លោកុប្បត្តិ 1

1
ការនិម្មិតបង្កើត
1នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។
2ពេលនោះ ផែនដី​គ្មានរូបរាង ហើយ​នៅទទេ ក៏​មាន​ភាពងងឹត​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ក៏​រេរា​នៅលើ​ផ្ទៃ​ទឹក​។
3ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ” នោះក៏​មាន​ពន្លឺ​។ 4ព្រះ​ទ្រង់​ឃើញ​ថា ពន្លឺ​ល្អ​ហើយ​។ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​។ 5ព្រះ​ទ្រង់​ហៅ​ពន្លឺ​ថា “ថ្ងៃ” ហើយ​ហៅ​ភាពងងឹត​ថា “យប់”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីមួយ​។
6ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​លំហ​នៅចន្លោះ​ទឹក ហើយ​ឲ្យ​លំហនោះ​ញែក​ទឹក​និង​ទឹក ចេញពីគ្នា”។ 7ព្រះ​ក៏​បង្កើត​លំហ ហើយ​ញែក​ទឹក​ដែល​នៅក្រោម​លំហ​ចេញពី​ទឹក​ដែល​នៅលើ​លំហ នោះក៏​កើតមាន​ដូច្នោះ​។ 8ព្រះ​ទ្រង់​ហៅ​លំហ​នោះ​ថា “មេឃ”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីពីរ​។
9ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​នៅក្រោម​មេឃ​ផ្ដុំគ្នា​នៅ​កន្លែង​តែមួយ ហើយ​ឲ្យ​ទីគោក​លេចឡើង” នោះក៏​កើតមាន​ដូច្នោះ​។ 10ព្រះ​ទ្រង់​ហៅ​ទីគោក​ថា “ដី” ហើយ​ព្រះអង្គ​ហៅ​ទឹក​ដែល​ផ្ដុំគ្នា​ថា “សមុទ្រ”។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។ 11ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ដី​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង​នៅលើ​ដី គឺ​តិណជាតិ​ដែល​មាន​គ្រាប់ និង​ដើមឈើហូបផ្លែ​ដែល​មាន​ផ្លែ​តាម​ពូជ​របស់វា ហើយ​មាន​គ្រាប់​នៅក្នុង​ផ្លែនោះ” នោះក៏​កើតមាន​ដូច្នោះ​។ 12ដី​ក៏​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង គឺ​តិណជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ​របស់វា និង​ដើមឈើ​មាន​ផ្លែ​ដែល​មាន​គ្រាប់​នៅក្នុង​វា តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។ 13នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបី​។
14ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុកជា​សញ្ញា​សម្រាប់​រដូវ ថ្ងៃ និង​ឆ្នាំ​; 15ចូរឲ្យ​វា​ទៅជា​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​បំភ្លឺ​មកលើ​ផែនដី” នោះក៏​កើតមាន​ដូច្នោះ​។ 16ព្រះ​ទ្រង់​បង្កើត​ដួងពន្លឺ​ដ៏ធំ​ពីរ គឺ​ដួងពន្លឺ​ធំ​សម្រាប់​គ្រប់គ្រង​ពេលថ្ងៃ និង​ដួងពន្លឺ​តូចជាង​សម្រាប់​គ្រប់គ្រង​ពេលយប់ ព្រមទាំង​បង្កើត​ផ្កាយ​ទាំងឡាយ​ដែរ​។ 17ព្រះ​ទ្រង់​ដាក់​ដួងពន្លឺទាំងនោះ​នៅក្នុង​លំហ​មេឃ ដើម្បី​បំភ្លឺ​មកលើ​ផែនដី 18និង​ដើម្បី​គ្រប់គ្រង​លើ​ពេលថ្ងៃ និង​ពេលយប់ ព្រមទាំង​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាពងងឹត​ផង​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។ 19នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីបួន​។
20ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​មាន​ពពាក់ពពូន​ដោយ​ហ្វូង​សត្វមានជីវិត ហើយ​ឲ្យ​មាន​បក្សាបក្សី​ហើរ​ពីលើ​ផែនដី​ឆ្លងកាត់​លំហ​មេឃ”។ 21ព្រះ​ទ្រង់​និម្មិតបង្កើត​សត្វសមុទ្រធំសម្បើម និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក ដែល​ពពាក់ពពូន​ក្នុង​ទឹក​តាម​ពូជ​របស់វា ព្រមទាំង​សត្វស្លាប​គ្រប់ប្រភេទ​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។ 22ព្រះ​ប្រទានពរ​ពួកវា ដោយ​មានបន្ទូលថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​បក្សាបក្សី​កើនចំនួនឡើង​នៅលើ​ផែនដី​ដែរ”។ 23នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំ​។
24ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ផែនដី​ធ្វើឲ្យ​សត្វមានជីវិត​កើតចេញមក​តាម​ពូជ​របស់វា គឺ​សត្វស្រុក សត្វលូនវារ និង​សត្វព្រៃនៅលើផែនដី តាម​ពូជ​របស់វា”។ នោះក៏​កើតមាន​ដូច្នោះ​។ 25ព្រះ​បង្កើត​សត្វព្រៃនៅលើផែនដី​តាម​ពូជ​របស់វា សត្វស្រុក​តាម​ពូជ​របស់វា និង​អស់ទាំង​សត្វលូនវារ​នៅលើ​ដី​តាម​ពូជ​របស់វា​។ ព្រះ​ទ្រង់​ឃើញ​ថា​ការនេះ​ល្អ​ហើយ​។
26ព្រះ​មានបន្ទូលថា​៖ “ចូរ​ពួកយើង​បង្កើត​មនុស្ស​តាម​រូបរាង​របស់ពួកយើង ឲ្យ​មាន​លក្ខណៈដូច​ពួកយើង​។ ចូរឲ្យ​គេ​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំង​ផែនដី​ទាំងមូល និង​សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​នៅលើ​ផែនដី”។
27ព្រះ​ទ្រង់​និម្មិតបង្កើត​មនុស្ស​តាម​រូបរាង​របស់អង្គទ្រង់
គឺ​ព្រះអង្គ​ទ្រង់​និម្មិតបង្កើត​គេ​តាម​រូបរាង​របស់​ព្រះ​;
ព្រះអង្គ​បាន​និម្មិតបង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី​។
28ព្រះ​ប្រទានពរ​ពួកគេ ហើយ​ព្រះ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី ហើយ​បង្ក្រាប​វា ព្រមទាំង​គ្រប់គ្រង​លើ​ត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និង​សត្វមានជីវិត​គ្រប់ប្រភេទ​ដែល​រវើក​នៅលើ​ផែនដី”។ 29ព្រះ​មានបន្ទូល​ទៀត​ថា​៖ “មើល៍! យើង​បាន​ប្រគល់​ដល់​អ្នករាល់គ្នា​នូវ​គ្រប់ទាំង​តិណជាតិ​ដែល​មាន​គ្រាប់​នៅលើ​ផ្ទៃ​ផែនដី​ទាំងមូល និង​គ្រប់ទាំង​ដើមឈើ​ដែល​មាន​គ្រាប់​នៅក្នុង​ផ្លែ​វា​។ វា​នឹង​ទៅជា​អាហារ​សម្រាប់​អ្នករាល់គ្នា​។ 30រីឯ​ចំពោះ​អស់ទាំង​សត្វព្រៃនៅលើផែនដី អស់ទាំង​បក្សាបក្សីនៅលើអាកាស និង​អ្វីៗ​ទាំងអស់​ដែល​រវើក​នៅលើ​ផែនដី ដែល​មាន​ខ្យល់ដង្ហើម​ជីវិត យើងបានប្រគល់​រុក្ខជាតិ​ខៀវខ្ចី​គ្រប់ប្រភេទ​ទុកជា​អាហារ”។ នោះក៏​កើតមាន​ដូច្នោះ​។ 31ព្រះ​ទត​ឃើញ​របស់សព្វសារពើ​ដែល​ព្រះអង្គ​បាន​បង្កើត នោះ​មើល៍! វា​ល្អ​ណាស់​។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីប្រាំមួយ​៕

Markierung

Teilen

Kopieren

None

Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.

YouVersion verwendet Cookies, um deine Erfahrung zu personalisieren. Durch die Nutzung unserer Webseite akzeptierst du unsere Verwendung von Cookies, wie in unserer Datenschutzrichtlinie beschrieben