YouVersion Logo
Search Icon

1 Peter 3

3
1 រីឯ​ប្រពន្ធ​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ ទោះបី​ប្ដីនោះ​មិន​ស្ដាប់បង្គាប់​ព្រះបន្ទូល​ក៏​ដោយ​ ក៏​គង់​តែ​អាច​ទាក់ទាញ​ចិត្ដ​ប្ដីរបស់​ខ្លួន​បាន​តាមរយៈ​អាកប្ប​កិរិយា​ដែល​គ្មាន​សំដី​របស់​ប្រពន្ធ​
2 ព្រោះ​គេ​បាន​សង្កេត​ឃើញ​អាកប្បកិរិយា​បរិសុទ្ធ​របស់​អ្នក​រាល់គ្នា​ ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​
3 ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូច​ជា​ក្រងសក់​ ពាក់​មាស​ និង​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ឡើយ​
4 ផ្ទុយ​ទៅ​វិញ​ ចូរ​តុបតែង​មនុស្ស​ខាង​ក្នុង​ចិត្ត​ ដោយ​គ្រឿង​ដែល​មិន​ពុករលួយ​ គឺ​ដោយ​វិញ្ញាណ​ស្លូតបូត​ និង​ស្រគត់ស្រគំ​ ដែល​មាន​តម្លៃ​បំផុត​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះជាម្ចាស់។​
5 ដ្បិត​កាល​ពីដើម​ ពួក​ស្ដ្រី​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​ព្រះជាម្ចាស់ក៏​បាន​តុប​តែង​ខ្លួន​របៀប​នេះ​ ទាំង​ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ដែរ​
6 ដូច​ជា​សារ៉ា​បាន​ស្ដាប់បង្គាប់​លោក​អ័ប្រាហាំ​ ព្រមទាំង​ហៅ​គាត់​ថា​ លោកម្ចាស់​ ទៀត​ផង។​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​កូន​របស់​សារ៉ា​ បើ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​ល្អ​ ដោយ​ឥត​ភ័យខ្លាច​ចំពោះ​ការ​បំភ័យ​ណា​មួយ​នោះ។​
7 រី‍ឯ​ប្ដី​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ត្រូវ​រស់នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន​ដោយ​យល់​ថា​មនុស្ស​ស្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង​ ហើយ​ចូរ​ផ្ដល់​កិត្ដិយស​ដល់​នាង​ទុក​ជា​អ្នក​រួម​ទទួលម​រតក​ព្រះគុណ​នៃ​ជីវិត​ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​បង្អាក់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់គ្នា​ឡើយ។​
8 នៅ​ទី​បញ្ចប់​នេះ​ ចូរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​តែ​មួយ​ មាន​ចិត្ដ​អាណិត​អាសូរ​ មាន​ចិត្ដ​ស្រឡាញ់​គ្នា​ដូច​ជា​បងប្អូន​ ចិត្ដ​សន្ដោស​ និង​ចិត្ត​សុភាព​ចុះ‍។​
9 ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​
10 ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​
11 ចូរ​ឲ្យ​អ្នក​នោះ​ចៀស​វាង​ពី​ការ​អាក្រក់​ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ​ ចូរ​ឲ្យ​អ្នក​នោះ​ស្វែងរក​ ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ចុះ។​
12 ដ្បិត​ព្រះនេត្រ​របស់​ព្រះអម្ចាស់​ទត​មើល​មនុស្ស​សុចរិត​ ឯ​ព្រះកាណ៌​របស់​ព្រះអង្គ​ក៏​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​គេ​ដែរ​ ប៉ុន្ដែ​ព្រះភក្ដ្រ​របស់​ព្រះអង្គ​ប្រឆាំង​នឹង​ពួកអ្នក​ប្រព្រឹត្ដ​អាក្រក់​វិញ។​
13 បើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ប្ដូរផ្ដាច់​ប្រព្រឹត្ដ​ល្អ​ តើ​អ្នកណា​នឹង​ធ្វើបាប​អ្នក​រាល់គ្នា?​
14 ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​រងទុក្ខ​ដោយ​ព្រោះ​សេចក្ដី​សុចរិត​មែន​ អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ចូរ​កុំ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ​ ឬ​ ជ្រួលច្របល់​ឡើយ​
15 ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​
16 ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​
17 ដ្បិត​បើ​ជា​បំណង​របស់​ព្រះជាម្ចាស់​មែន​ នោះ​ស៊ូ​រងទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ដ​ល្អ​ ប្រសើរ​ជាង​ប្រព្រឹត្ដ​អាក្រក់។​
18 ដ្បិត​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​ម្ដង​ដោយ​ព្រោះ​បាប​ដែរ​ គឺ​ព្រះអង្គ​សុចរិត​បាន​សោយ​ទិវង្គត​ជំនួស​មនុស្ស​ទុច្ចរិត​ ដើម្បី​ឲ្យ​ព្រះអង្គ​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​ព្រះជាម្ចាស់​ ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ខាង‍​ឯ​សាច់ឈាម​ ប៉ុន្ដែ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ខាង​ឯ​ព្រះវិញ្ញាណ​
19 ដោយ​សារ​ព្រះវិញ្ញាណ​នោះ​ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ​បន្ទូល​ប្រាប់​វិញ្ញាណ​ទាំង​ឡាយ​ដែល​ជាប់​ឃុំឃាំង​
20 គឺ​ជា​ពួកអ្នក​មិន​ស្ដាប់បង្គាប់​កាល​ពីដើម​ នៅ​ពេល​ដែល​ព្រះជាម្ចាស់​បាន​រង់ចាំ​ដោយ​អត់ធ្មត់​នៅ​ជំនាន់​លោក​ណូអេ​ ពេល​ដែល​ទូក​ធំ​កំពុង​សាងសង់​ ហើយ​នៅ​ក្នុង​ទូក​ធំ​មាន​មនុស្ស​បន្ដិច​បន្ដួច​ប៉ុណ្ណោះ​ គឺ​មាន​មនុស្ស​ប្រាំបី​នាក់​ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក។
21 នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​
22 ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​

Currently Selected:

1 Peter 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy