សេរីភាព 30
30
អាសនៈសម្រាប់ដុតគ្រឿងក្រអូប
1ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។ 2អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។ 3អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញ ត្រូវធ្វើពីមាស។ 4ត្រូវធ្វើកងមាសម្ខាងពីរៗភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ 5ត្រូវធ្វើឈើស្នែងពីរពីឈើនាងនួន ហើយស្រោបមាសផង។ 6ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគំរបហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។ 7រៀងរាល់ព្រឹក ពេលហារូនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។ 8រៀងរាល់ល្ងាច ក្នុងពេលដែលគាត់អុជចង្កៀង គាត់ក៏ត្រូវដុតគ្រឿងក្រអូបដែរ។ គ្រឿងក្រអូបនេះត្រូវតែដុតជូនអុលឡោះតាអាឡា ជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។ 9កុំឲ្យគ្រឿងក្រអូបដែលមិនសក្ការៈ ឬធ្វើគូរបានដុត ជំនូនម្សៅ និងច្រួចស្រាទំពាំងបាយជូរលើអាសនៈនេះឡើយ។ 10មួយឆ្នាំម្តង ហារូនត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ ដោយយកឈាមសត្វដែលធ្វើជាគូរបានលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់បរិសុទ្ធបំផុតនៅចំពោះអុលឡោះតាអាឡា»។
ពន្ធដារសម្រាប់ទីសក្ការៈ
11 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 12«នៅពេលដែលអ្នកជំរឿនប្រជាជនអ៊ីស្រអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ជូនអុលឡោះតាអាឡា ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។ 13អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន ម្នាក់ៗត្រូវបង់ប្រាក់ពីរតម្លឹង តាមទម្ងន់ដែលប្រើក្នុងទីសក្ការៈ គឺស្មើនឹងដប់កេរ៉ា ទុកជាជំនូនជូនអុលឡោះតាអាឡា។ 14អស់អ្នកដែលមានឈ្មោះក្នុងបញ្ជីជំរឿន និងមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវបង់ប្រាក់នេះទុកជាជំនូនជូនអុលឡោះតាអាឡា។ 15ជំនូនដែលត្រូវជូនអុលឡោះតាអាឡានេះ កំណត់ត្រឹមប្រាក់ពីរតម្លឹង។ អ្នកមានមិនត្រូវបង់លើសចំនួន រីឯអ្នកក្រក៏មិនត្រូវបង់តិចជាងដែរ។ 16ពេលអ្នកទទួលប្រាក់ពីកូនចៅអ៊ីស្រអែលហើយ ត្រូវយកប្រាក់នេះទៅប្រើប្រាស់សម្រាប់ការងារក្នុងជំរំជួបអុលឡោះតាអាឡា។ ធ្វើដូច្នេះ អុលឡោះតាអាឡានឹងនឹកដល់កូនចៅអ៊ីស្រអែល ដែលបានលោះជីវិតរបស់ខ្លួន»។
អាងសម្រាប់ពិធីជម្រះកាយ
17 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 18«ចូរធ្វើអាងមួយអំពីលង្ហិន ដាក់នៅលើកំណល់ធ្វើអំពីលង្ហិន សម្រាប់ធ្វើពិធីជម្រះកាយ។ ត្រូវដាក់អាងនោះនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចចាក់ទឹកឲ្យពេញអាង។ 19ហារូន និងកូនប្រុសរបស់គាត់ត្រូវយកទឹកពីក្នុងអាងនោះ សម្រាប់ធ្វើពិធីលាងដៃ និងលាងជើង។ 20មុននឹងចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ពួកគេត្រូវយកទឹកនោះ មកធ្វើពិធីជម្រះកាយជាមុនសិន ដើម្បីកុំឲ្យពួកគេត្រូវស្លាប់។ ពេលចូលទៅកាន់អាសនៈ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ក៏ពួកគេត្រូវធ្វើពិធីជម្រះកាយដែរ។ 21ពួកគេត្រូវតែធ្វើពិធីលាងដៃ និងលាងជើង ដើម្បីកុំឲ្យស្លាប់។ នេះជាហ៊ូកុំដែលហារូន និងពូជពង្សរបស់គាត់ត្រូវអនុវត្តតាមរហូតតទៅ»។
ប្រេងដ៏សក្ការៈ
22 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 23«ចូរយកគ្រឿងក្រអូបដែលមានគុណភាពល្អបំផុត គឺជ័រល្វីងទេសទម្ងន់ដប់ពីរនាល ប្រេងទេព្វិរូប្រាំមួយនាល ប្រេងសម្បុរល្វែងប្រាំមួយនាល 24កំញានដប់ពីរនាល គិតតាមទម្ងន់ដែលប្រើនៅក្នុងទីសក្ការៈ ព្រមទាំងប្រេងអូលីវប្រាំមួយលីត្រទៀតផង។ 25ត្រូវផ្សំគ្រឿងទាំងនោះ ធ្វើជាប្រេងក្រអូប តាមវិធីចម្រាញប្រេងរបស់អ្នកធ្វើទឹកអប់ ដើម្បីប្រើសម្រាប់ធ្វើពិធីលាបប្រេងសក្ការៈ។ 26ត្រូវប្រើប្រេងនោះសម្រាប់លាបជំរំជួបអុលឡោះតាអាឡា និងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា 27តុ និងគ្រឿងបរិក្ខារដែលប្រើប្រាស់ជាមួយតុជើងចង្កៀង និងគ្រឿងបរិក្ខារដែលប្រើជាមួយចង្កៀងអាសនៈដុតគ្រឿងក្រអូប 28អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ ព្រមទាំងអាងទឹក និងកំណល់។ 29ពេលអ្នកលាបប្រេងញែកវត្ថុទាំងនោះជាសក្ការៈ វត្ថុទាំងនោះនឹងបានទៅជាបរិសុទ្ធបំផុត ហើយអ្វីៗដែលមកប៉ះនឹងវត្ថុទាំងនោះ ក៏នឹងទៅជាបរិសុទ្ធដែរ។ 30ចូរយកប្រេងនេះលាបលើហារូន និងកូនប្រុសរបស់គាត់ ញែកពួកគេឲ្យបានបរិសុទ្ធ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ 31ចូរប្រាប់ជនជាតិអ៊ីស្រអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។ 32មិនត្រូវប្រើប្រេងនេះ សម្រាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេង ដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈដែលអ្នករាល់គ្នាត្រូវតែទុកឲ្យនៅជាសក្ការៈរហូត។ 33អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
គ្រឿងក្រអូបដ៏សក្ការៈ
34 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរយកគ្រឿងក្រអូប ដូចជាស្លឹកពុំសែន ខ្លឹមច័ន្ទ កំបូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា 35មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។ 36ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ត ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងជំរំជួបអុលឡោះតាអាឡា ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះ ជាម្សៅសក្ការៈបំផុត។ 37មិនត្រូវផ្សំគ្រឿងក្រអូបសម្រាប់ប្រើប្រាស់ដូចគ្រឿងនេះឡើយ ត្រូវចាត់ទុកគ្រឿងក្រអូបនេះ ជាសក្ការៈជូនអុលឡោះតាអាឡា។
38អ្នកណាផ្សំគ្រឿងក្រអូប ដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
Právě zvoleno:
សេរីភាព 30: អគត
Zvýraznění
Sdílet
Kopírovat
Chceš mít své zvýrazněné verše uložené na všech zařízeních? Zaregistruj se nebo se přihlas
© 2014 United Bible Societies, UK.