2 Timothy 1
1
1 ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ
2 ជូនចំពោះធីម៉ូថេជាកូនជាទីស្រឡាញ់។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
3 ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ
4 គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។
5 ខ្ញុំនឹកចាំពីជំនឿដ៏ឥតពុតត្បុតដែលមាននៅក្នុងអ្នក ដែលមុនដំបូងជំនឿនោះស្ថិតនៅក្នុងឡូអ៊ីសជាជីដូនរបស់អ្នក បន្ទាប់មកនៅក្នុងអ៊ើនីសជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា ជំនឿនោះក៏នៅក្នុងអ្នកដែរ។
6 ហេតុនេះហើយខ្ញុំរំឮកអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំឲ្យមានសកម្មភាពឡើងវិញ។
7 ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។
8 ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់
9 ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ
10 ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ
11 ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង
12 ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
13 ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែលអ្នកបានឮពីខ្ញុំទុកជាគំរូដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូចុះ។
14 ចំពោះសេចក្ដីល្អដែលបានផ្ញើទុកនឹងអ្នក ចូររក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។
15 អ្នកដឹងការនេះហើយថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងអស់បានបែរចេញពីខ្ញុំហើយ ក្នុងចំណោមពួកគេមានលោកភីកេឡុស និងលោកហ៊ើម៉ូនគេន។
16 សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ
17 សូម្បីតែនៅពេលគាត់មកក្រុងរ៉ូម គាត់បានព្យាយាមស្វែងរកខ្ញុំរហូតទាល់តែបានជួប។
18 សូមព្រះអម្ចាស់ប្រទានឲ្យគាត់ទទួលបានសេចក្ដីមេត្តាករុណាពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយកាលនៅក្រុងអេភេសូរ អ្នកក៏ដឹងច្បាស់ជាងគេដែរថា គាត់បានបម្រើច្រើនយ៉ាងណា។
Currently Selected:
2 Timothy 1: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.