YouVersion Logo
Search Icon

2 Peter 3

3
1 ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​
2 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​អំពី​សេចក្ដី​ដែល​ពួកអ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ញត្ដិ​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​
3 មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​
4 ដោយ​និយាយ​ថា​ តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក។​
5 ព្រោះ​គេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​ តាំង​ពី​យូរ​ណាស់​មក​ហើយ​ នោះ​មាន​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​
6 បន្ទាប់​មក​ ពិភព​លោក​ត្រូវ​ទឹក​នោះ​ជន់លិច​បំផ្លាញ​
7 ហើយ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​
8 បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​
9 ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​
10 ថ្ងៃ​របស់​ព្រះអម្ចាស់​នឹង​មក​ដូចជា​ចោរ​ នៅ​ថ្ងៃ​នោះ​ ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង​ ធាតុ​ទាំងឡាយ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​អស់​ដែរ។​
11 បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​
12 ទាំង​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​ ព្រោះ​នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ឯ​ធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​អស់​ដែរ។​
13 ប៉ុន្ដែ​យើង​ទន្ទឹង​រង់ចាំ​ផ្ទៃមេឃ​ថ្មី​ និង​ផែនដី​ថ្មី​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដែល​នៅ​ទីនោះ​មាន​តែ​សេចក្ដី​សុចរិត។​
14 ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​
15 ហើយ​ចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​
16 ហើយ​ដូច​នៅ​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​
17 ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​រួច​ហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ខ្ជាប់ខ្ជួន​របស់​ខ្លួន​នោះ​ឡើយ​
18 ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​

Currently Selected:

2 Peter 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy