YouVersion Logo
Search Icon

2 Peter 1

1
1 ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​
2 ដោយសារ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​
3 ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​
4 ហើយ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស​អស្ចារ្យ​ដល់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ចំណែក​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះជាម្ចាស់​តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ ព្រមទាំង​រួច​ផុត​ពី​សេចក្ដី​ពុករលួយ​នៅ​ក្នុង​លោកិយ​នេះ​ ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា។​
5 ហេតុ​នេះ​ហើយ​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ទៅ​លើ​សេចក្ដី​ល្អ​នោះ​
6 បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ទៅ​លើ​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​អត់ធ្មត់​ទៅ​លើ​ការ​គ្រប់គ្រង​ចិត្ត​ បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅ​លើការ​អត់ធ្មត់​
7 បន្ថែម​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ទៅ​លើ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ហើយ​បន្ថែម​សេចក្ដី​ស្រឡាញ់​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​
8 ដ្បិត​បើ​សេចក្ដី​ទាំង​នេះ​បាន​កើន​ឡើង​នៅ​ក្នុង​អ្នក​រាល់គ្នា​ មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជា​មនុស្ស​ខ្ជិល​ច្រអូស​ ឬ​គ្មាន​ផល​ផ្លែ​ក្នុង​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ឡើយ​
9 ព្រោះ​អ្នកណា​ដែល​គ្មាន​សេចក្ដី​ទាំង​នេះ​ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់​ ឬ​ជា​មនុស្ស​មើល​មិន​បាន​ឆ្ងាយ​ ហើយ​ភ្លេច​ថា​ ព្រះជាម្ចាស់​បាន​សំអាត​ពួកគេ​ឲ្យ​បាន​រួច​ពី​បាប​កាល​ពី​មុន​ហើយ។​
10 ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​មាន​ចិត្ដ​សង្វាត​ ដើម្បី​ធ្វើ​ឲ្យការ​ត្រាស់​ហៅ​ និង​ការ​ជ្រើសរើស​របស់​អ្នក​រាល់គ្នា​ប្រាកដ​ប្រជា​ ដ្បិត​បើ​ប្រព្រឹត្ដ​សេចក្ដី​ទាំង​នេះ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ជំពប់​ដួល​សោះ​ឡើយ​
11 ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​
12 ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​
13 ដរាប​ណា​ខ្ញុំ​ស្ថិត​នៅ​ក្នុង​រោង​នេះ​នៅ​ឡើយ​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ ដែល​ត្រូវ​រំលឹក​ និង​ដាស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​
14 ដោយ​ដឹង​ថា​ ខ្ញុំ​នឹង​ដោះ​រោង​នេះ​ចេញ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដូច​ដែល​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​បង្ហាញ​ឲ្យខ្ញុំ​ឃើញ​ច្បាស់​
15 ខ្ញុំ​នឹង​ខ្នះខ្នែង​ ដើម្បី​ឲ្យ​ក្រោយ​ពេល​ខ្ញុំ​ចាកចេញ​ពី​លោក​នេះ​ អ្នក​រាល់គ្នា​នៅ​តែ​ចងចាំ​ពី​សេចក្ដី​ទាំងនេះ​គ្រប់​ពេល​វេលា​ជានិច្ច។​
16 ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​
17 ដ្បិត​ពេល​ដែល​ព្រះអង្គ​បាន​ទទួល​កិត្ដិយស​ និង​សិរី​រុងរឿង​ពី​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ នោះ​ក៏​មាន​សំឡេង​មួយ​ចេញ​មក​ពី​សិរី​រុងរឿង​ដ៏​ឧត្តុង្គឧត្ដម​មាន​ប​ន្ទូល​មក​កាន់​ព្រះអង្គ​ថា៖​ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ដ​នឹង​បុត្រ​នេះ​ណាស់»។​
18 យើង​បាន​ឮ​សំឡេង​នេះ​ចេញ​ពី​ស្ថាន​សួគ៌​មក​ នៅ​ពេល​យើង​នៅ​លើ​ភ្នំ​បរិសុទ្ធ​ជា​មួយ​ព្រះអង្គ។​
19 យើង​មាន​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​
20 ជា​បឋម​ត្រូវ​ដឹង​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល​នៅ​ក្នុង​បទគម្ពីរ​មិន​មែន​ជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ​
21 ដ្បិត​ការ​ថ្លែង​ព្រះបន្ទូល​មិន​មែន​ចេញ​មក​ពី​បំណង​របស់​មនុស្ស​ទេ​ គឺ​មនុស្ស​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​ដែល​ព្រះវិញ្ញាណ​បណ្ដាល។​

Currently Selected:

2 Peter 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy