្គាល់អ្នកនោះឲ្យសោះ ក្រោយពីបានព្រមានគេម្ដងពីរដងហើយនោះ
11 ដោយដឹងថា មនុស្សបែបនេះអាក្រក់អស់ហើយ គេចេះតែធ្វើបាប ព្រមទាំងជាអ្នកដាក់ទោសខ្លួនឯងទៀតផង។
12 នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមកឯអ្នក ចូរព្យាយាមមកឯខ្ញុំនៅក្រុងនីកូប៉ូល ដ្បិតខ្ញុំសម្រេចចិត្តថា ស្នាក់នៅទីនោះក្នុងរដូវរងា។
13 ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។
14 ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រលប់ជាមនុស្សមិនបង្កើតផលឡើយ។
15 បងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំក៏ជម្រាបសួរមកអ្នកដែរ។ ចូរជម្រាបសួរដល់ពួកអ្នករួមជំនឿដែលស្រឡាញ់យើងផង។ សូមឲ្យអ្នកទាំងអស់គ្នាបានប្រកបដោយព្រះគុណ៕
Currently Selected:
Titus 3: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.