YouVersion Logo
Search Icon

Mark 16

16
1 កាល​ថ្ងៃ​សប្ប័ទ​កន្លង​ផុត​ទៅ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះអង្គ​
2 នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ពេល​ថ្ងៃ​រះ​ ពួក​នាង​បាន​ទៅ​ផ្នូរ​
3 ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ថា៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?»​
4 ប៉ុន្ដែ​ពេល​សម្លឹង​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​
5 ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​
6 ប៉ុន្ដែ​អ្នក​នោះ​ប្រាប់​ពួក​នាង​ថា៖​ «កុំ​ភ័យ​អី!​ អ្នក​រាល់គ្នា​កំពុង​រក​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ តែ​ព្រះអង្គ​បាន​រស់​ឡើង​វិញ​ហើយ​ មិន​នៅ​ទី​នេះ​ទៀត​ទេ​ ចូរ​មើល​កន្លែង​ដែល​គេ​ដាក់​សព​ព្រះអង្គ​ចុះ​
7 រួច​ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់»​
8 ពួក​នាង​បាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់​ញ័រ​ ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​នាង​ខ្លាច។​
9 កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ព្រះអង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុន​គេ​ គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​ពី​នាង​
10 នាង​បាន​ចេញ​ទៅ​ប្រាប់​ពួក​អ្នក​នៅ​ជាមួយ​ព្រះអង្គ​ដែល​កំពុង​កាន់​ទុក្ខ​ និង​យំ​សោក​
11 តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​
12 ក្រោយ​ហេតុ​ការណ៍​ទាំង​នេះ​ ព្រះអង្គ​បាន​លេច​មក​ជា​រូបរាង​ផ្សេង​ទៀត​ឲ្យ​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ឃើញ​ ពេល​កំពុង​ដើរ​ទៅ​ស្រុក​ចម្ការ​
13 អ្នក​ទាំង​ពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់​អ្នក​ឯ​ទៀត​ ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿ​ដែរ​
14 ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​
15 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោក​ទាំង​មូល​ ហើយ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​អស់​
16 អ្នក​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​នោះ​នឹង​បាន​សង្គ្រោះ​ ប៉ុន្ដែ​អ្នក​ណា​មិន​ជឿ​ នោះ​នឹង​ជាប់​ទោស​មិន​ខាន​
17 អ្នក​ជឿ​នឹង​មាន​ទីសំគាល់​ដូច​នេះ ពួកគេ​នឹង​បណ្ដេញ​អារក្ស​នៅ​ក្នុង​ឈ្មោះខ្ញុំ​ ហើយ​ពួកគេ​នឹង​និយាយ​ភាសា​ថ្មី​
18 ពួកគេ​នឹង​ចាប់​ពស់​ដោយ​ដៃ​ ហើយ​បើ​ពួកគេ​ផឹក​អ្វី​ពុល​នោះ​ ក៏​គ្មាន​គ្រោះ​ថ្នាក់​ដែរ​ ពួកគេ​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ មនុស្ស​ឈឺ​នឹង​បាន​ជា​សះស្បើយ»​
19 ក្រោយ​ពី​ព្រះអម្ចាស់​យេស៊ូ​មាន​បន្ទូល​ទៅ​គេ​រួច​ហើយ​ ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅ​ស្ថាន​សួគ៌​ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​
20 រីឯ​ពួកគេ​ក៏​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​គ្រប់​ទី​កន្លែង​ ហើយ​ព្រះអម្ចាស់​ក៏ជួយ​ពួកគេ​ និង​បញ្ជាក់​ពី​ព្រះបន្ទូល​តាមរយៈ​ទី​សំគាល់​នា​នា​ដែល​បាន​កើត​ឡើង។​

Currently Selected:

Mark 16: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy