កំណើតពិភពលោក 45
45
ណាពីយូសុះបង្ហាញខ្លួនឲ្យបងប្អូនស្គាល់
1ដោយយូសុះពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំវិញគាត់ គាត់ក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលយូសុះបង្ហាញឲ្យបងៗស្គាល់គាត់នោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ 2យូសុះទ្រហោយំយ៉ាងខ្លាំង រហូតដល់ជនជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ស្តេចហ្វៀរ៉អ៊ូនក៏បានឮដែរ។ 3គាត់និយាយទៅបងប្អូនគាត់ថា៖ «ខ្ញុំហ្នឹងហើយជាយូសុះ! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់គាត់រកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញយូសុះនៅនឹងមុខដូច្នេះ។ 4យូសុះនិយាយថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតគាត់។ គាត់និយាយទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយូសុះប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេ នាំយកមកស្រុកអេស៊ីបនេះ។ 5ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្តាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតអុលឡោះបានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។ 6មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។ 7អុលឡោះបានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុកសម្រាប់រក្សាជីវិតបងៗ ឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។ 8ដូច្នេះ ពុំមែនបងៗទេ គឺអុលឡោះវិញទេតើដែលចាត់ប្អូនឲ្យមកទីនេះ ទ្រង់បានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ស្តេចហ្វៀរ៉អ៊ូន គឺឲ្យប្អូនត្រួតត្រា លើវាំងរបស់ស្តេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។ 9សូមបងៗវិលទៅរកឪពុកយើងជាប្រញាប់ ហើយជម្រាបគាត់ថា “យូសុះ ជាកូនលោកឪពុក សូមផ្តាំមកថា អុលឡោះបានតែងតាំងកូនឲ្យធ្វើជាម្ចាស់គ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល ដូច្នេះ សូមលោកឪពុកចុះមករកកូនកុំបង្អង់ឡើយ 10លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែនក្បែរកូន គឺទាំងលោកឪពុក ទាំងកូន ទាំងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ ដែលលោកឪពុកមាននោះផងដែរ។ 11កូននឹងជួយឧបត្ថម្ភលោកឪពុកមិនឲ្យលោកឪពុក និងក្រុមគ្រួសារ ព្រមទាំងហ្វូងសត្វរបស់លោកឪពុក ខ្វះខាតអ្វីឡើយ ដ្បិតនៅមានកើតទុរ្ភិក្សក្នុងរវាងប្រាំឆ្នាំទៀត”។ 12បងៗបានឃើញប្អូនផ្ទាល់នឹងភ្នែក ប្អូនពុនយ៉ាម៉ីនក៏បានឃើញផ្ទាល់នឹងភ្នែកដែរថា គឺពិតជាខ្ញុំហ្នឹងហើយ ដែលកំពុងតែនិយាយជាមួយបងៗ។ 13សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។ 14យូសុះស្ទុះទៅឱបពុនយ៉ាម៉ីន ជាប្អូន រួចយំ រីឯពុនយ៉ាម៉ីនក៏យំឱបយូសុះដែរ។ 15បន្ទាប់មក គាត់ថើបបងៗទាំងអស់ ទាំងយំទៀតផង។ រួចហើយ បងប្អូនគាត់ក៏និយាយសំណេះសំណាលជាមួយគាត់។
16ដំណឹងនេះ បានលេចឮទៅដល់វាំងរបស់ស្តេចហ្វៀរ៉អ៊ូនថា បងប្អូនរបស់យូសុះមកដល់ហើយ ធ្វើឲ្យទាំងស្តេច ទាំងក្រុមមន្ត្រីសប្បាយចិត្ត។ 17ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់យូសុះថា៖ «សុំប្រាប់បងប្អូនរបស់អ្នកថា “ចូរនាំគ្នារៀបចំសត្វពាហនៈចេញដំណើរទៅស្រុកកាណានយ៉ាងប្រញាប់ 18រួចនាំឪពុក និងក្រុមគ្រួសារត្រឡប់មករកយើងវិញ យើងនឹងប្រគល់ដីមួយកន្លែងដ៏ល្អជាងគេ នៅស្រុកអេស៊ីបនេះ ឲ្យអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាបរិភោគភោគផលដ៏ល្អជាងគេ នៅក្នុងស្រុកនេះផង”។ 19សុំអ្នកប្រាប់ពួកគេទៀតថា “ចូរយករទេះពីស្រុកអេស៊ីប ទៅដឹកជញ្ជូនប្រពន្ធកូន និងឪពុកអ្នករាល់គ្នាមកទីនេះ។ 20មិនត្រូវនឹកស្តាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតនៅស្រុកអេស៊ីបអ្នករាល់គ្នានឹងបានកន្លែងដ៏ល្អជាងគេ”»។ 21កូនៗរបស់អ៊ីស្រអែល នាំគ្នាធ្វើតាមពាក្យនេះ។ យូសុះយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន ហើយគាត់ក៏ឲ្យស្បៀងអាហារគេសម្រាប់បរិភោគតាមផ្លូវដែរ។ 22គាត់បានយកសម្លៀកបំពាក់មកឲ្យបងៗទាំងអស់គ្នា។ រីឯពុនយ៉ាម៉ីនវិញ គាត់ឲ្យប្រាក់សុទ្ធប្រមាណកៅសិបតម្លឹង និងឲ្យសម្លៀកបំពាក់ប្រាំបន្លាស់។ 23គាត់ក៏ផ្ញើលាឈ្មោលដប់ក្បាល ដែលមានផ្ទុកភោគផលដ៏ល្អបំផុតនៅស្រុកអេស៊ីប ព្រមទាំងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងស្បៀងអាហារផ្សេងៗទៅជូនឪពុករបស់គាត់ទុកសម្រាប់ធ្វើដំណើរមក។ 24រួចហើយ គាត់ឲ្យបងប្អូនចេញដំណើរទៅ ទាំងផ្តាំថា៖ «កុំឈ្លោះប្រកែកគ្នានៅតាមផ្លូវឡើយ»។
25ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបយ៉ាកកូប ជាឪពុក នៅស្រុកកាណានវិញ។ 26គេនាំគ្នាជម្រាបយ៉ាកកូបថា៖ «យូសុះនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ យ៉ាកកូបមិនរំភើបចិត្តសោះ ព្រោះគាត់មិនជឿសំដីរបស់ពួកគេទេ។ 27ពួកគេក៏ជម្រាបជូននូវសេចក្តីទាំងប៉ុន្មានដែលយូសុះបានផ្តាំមក។ ពេលឃើញរទេះដែលយូសុះបញ្ជូនមក ដើម្បីដឹកគាត់ទៅស្រុកអេស៊ីប យ៉ាកកូប ជាឪពុកក៏ភ្ញាក់ស្មារតីឡើងវិញ 28ហើយនិយាយថា៖ «បានហើយ ពុកជឿ! យូសុះកូនប្រុសឪពុកនៅរស់នៅឡើយ! ពុកចង់ទៅជួបមុខវា មុននឹងពុកលាចាកលោកនេះ»។
S'ha seleccionat:
កំណើតពិភពលោក 45: អគត
Subratllat
Comparteix
Copia

Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
© 2014 United Bible Societies, UK.