YouVersion Logo
Search Icon

Acts of the Apostles 3

3
1 មាន​ពេល​មួយ​នោះ​ នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរ​សៀល​ លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះវិហារ​
2 ហើយ​នៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ​ មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ដែល​ត្រូវ​បាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ​វិហារ។​
3 ពេល​គាត់​ឃើញ​លោក​ពេត្រុស​ និង​លោ​ក​យ៉ូហាន​កំពុង​ចូល​មក​ក្នុង​ព្រះ​វិហារ​ នោះ​គាត់​ក៏​សុំ​ទាន​ពី​អ្នក​ទាំង​ពីរ​
4 ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​សម្លឹង​មើល​ទៅ​គាត់​ រួច​និយាយ​ថា៖​ «ចូរ​សម្លឹង​មើល​មក​ពួក​យើង!»​
5 គាត់​ក៏​ស្ដាប់​តាម​អ្នក​ទាំង​ពីរ​ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​មួយ​ពី​ពួកគេ។​
6 ពេល​នោះ​លោក​ពេត្រុស​ប្រាប់​ថា៖​ «មាស​ប្រាក់​ ខ្ញុំ​គ្មាន​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មាន​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ គឺ​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ចូរ​ក្រោក​ឡើង​ ហើយ​ដើរ​ទៅ!»​
7 រួច​លោក​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​គាត់​ ហើយ​លើក​គាត់​ឡើង។​ ភ្លាមនោះ​ ប្រអប់​ជើង​ និង​ក​ជើង​របស់​គាត់​ក៏​រឹងមាំ​
8 គាត់​ក៏​ស្ទុះ​ក្រោក​ឈរ​ឡើង​ដើរ​ទៅ​មក​ ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នក​ទាំង​ពីរ​ ដោយ​ដើរ​ផង​លោត​ផង​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។​
9 ពេល​បណ្ដាជន​ទាំង​អស់​គ្នា​ឃើញ​គាត់​ដើរ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដូច្នេះ​
10 ពួកគេ​ចំណាំ​បាន​ថា​ គាត់​ជា​អ្នក​ដែល​បាន​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​លំអ​នៃ​ព្រះ​វិហារ​ នោះ​ពួកគេ​ក៏​នឹក​អស្ចារ្យ​ ហើយ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ដល់​គាត់។​
11 កាល​គាត់​កំពុង​កៀក​ដៃ​ជាមួយ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ នោះ​បណ្ដាជន​ទាំង​អស់​ក៏​រត់​មក​ឯ​ពួកគេ​នៅ​ត្រង់​សាលា​សំណាក់​មួយ​ដែល​ហៅ​ថា​ សាលា​សំណាក់​សាឡូម៉ូន​ ទាំង​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង។​
12 ពេល​លោក​ពេត្រុស​ឃើញ​ដូច្នេះ​ គាត់​ក៏​និយាយ​ទៅ​បណ្ដាជន​ទាំង​នោះ​ថា៖​ «ឱ​បងប្អូន​អ៊ីស្រាអែល​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​នឹក​អស្ចារ្យ​ចំពោះ​ហេតុការណ៍​នេះ​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សម្លឹង​មើល​យើង​ ហាក់​បីដូចជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​បាន​ដោយសារ​អំណាច​របស់​យើង​ផ្ទាល់​ ឬ​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ?​
13 ព្រះ​របស់​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ជា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​លើក​តម្កើង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ព្រះអង្គ​ ដែល​អ្នក​រាល់គ្នា​បាន​ចាប់​បញ្ជូន​ព្រះអង្គ​ និង​បាន​បដិសេធ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់​ កាល​ដែល​គាត់​សម្រេច​ថា​ដោះលែង​ព្រះអង្គ​នោះ។​
14 អ្នក​រាល់គ្នា​បាន​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធ​ និង​សុចរិត​ ហើយ​បែរជា​សុំ​ឲ្យ​គេ​ដោះលែង​ឃាតក​រឲ្យ​អ្នក​រាល់គ្នា​វិញ​
15 អ្នក​រាល់គ្នា​បាន​សម្លាប់​ម្ចាស់​នៃ​ជីវិត​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ រីឯ​យើង​ជា​បន្ទាល់​អំពី​ការ​នេះ​
16 ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​
17 ដូច្នេះ​ បងប្អូន​អើយ!​ ខ្ញុំ​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​ដោយ​មិន​ដឹង​ ដូច​ដែល​ពួក​អ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​បាន​ប្រព្រឹត្ដ​ដែរ។​
18 ប៉ុន្ដែ​សេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ប្រាប់​ជា​មុន​ តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ថា​ ព្រះគ្រិស្ដ​របស់​ព្រះជាម្ចាស់​ត្រូវ​រងទុក្ខ​វេទនា​ នោះ​ព្រះជាម្ចាស់​បាន​សម្រេច​ការ​នេះ​តាម​របៀប​នេះ​ឯង។​
19 ដូច្នេះ​ ចូរ​ប្រែចិត្ដ​ ហើយ​វិល​មក​ឯ​ព្រះជាម្ចាស់​វិញ​ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់គ្នា​បាន​លុប​ចេញ​
20 និង​ដើម្បី​ឲ្យ​មាន​ពេល​ល្ហែល្ហើយ​ដែល​មក​ពី​ព្រះ​វត្ដមាន​របស់​ព្រះអម្ចាស់​ ព្រមទាំង​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ព្រះ​យេស៊ូ​មក​ជា​មុន​ ជា​ព្រះគ្រិស្ដ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុក​មក​ឯ​អ្នក​រាល់គ្នា​
21 ប៉ុន្ដែ​ព្រះយេស៊ូ​នេះ​ត្រូវ​គង់​នៅ​ឯ​ស្ថានសួគ៌​រហូត​ដល់​ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ជំនាន់​ដើម។​
22 លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​នឹង​តាំង​អ្នក​​នាំ​​ព្រះបន្ទូល​​ម្នាក់​ដែល​ដូចជា​ខ្ញុំ​ដែរ​ ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នក​រាល់គ្នា​ សម្រាប់​អ្នក​រាល់គ្នា​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​តាម​លោក​គ្រប់​សេចក្ដី​ទាំង​អស់​ ដែល​លោក​និយាយ​ប្រាប់​អ្នក​រាល់គ្នា​ចុះ​
23 រីឯ​អ្នកណា​ដែល​មិន​ព្រម​ស្ដាប់​តាម​អ្នក​នាំ​ព្រះបន្ទូល​ នោះ​គេ​នឹង​វិនាស​បាត់​ពី​ក្នុង​ចំណោម​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​
24 ហើយ​អ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​ចាប់​ពី​លោក​សាំយូអែល​ ព្រមទាំង​អ្នក​ក្រោយៗ​ទៀត​ សុទ្ធតែ​បាន​ប្រកាស​ប្រាប់​ជាមុន​អំពី​គ្រា​នេះ។​
25 អ្នក​រាល់គ្នា​នេះ​ហើយ​ជា​កូនចៅ​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ជា​កូនចៅ​នៃ​កិច្ច​ព្រមព្រៀង​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ដូនតា​របស់​អ្នក​រាល់គ្នា​ ដោយ​បាន​មាន​បន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា​ គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ពរ​តាមរយៈ​ពូជពង្ស​របស់​អ្នក។​
26 ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​

Currently Selected:

Acts of the Apostles 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy