ណាពីហាបាគូក 1
1
1នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
ណាពីហាបាគូកទូរអាសួរអុលឡោះ
2 អុលឡោះតាអាឡាជាម្ចាស់អើយ តើខ្ញុំត្រូវស្រែកអង្វរ
ទ្រង់ដល់កាលណាទៀត
បើទ្រង់មិនស្ដាប់ខ្ញុំដូច្នេះ?
ខ្ញុំស្រែកអង្វរទ្រង់ស្តីអំពី
អំពើឃោរឃៅដែលពួកគេប្រព្រឹត្ត
ម្ដេចក៏ទ្រង់មិនសង្គ្រោះយើងខ្ញុំ?
3ហេតុអ្វីបានជាទ្រង់ឲ្យខ្ញុំ
ឃើញតែអំពើអាក្រក់
ហេតុអ្វីបានជាទ្រង់ឃើញការសង្កត់សង្កិន
ហើយនៅស្ងៀមដូច្នេះ?
នៅជុំវិញខ្ញុំ មានតែការលួចប្លន់
អំពើឃោរឃៅ
និងការប្ដឹងផ្តល់ ទាស់ទែងគ្នា។
4គ្មាននរណាគោរពហ៊ូកុំ រីឯយុត្តិធម៌
ក៏គ្មាននរណាធ្វើតាមដែរ
មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត
ចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
ចម្លើយរបស់អុលឡោះ
5«ចូរក្រឡេកមើលប្រជាជាតិនានា
ហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ!
ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ។
6មើល៍! យើងនឹងនាំជនជាតិខាល់ដេមក
ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត!
ពួកគេដើរកាត់ផែនដីទាំងមូល
ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាច
និងភ័យញ័រ ពួកគេបង្កើតច្បាប់
និងសិទ្ធិអំណាចខ្លួនឯង។
8សេះរបស់ពួកគេបោលលឿនជាងខ្លារខិន
ហើយពូកែជាងចចកដែលរកស៊ី
នៅពេលព្រលប់ទៅទៀត។
កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយ
ដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9ពួកគេនាំគ្នាមក ដើម្បីកំទេចបំផ្លាញ
ទឹកមុខរបស់ពួកគេសាហាវណាស់
ពួកគេចាប់បានឈ្លើយសឹក
ដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10ពួកគេប្រមាថមាក់ងាយស្ដេចនានា
ចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។
ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយ
គឺពួកគេគ្រាន់តែលើកទួលឡើង
ហើយវាយយកបានទាំងអស់។
11ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខ
ដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋ
ពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាម្ចាស់របស់ខ្លួន»។
ណាពីហាបាគូកទូរអាសួរអុលឡោះសាជាថ្មី
12 អុលឡោះតាអាឡាអើយ!
ទ្រង់នៅតាំងពីដើមរៀងមក
ទ្រង់ជាម្ចាស់នៃខ្ញុំ ជាម្ចាស់ដ៏វិសុទ្ធ
យើងខ្ញុំនឹងមិនស្លាប់ទេ!
អុលឡោះតាអាឡា ដែលជាថ្មដានៃខ្ញុំអើយ
ទ្រង់បានតែងតាំងខ្មាំងសត្រូវ
ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ
ទ្រង់ពង្រឹងកម្លាំងពួកគេ
ដើម្បីវាយប្រដៅយើងខ្ញុំ។
13ភ្នែករបស់ទ្រង់បរិសុទ្ធពេក
ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ
ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។
ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់
ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ
ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល
សុចរិតជាងខ្លួន?
14ទ្រង់ចាត់ទុកមនុស្សលោក
ដូចត្រីនៅក្នុងសមុទ្រ
ឬដូចសត្វលូនវារដែលគ្មានមេកើយ។
15ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់
ដូចត្រីជាប់សន្ទូច និងជាប់អួន។
ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅ
ទាំងមានអំណរសប្បាយដ៏លើសលប់។
16ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេ
និងច្រួចទឹកអប់សែនសំណាញ់របស់គេ
ព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌
ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17តើដល់ពេលណាទើបពួកគេឈប់ហូតដាវ
ប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តា
បែបនេះ?
Цяпер абрана:
ណាពីហាបាគូក 1: អគត
Пазнака
Падзяліцца
Капіяваць
Хочаце, каб вашыя адзнакі былі захаваны на ўсіх вашых прыладах? Зарэгіструйцеся або ўвайдзіце
© 2014 United Bible Societies, UK.