យ៉ូហាន 9
9
ព្រះយេស៊ូវប្រោសមនុស្សខ្វាក់ពីកំណើតម្នាក់ឲ្យជា
1កាលព្រះអង្គកំពុងយាងទៅ ទ្រង់ទតឃើញមនុស្សម្នាក់ដែលខ្វាក់ពីកំណើត។ 2ពួកសិស្សទូលសួរព្រះអង្គថា៖ «លោកគ្រូ តើអ្នកណាបានប្រព្រឹត្តអំពើបាប មនុស្សនេះ ឬឪពុកម្តាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ?» 3ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្តាយគាត់បានប្រព្រឹត្តអំពើបាបទេ គាត់កើតមកខ្វាក់ដូច្នេះ គឺដើម្បីឲ្យព្រះបានបង្ហាញកិច្ចការរបស់ព្រះនៅក្នុងគាត់វិញ។ 4យើងត្រូវតែធ្វើការរបស់ព្រះ ដែលចាត់ខ្ញុំឲ្យមក ទាន់នៅថ្ងៃនៅឡើយ ដ្បិតដល់ពេលយប់ គ្មានអ្នកណាអាចនឹងធ្វើការបានទេ។ 5កាលខ្ញុំកំពុងតែនៅក្នុងពិភពលោកនេះ ខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។ 6ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ 7ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។ 8អ្នកជិតខាង និងអស់អ្នកដែលធ្លាប់ឃើញគាត់ពីមុនជាអ្នកសុំទាន នាំគ្នាសួរថា៖ «តើអ្នកនេះមែនទេ ដែលធ្លាប់តែអង្គុយសុំទានគេ?» 9ខ្លះថា៖ «គឺអ្នកហ្នឹងហើយ» ខ្លះទៀតថា៖ «ទេ អ្នកនេះគ្រាន់តែមានមុខមាត់ដូចគាត់»។ តែគាត់ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 10គេសួរគាត់ទៀតថា៖ «ធ្វើដូចម្តេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?» 11គាត់ឆ្លើយថា៖ «មានបុរសម្នាក់ឈ្មោះ យេស៊ូវ បានធ្វើភក់មកលាបភ្នែកខ្ញុំ រួចប្រាប់ថា "ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ" ខ្ញុំក៏ទៅលាង ហើយស្រាប់តែបានមើលឃើញភ្លាម»។ 12គេសួរគាត់ថា៖ «អ្នកនោះនៅឯណា?» គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
ពួកផារិស៊ីសួរចម្លើយអ្នកដែលខ្វាក់ពីមុន
13គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។ 14ថ្ងៃដែលព្រះយេស៊ូវធ្វើភក់ប្រោសឲ្យគាត់ភ្លឺភ្នែកនោះ គឺជាថ្ងៃសប្ប័ទ។ 15ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។ 16ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។ 17គេក៏សួរមនុស្សខ្វាក់ម្តងទៀតថា៖ «តើអ្នកថា មនុស្សដែលធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺនោះ ជានរណា?» គាត់ឆ្លើយថា៖ «លោកជាហោរា»។
18ពួកសាសន៍យូដាមិនជឿថា គាត់ខ្វាក់ភ្នែក ហើយបានភ្លឺឡើងវិញទេ ទាល់តែហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនោះមក 19ហើយសួរថា៖ «តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះមែនឬ? ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាគាត់ភ្លឺឡើងវិញ?» 20ឪពុកម្តាយគាត់ឆ្លើយថា៖ «យើងខ្ញុំដឹងថា នេះជាកូនយើងពិត ហើយពេលវាកើតមក ខ្វាក់មែន 21តែយើងខ្ញុំមិនដឹងថា វាបានភ្លឺដោយរបៀបណានោះទេ ក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្លឺដែរ វាគ្រប់អាយុហើយ សូមសួរវាចុះ វានឹងប្រាប់ដោយខ្លួនឯង»។ 22ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយថា បើអ្នកណាប្រកាសថាព្រះយេស៊ូវជាព្រះគ្រីស្ទ ត្រូវកាត់អ្នកនោះចេញពីសាលាប្រជុំរបស់គេ។ 23ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា៖ «វាគ្រប់អាយុហើយ សូមសួរវាចុះ»។
24ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។ 25គាត់ឆ្លើយថា៖ «លោកនោះជាមនុស្សមានបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ!» 26គេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? តើគាត់ធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា?» 27គាត់ឆ្លើយទៅគេថា៖ «ខ្ញុំបានជម្រាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាលោកចង់ស្តាប់ម្តងទៀត? តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬ?» 28ពេលនោះ គេដៀលប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់អ្នកនោះ យើងជាសិស្សរបស់លោកម៉ូសេ។ 29យើងដឹងថា ព្រះបានមានព្រះបន្ទូលមកកាន់លោកម៉ូសេមែន តែអ្នកនោះ យើងមិនដឹងថាមកពីណាទេ!» 30បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។ 31យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។ 32តាំងពីដើមរៀងមក មិនដែលឮថា មានអ្នកណាអាចធ្វើឲ្យភ្នែកខ្វាក់ពីកំណើតបានជានោះឡើយ។ 33បើលោកនោះមិនមកពីព្រះ លោកពុំអាចនឹងធ្វើអ្វីបានឡើយ»។ 34គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។
ភាពខ្វាក់ខាងវិញ្ញាណ
35ព្រះយេស៊ូវឮថា គេបានបណ្តេញគាត់ ហើយពេលព្រះអង្គបានជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿដល់កូនមនុស្សឬទេ?»។ 36គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ តើលោកនោះជានរណា? សូមប្រាប់ខ្ញុំផង ដើម្បីឲ្យខ្ញុំបានជឿដល់ព្រះអង្គ»។ 37ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញព្រះអង្គហើយ គឺជាអ្នកដែលកំពុងនិយាយនឹងអ្នកនេះឯង»។ 38គាត់ទូលថា៖ «ខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ រួចគាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។ 39ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីជំនុំជម្រះ ឲ្យអស់អ្នកដែលខ្វាក់បានមើលឃើញ ហើយឲ្យអស់អ្នកដែលមើលឃើញ ត្រឡប់ជាខ្វាក់វិញ»។ 40ពួកផារិស៊ីខ្លះ ដែលឈរក្បែរព្រះអង្គ បានឮពាក្យនោះ ក៏ទូលសួរថា៖ «តើយើងខ្ញុំខ្វាក់ដែរឬ?» 41ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ តែឥឡូវនេះ ដោយអ្នករាល់គ្នាអាងថាខ្លួនមើលឃើញ នោះអ្នករាល់គ្នានៅជាប់មានបាបនៅឡើយ»។
Zur Zeit ausgewählt:
យ៉ូហាន 9: គកស១៦
Markierung
Teilen
Kopieren

Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.
© 2016 United Bible Societies